(ភ្នំពេញ)៖ ក្នុងគោលបំណងធានាសុវត្ថិភាពចំណីអាហារជូនបង​ប្អូនប្រជាពលរដ្ឋ ក៏ដូចជាកីឡាករទូក ដែលអញ្ជើញមកចូលរួមកម្សាន្ដក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញ ពីថ្ងៃទី២១ ដល់២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ​ដោយបានការឯកភាពពីគណៈកម្មាធិការជាតិ រៀបចំពិធីបុណ្យជាតិ-អន្តរជាតិ បានចាត់តាំងឲ្យសាខាកាំកុងត្រូលទាំងអស់ក្នុងរាជធានីភ្នំពេញ ចុះទៅអង្កេត​ពិនិត្យទំនិញ ពិសេសចំណីអាហារដែលដាក់តាំងលក់ក្នុងបរិវេណ និងជុំវិញកន្លែងប្រារព្ធព្រះរាជពិធី ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែទទួលបាននូវភាពកក់ក្តៅ ក្នុងការទទួលទាន និងទទួលបានសុខភាពល្អ។

ជាក់ស្តែងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលទាំងអស់ក្នុងរាជធានីភ្នំពេញ បានបន្តសហការគ្នាចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ តាមគោលដៅរបស់ខ្លួន ដែលបានកំណត់ជាបន្តទៀត។

ដោយឡែកនាថ្ងៃទីពី​រ នៃព្រះរាជពិធីនេះ មន្រ្តីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ទទួលចុះពិនិត្យទំនិញជាចំណីអាហារ និងភេសជ្ជ​ពីមុខបរិវេណវត្តបុទុមវតី រហូតដល់បរិវេណផ្សាររាត្រី ផ្សារចាស់ ដោយបន្តមានវត្តមានរបស់មន្រ្តីជំនាញ នៃមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល និងមន្ទីរពាណិជ្ជកម្មរាជធានីផងដែរ។

ការត្រួតពិនិត្យនេះ គឺសំដៅពិនិត្យទៅលើអនាម័យ ស្លាកសញ្ញាផលិតផល ថ្ងៃផុតកំណត់រយៈពេលប្រើប្រាស់ និងសារធាតុគីមីហាមឃាត់ ដែលប្រើប្រាស់លើផលិតផលចំណីអាហារទាំងនោះ។ល។ ហើយជាលទ្ធផល នៃការពិនិត្យក្នុងចំណោម២៤គំរូ រកឃើញមាន៦គំរូជាត្រីបបែលងៀត មានសារធាតុគីមីហាមឃាត់ប៉ូរាក់ ហើយត្រូវបានក្រុមការងារធ្វើកំណត់ហេតុដកហូតបាន​២.៦០គីឡូក្រាម ដើម្បីកម្ទេចចោល។

ទន្ទឹមនេះមន្រ្តីកាំកុងត្រូល ក៏បានចែកផ្សាយនូវផ្ទាំងរូបភាព Poster និងបានណែនាំឲ្យ​អាជីវករ អ្នកលក់ដូរ និងប្រជាពលរដ្ឋ សូមមេត្តាពិនិត្យមើលលក្ខណៈ អនាម័យ ភាពសមស្របនៃការដាក់តាំងលក់ ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុពុល និងចំណីអាហារ ហើយមិនត្រូវដាក់តាំង លក់ផលិតផលភេសជ្ជ ត្រូវកំដៅថ្ងៃ និងហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ ឬទំនិញដែលមានសារធាតុគីមីហាមឃាត់ យកមកលក់​ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាព​របស់អ្នកទទួលទានឡើយ៕​