(ភ្នំពេញ)៖ ក្រោយពីវិមានឈ្នះ​-ឈ្នះ បានចាប់ផ្តើមប្រសូត្រចេញជារូបរាង នឹងត្រូវដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូខាងមុខនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ និងមហាជនទូទៅ។

ជាក់ស្តែងគូស្នេហ៍មួយគូ ដែលនឹងត្រូវរៀបអាពាហ៍ពិពាហ៍ គាត់បានទៅថតជាអនុស្សាវរីយ៍មុនអាពាហ៍ពិពាហ៍ ឬហៅថា Pre-wedding នៅទីតាំងវិមានឈ្នះ-ឈ្នះ ដែលបញ្ជាក់ឲ្យឃើញថា ពួកគាត់មានការចាប់អារម្មណ៍ ពាក់ព័ន្ធនឹងវិមានឈ្នះ-ឈ្នះនេះតែម្តង។

សូមជម្រាប វិមានឈ្នះ-ឈ្នះ ដែលជានិម្មិតរូបនៃសុខសន្តិភាពកម្ពុជា និងជាតឹងតាងលេចចេញពីនយោបាយឈ្នះ-ឈ្នះ នឹងសម្ពោធជាផ្លូវការដ៏ធំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ។

វិមានឈ្នះ-ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ការសាងសង់វិមានឈ្នះ-ឈ្នះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀតវិមាននេះ ក៏ជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិល ដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍កន្លងមក។

កាលពីថ្មីៗនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសជាធារណៈថា សម្តេចនឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំ រយៈពេល៣យប់៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ នៅវិមានឈ្នះ-ឈ្នះ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមនយោបាយឈ្នះ-ឈ្នះ ដោយទទួលបានឯកភាពទឹកដី ជាលើកដំបូង៕