(ភ្នំពេញ)៖ តាមប្រពៃណីទំនៀមទម្លាប់របស់ប្រជាជាតិខ្មែរ ជារៀងរាល់ឆ្នាំ នៅរាត្រីពេញបូណ៌មីថ្ងៃ១៥កើត ខែកក្តិក ប្រជាខេមរាប្រុសស្រីតែងតែប្រារព្ធពិធីសំពះព្រះខែ និងអកអំបុក នៅតាមទីវត្តអារាមទូទាំងប្រទេស ហើយនៅក្នុងឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករា ២៥៦២ ត្រូវនឹងគ្រិស្ដសករាជ ២០១៨នេះ ពិធីបុណ្យសំពះព្រះខែ និងអកអំបុក ប្រារព្ធធ្វើឡើងចំរាត្រីថ្ងៃទី២២ ខែវិច្ឆិកា (វេលាម៉ោង១២យប់រៀងរាល់ឆ្នាំ)។

ជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំពិធីប្រពៃណីមួយនេះយ៉ាងឱឡារិកផងដែរ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលត្រូវបានចាត់ទុកថាជាចំណុចកណ្ដាលនៃរាជធានីភ្នំពេញតែម្ដង។ ពិធីបុណ្យប្រពៃណីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានៅភ្នំពេញ និងលោកស្រី, លោក ម៉ប សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងអភិបាលរងរាជធានី និងអភិបាលខណ្ឌទាំង១២ រួមជាមួយមន្ត្រីរាជការ អាជ្ញាធរដែនដី មន្ទីរ-អង្គភាពជុំវិញរាជធានីភ្នំពេញផងដែរ។

បើតាមប្រពៃណីទំនៀមទម្លាប់របស់បុព្វបុរសខ្មែរ ពិធីនេះប្រារព្ធធ្វើឡើងដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនពីបារមីវត្ថុស័ក្តិសិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ សូមឱ្យជួបប្រទះតែនឹងសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការប្រារព្ធពិធីនេះឡើង ក៏ដើម្បីរួមចំណែកថែរក្សាប្រពៃណីទំនៀមទម្លាប់ជាតិ ឱ្យនៅគង់វង្សតរៀងទៅផងដែរ។

* ប្រវត្តិសង្ខេបនៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក៖ តាមគម្ពីរបរមត្ថទីបនី អដ្ឋកថា ចរិយាបិដក ភាសាបាលី មានចែងថា «ក្នុងដើមភទ្ទកប្បនេះ ព្រះបរមពោធិសត្វនៃយើង ទ្រង់យកកំណើតជា សសបណ្ឌិត (សាក់សាក់ បណ្ឌិត) កំណើតជាទន្សោយ។ នៅថ្ងៃពេញបរមីមួយ សសបណ្ឌិត បានអធិដ្ឋានឧបោសថសីល ហើយឧទ្ទិសមំសៈជាទានបរិមត្ថបារមី ដើម្បីបំពេញពោធិសម្ភារៈឱ្យបានត្រាស់ដឹងជាព្រះពុទ្ធ។ ព្រះឥន្ទ្រទ្រង់ជ្រាបហេតុការណ៍នោះ ក៏ទ្រង់ក្រឡាខ្លួនជាព្រាហ្មណ៍ចាស់មកសុំសសបណ្ឌិតជាអាហារ។ សសបណ្ឌិតពោធិសត្វ បានឱ្យព្រាហ្មចាស់នោះបង្កាត់ភ្លើងភ្នក់ ហើយក្នុងពេលដែលភ្លើងកំពុងឆេះសន្ធោសន្ធៅ សសបណ្ឌិតក៏រលាស់ខ្លួន៣ដង ដើម្បីឱ្យសត្វល្អិតដែលជាប់នៅនឹងរោមជ្រុះចេញ រួចក៏លោតចូលទៅក្នុងភ្នក់ភ្លើងភ្លាម។ អស្ចារ្យណាស់ ភ្លើងនោះពុំបានឆេះសសបណ្ឌិតសោះ ឥន្ទ្រព្រាហ្មបានស្ទុះទៅពរព្រះពោធិសត្វឡើងទៅដល់មណ្ឌលព្រះចន្ទ ហើយទ្រង់យកម្នាងសិលាគូររូបទន្សាយ ហើយឥន្ទ្រព្រាហ្មណ៍បានអធិដ្ឋានថា សូមឱ្យរូបទន្សាយពោធិសត្វ ដែលយើងគូរនេះនៅជាប់រហូតដល់ទីបំផុតកប្ប»។

ដោយអានុភាពទានបរមត្ថបារមី នៃព្រះពោធិសត្វផង និងសេចក្តីអធិដ្ឋានរបស់ព្រះឥន្ទ្រផង រូបទន្សាយក៏ឃើញប្រាកដក្នុងមណ្ឌលព្រះចន្ទដរាបដល់សព្វថ្ងៃ។ ដោយជឿតាមរឿងនេះផង ហើយរូបទន្សាយក៏ឃើញប្រាកដនៅវេលាយប់ពេញបូណ៌មី ខែកក្តិក រៀងរាល់ឆ្នាំងផង ប្រជានុរាស្ត្រខ្មែរតែងយកនំចំណី មានអំបុក ចេក ដូងជាដើម មកបូជាព្រះចន្ទតរៀងមក ទើបហៅថាពិធីនេះថា «ពិធីបុណ្យសំពះព្រះខែ និងអកអំបុក»៕