(ភ្នំពេញ)៖ ភ្ញៀវទេសចរអន្តរជាតិដែលបានចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ នៅលើវេទិការបស់ក្រសួងទេសចរណ៍ នាថ្ងៃទីពីរនេះ មានការកើនឡើងជាងថ្ងៃម្សិលមិញ ពោលគឺមានចំនួនដល់ទៅជាង ៤,០០០នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ដូចជរៀងរាល់ឆ្នាំ ដោយបានការអនុញ្ញត្តិពីគណកម្មការរៀបចំបុណ្យជាតិ អន្តរជាតិ ក្រសួងទេសចរណ៍បានរៀបចំវេទិការទទួលទេសចរអន្តរជាតិជារៀងរាល់ឆ្នាំ ។ភ្ញៀវទេសចរបរទេសពិតជាមានការពេញចិត្តយ៉ាងខ្លាំងចំពោះការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ ហើយពួកគេបានបញ្ជាក់ថា ពួកគេនឹងពាំនាំទិដ្ឋភាពដ៏អស្ចារ្យនាឱកាសនេះ ទៅផ្សព្វផ្សាយប្រាប់សាច់ញាតិ ក៏ដូចជាមិត្តភក្តិរបស់ខ្លួន ឱ្យបានយល់ច្បាស់ពីសភាពការណ៍ពិតក្នុងប្រទេសកម្ពុជា ដែលពោរពេញទៅដោយសន្តិភាព សន្តិសុខ ស្ថិរភាព និងផលិតផលទេសចរណ៍ល្អៗជាច្រើនសម្បូរបែប។

ក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអង្គភាពព័ត៌មាន Fresh News លោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា ភ្ញៀវបរទេសដែលបានចូលរួមទស្សនានៅលើវេទិការបស់ក្រសួងទេសចរណ៍ នាថ្ងៃទីពីរនេះ មានដូចជាភ្ញៀវជនជាតិបារាំង អង់គ្លេស ប៉ូឡូញ រុស្ស៊ី អេស្បាញ អាល្លឺម៉ង់ អាមេរិក ចិន កូរ៉េ ជប៉ុន ឥណ្ឌា វៀតណាម ហើយក៏មានភ្ញៀវមកពីប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា និងមកពីតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

លោក គុជ បញ្ញាសា បានបន្តថា ដូចតែរៀងរាល់ឆ្នាំដែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក នាឆ្នាំ២០១៨នេះ នៅលើវេទិកាទេសចរណ៍ដ៏ធំនេះ ក្រសួងទេសចរណ៍មានរៀបចំបម្រើសេវាកម្មទឹកបរិសុទ្ធ និងភេសជ្ជៈនានាដោយឥតគិតថ្លៃ ហើយមានការបកប្រែជាបីភាសា ទាំងផ្ទាល់មាត់ផង និងឧបករណ៍ស្ដាប់នឹងត្រចៀកផង (កាស) ជូនភ្ញៀវបរទេស ដូចជាភាសាអង់គ្លេស ភាសាបារាំង និងភាសាចិន។ ភ្ញៀវទេសចរក៏ទទួលបាននូវឯកសារផ្សព្វផ្សាយស្ដីពីទេសចរណ៍ និងសម្ភារផ្សព្វផ្សាយមួយចំនួនទៀតផងដែរ។

លោកអនុរដ្ឋលេខាធិករបានបញ្ជាក់បន្ថែមថា ជាទិដ្ឋភាពជាក់ស្ដែង ឃើញថាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចូលរួមទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ មានភាពសប្បាយរីករាយ ទឹកមុខញញឹមស្រស់ស្រាយគ្រប់គ្នា ហើយនៅល្ងាចមិញនេះមានភ្ញៀវចេញចូលអង្គុយទស្សនាយ៉ាងច្រើន រហូតគ្មានកន្លែងទំនេរច្រើនជាងម្សិលមិញ។

មិនត្រឹមតែប៉ុណ្ណោះ ភ្ញៀវទេសចរបរទេសទាំងនោះ ក៏បានមើលឃើញនូវទិដ្ឋភាពផ្ទាល់ភ្នែកមួយទៀតនៅក្នុងប្រទេសកម្ពុជា គីការប្រារព្ធពិធីបុណ្យវប្បធម៌ប្រពៃណី ជាតិដ៏មហាអស្ចារ្យនេះដែលមានការចូលរួមរបស់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ប្រកបដោយសុវត្តិភាព និងភាពរីករាយក្រៃលែង។ ពួកគាត់បាននិយាយថា នេះគឺសបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាពិតជាមានសុខសន្តិភាព ស្ថិរភាពពេញលេញ មានការអភិវឌ្ឍសម្បូរសប្បាយពិតមែន។ ទិដ្ឋភាពដ៏មហោស្ចារ្យនៃព្រះពិធីបុណ្យអុំទូកនេះ មិនដែលមានឡើយនៅក្នុងប្រទេសរបស់ពួកគេ។

គួររឭកថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ត្រូវបានអាស៊ានទទួលស្គាល់ និងគោរពកោតសរសើរ ហើយបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយរបស់អាស៊ានផងដែរ៕