(សៀមរាប)៖ ខេត្តសៀមរាប បន្ទាប់ពីដំណើរការព្រះរាជពិធីបុណ្យអុំទូករយៈពេល២ថ្ងៃចប់ដោយរលូត និងមានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាង៣៣ម៉ឺននាក់ចូលរួមនោះ នៅវេលាម៉ោង៨យប់ ថ្ងៃទី២២ ខែវិច្ឆិកា រហូតឈានដល់យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា បានរៀបចំពិធីសំពះព្រះខែ និងអកអំបុក បន្ដទៀតផងដែរ។

ក្នុងពិធីនេះ ដឹកនាំដោយ​លោក​ អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ដោយមានការចូលរួមពី​ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងលោក លោកស្រី អ្នកនាង កញ្ញា ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ក្រុង ស្រុក វិស័យឯកជន អង្គការ សមាគម ភ្ញៀវជាតិ អន្តរជាតិ​ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា ពិធីបុណ្យនេះ ក៏ដើម្បីរំលឹកនឹកគុណ ព្រះគង្គាដែលបានផ្តល់ភាពត្រជាក់ត្រជុំ សម្រាប់ភាពសុខក្សេមក្សាន្តដល់ប្រជានុរាស្រ្ត ដើម្បីកសាងជីវភាពក្រុមគ្រួសារ ក្នុងការរស់នៅប្រកបដោយសុភមង្គល និងការហូរនាំនូវដីល្បាប់ ដ៏មានជីវជាតិស្រោចស្រពតំបន់ទំនាបកណ្តាល និង​ផ្នែកខាងក្រោម បង្កលក្ខណៈឲ្យសកម្មភាពកសិកម្ម ផលិកម្មគ្រប់ប្រភេទរបស់ប្រជាកសិករខ្មែរប្រកបដោយទិន្នផលខ្ពស់ ដើម្បីបំពេញសេចក្តីត្រូវការប្រចាំថ្ងៃ និង​ពិសេសជាឃ្លាំងស្បៀងដ៏សំខាន់មួយរបស់ជាតិ។

ពិធីនេះក៏ជាការបួងសួង សុំខមាលទោសដល់អារុក្ខ អារក្សអ្នកតា ម្ចាស់ទឹក ម្ចាស់ដីទាំងអស់ ចំពោះអំពើមិនសមរម្យរបស់កូនចៅ និងប្រជាជនទាំងអស់ ដែលបានរស់នៅ ហើយបានបោះចោលនូវភាពស្មោគគ្រោកពេញមួយឆ្នាំ ទៅលើលោកដែលជាម្ចាស់ទឹកម្ចាស់ដីកុំឲ្យមានការខឹងសម្បារ ដល់ភាពមិនគប្បី របស់កូនចៅទាំងនោះ ហើយផ្ទុយទៅវិញក៏សូមឲ្យអារុក្ខអារក្ស អ្នកតា ម្ចាស់ទឹក ម្ចាស់ដីទាំងអស់ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ សុភមងុ្គល ភាពរីកចម្រើនរុងរឿង ត្រជាក់ត្រជុំដល់កូនចៅដែលកំពុង តែរស់នៅជានិច្ចនិរន្តតទៅ។

បើតាមការលើកឡើងរបស់លោកអភិបាលខេត្ត ​​ពិធីបុណ្យប្រពៃណីនេះរីកចម្រើននៅក្នុងសង្គមខ្មែរ ពីព្រោះឥទ្ធិពល នៃព្រះពុទ្ធសាសនា បានចាក់រឹសយ៉ាងជ្រៅ នៅក្នុងព្រលឹងរបស់ ប្រជាជាតិទាំងមូល ដែលតែងតែគោរពបូជាដល់ព្រះសម្មា-សម្ពុទ្ធជាម្ចាស់នៃយើងជារៀងរហូតមក។ ពិធីសំពះព្រះខែ និងអកអំបុក ត្រូវបានប្រជារាស្ត្រខ្មែរទូទាំង ប្រទេសនាពេលបច្ចុប្បន្ន រួមទាំងខេត្តសៀមរាបផង បានអនុវត្តបន្ត ពីបុព្វការីរបស់ខ្លួនពុំមានល្អៀងសោះឡើយ ដែលនេះជាការបញ្ជាក់ អំពីទឹកចិត្តស្រឡាញ់គោរព និងការអភិរក្សសម្បត្តិបេតិកភណ្ឌអរូបីយ ការលើកកម្ពស់ប្រពៃណីទំនៀមទំលាប់ខ្មែរ ដ៏ល្អផូរផង់ ឲ្យបានគង់វង្ស ស្ថិតស្ថិរ សម្រាប់បច្ចុប្បន្ន និងតទៅអនាគត។

