(កំពង់ឆ្នាំង)៖ នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨នេះ លោក ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយលោក នាក់ ដាង អនុរដ្ឋលេខាធិការ និងមន្ត្រីបច្ចេកទេសរបស់ក្រសួង ព្រមទាំង​​ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ចុះពិនិត្យស្ថានភាពទឹក ការងារបង្កបង្កើនផលស្រូវវស្សា ឆ្នាំ​២០១៨ និងការងារបង្កបង្កើនផលស្រូវប្រាំង ២០១៨-២០១៩ នៅក្នុងខេត្តកំពង់ឆ្នាំង។

សម្រាប់ខេត្តកំពង់ឆ្នាំង ការអនុវត្តការងារបង្កបង្កើនផលស្រូវវស្សា សម្រេចបានលើផ្ទៃដីចំនួន​១២១.៦០៧​ហិកតា គឺលើសផែនការប្រមាណជាង​១២.០០០​ហិកតា ក្នុងនោះ ច្រូតកាត់បានប្រមាណ ៥​%, ទុំស្លាបសេក និងឈានទៅច្រូតកាត់បណ្តើរៗ មានប្រមាណ​៧១% និងស្រូវធ្ងន់ ស្រូវចុងរដូវ មានប្រមាណ​២៤%​កំពុងធ្វើខ្លួន និងចេញផ្កាជាបណ្តើរៗ មិនមានបញ្ហាខ្វះខាតទឹកទេ​។ ដោយឡែក ចំពោះស្រូវប្រាំងវិញ ខេត្តមានផែនការផលិតលើផ្ទៃដីចំនួន ២៩.៥០០​ហិកតា ដែលមកដល់ពេលនេះ ក៏អនុវត្តបានប្រមាណ​១០%​ហើយដែរ។

ក្នុងដំណើរបេសកកម្មនោះ ក្រុមការងារ ក៏បានចុះពិនិត្យការអន្តរាគមន៍ បិទធ្នួសកាត់ស្ទឹងអូរឫស្សី ដើម្បីទប់បញ្ចាល់ទឹកស្ទឹងនេះ ទៅស្រោចស្រពដំណាំស្រូវ របស់កសិករ ប្រមាណ​១៨០​ហិកតា នៅក្នុងភូមិរការ ភូមិទួលធ្លក និងភូមិកាន់យ៉ូ ឃុំមេលំ ស្រុកបរិបូណ៍​ផងដែរ​។

សូមបញ្ជាក់​ថា ការអន្តរាគមន៍បិទធ្នួសដើម្បីទប់បញ្ចាល់ទឹកនេះ គឺជាវិធានការបណ្តោះអាសន្នប៉ុណ្ណោះ នាពេលខាងមុខ មន្ទីរនឹងធ្វើការសិក្សា​ដើម្បីឈានទៅសាងសង់ នូវសំណង់រឹងមាំជាយុទ្ធសាស្ត្រមួយ សម្រាប់បំពេញសេចក្តីត្រូវការរបស់បងប្អូនប្រជាកសិករ៕