(បាត់ដំបង)៖ បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូ១គ្រឿង បើកបរក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តគេចតឈប់ទុកចោល ចំពីក្រោយបណ្តាលឲ្យស្លាប់ខ្លួនឯង។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦៖០០នាទី ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្រុមទី៧ ចន្លោះគីឡូម៉ែត្រលេខ ២៣+២៥ ភូមិគរ ឃុំស្នឹង ស្រុកបាណន់។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរ រវាងម៉ូតូនិងរថយន្ត លើផ្លូវលេខ៥៧ ចំណុចក្រុមទី៧ ចន្លោះគីឡូម៉ែត្រលេខ23+24 ភូមិគរ ឃុំស្នឹង ស្រុកបាណន់ គឺម៉ូតូសង់កូរ៉េស៊េរីចាស់ អត់កញ្ចក់ ពាក់ផ្លាកលេខ គ-2581បប1 បើកបរដោយឈ្មោះ សែម ទុំ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិស្នឹងលិច ឃុំស្នឹង។ ជនរងគ្រោះ បានជិះមកចូលគូថរថយន្ត កំពុងឈប់ពីក្រោយផ្នែកខាងឆ្វេង បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

ដោយឡែក រថយន្តម៉ាកហីយិនដាយ (HYUNDAI)​ មានពណ៌ទ្រុងខៀវ ក្បាលស ពាក់ផ្លាកលេខកំពង់ចាម 3A-4423 អ្នកបើកបរមិនស្គាល់ឈ្មោះ បានរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នសព ត្រូវបានក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន។ ចំណែករថយន្ត និងម៉ូតូខាងនគរបាលចរាចរណ៍ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត៕