ជាសក្ខីភាពជាក់ស្តែង សម្រាប់ខេត្តសៀមរាប ដែលយើងទាំងអស់គ្នាកំពុងតែជួបជុំដើម្បីប្រារព្ធពិធីសំពះព្រះខែ និងអកអំបុក នេះឡើង ដើម្បីជាតឹកតាងក្នុងគោលបំណងសំខាន់ៗ រួមមាន៖ ការអភិរក្សឲ្យបានល្អនូវប្រពៃណីទំនៀមទំលាប់របស់ខ្មែរកុំឲ្យបាត់បង់ ដើម្បីជាការរក្សានូវតម្លៃ អត្តសញ្ញាណជាតិឲ្យបានគង់វង្ស, ផ្សព្វផ្សាយនូវសម្បត្តិវប្បធម៌របស់ជាតិយើង ឲ្យកូនចៅខ្មែរគ្រប់ជំនាន់បានយល់ចងចាំ នៅក្នុងសន្តានចិត្ត ដើម្បីបណ្តុះនូវឧត្តមគតិមនសិការជាតិ ពិសេសបង្ហាញឲ្យទេសចរបរទេសទាំងឡាយបានទទួលស្គាល់នូវភាពសំបូរបែប នៃប្រពៃណីទំនៀមទំលាប់ របស់ខ្មែរយើង, ​ជាការបង្កើតនូវព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត ដែលជាការជួយទាក់ទាញភ្ញៀវទេសចរគ្រប់ទិស មកទស្សនាខេត្តសៀមរាប ទឹកដីអច្ឆរិយៈ កាន់តែមានចំនួនកើនឡើងជាបន្តបន្ទាប់​ និងជាការបង្កើតនូវបរិយាកាសសប្បាយរីករាយជូនដល់ បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គ្រាន់បានទស្សនាកំសាន្ត និងស្វែងយល់ពីរបៀបរៀបចំ និងពីអត្ថន័យខ្លឹមសារនៃពិធីនេះ។

​ក្នុងនាមគណៈកម្មការកណ្តាលរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងក្នុងនាមលោកផ្ទាល់ បាន​ថ្លែងអំណរគុណដល់គ្រប់អនុគណៈកម្មការ និងក្រុមការងារទាំងអស់ ពិសេសអនុគណៈកម្មការរៀបចំពិធី សំពះព្រះខែ អកអំបុក និងកម្មវិធីសិល្បៈដែលបានខិតខំប្រឹងប្រែងរៀបចំពិធីនារាត្រីនេះឲ្យប្រព្រឹត្តទៅបានរលូន និងអធិកអធមជាទីបំផុត។

ឆ្លៀតឱកាសនេះផងដែរ លោកក៏បាន​អរគុណដល់​អស់លោក លោកស្រី ដែលបានចូលរួមជួយឧបត្ថម្ភគាំទ្រ ទាំងថវិកា និងសម្ភារ ព្រមទាំងគ្រឿងឧបភោគ បរិភោគ ជូនដល់គណៈកម្មការរៀបចំពិធីបុណ្យ ក៏ដូចជាជួយដល់កីឡាករ កីឡាការិនី សិល្បករ សិល្បការិនីទាំងអស់ ធ្វើឲ្យកម្មវិធីរបស់យើង ដំណើរការបានយ៉ាងល្អប្រសើរឧត្តុង្គឧត្តម៕