(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Facebook ផ្លូវការរបស់សម្តេច នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាថ្ងៃចុងក្រោយនៃ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជួយសម្រួលចរាចរណ៍ និងថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ឲ្យបានល្អ ដើម្បីឲ្យបងប្អូនជនរួមជាតិ និងភ្ញៀវអន្តរជាតិ ដែលមកកម្សាន្តសប្បាយ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់យ៉ាងដូច្នេះថា «សូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ជួយសម្រួលចរាចរណ៍ និងថែរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់អោយបានល្អ ដើម្បីបងប្អូនជនរួមជាតិ និងទេសចរអន្តរជាតិបានសប្បាយរីករាយនៅក្នុងថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូកទាំងអស់គ្នា»។

ជាមួយគ្នានេះ សម្តេចតេជោក៏បានបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញដង្ហែរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលព្រះអង្គនឹងយាងទតព្រះរាជពិធីបុណ្យអុំទូក បណ្តែប្រទីប និងបាញ់កាំជ្រួចនារាត្រីយប់ថ្ងៃចុងក្រោយនេះផងដែរ។

សម្តេចតេជោ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមទស្សនាការប្រណាំងទូកង នៅមាត់ទន្លេមុខព្រះបរមរាជវាំង នៅថ្ងៃចុងក្រោយនេះ ឲ្យបានច្រើនកុះករទាំងអស់គ្នា៕