(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ម៉ុញ សច្ចៈ, លោក នាក់ ដាង រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម, លោក ប្រាក់ ប៊ុណ្ណា អនុប្រធាននាយកដ្ឋានគ្រប់គ្រង និងអភិរក្សធនធានទឹក និងលោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង បានចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើតផលស្រូវវស្សាឆ្នាំ២០១៨ និងត្រៀមលក្ខណៈស្រូវប្រាំង ឆ្នាំ២០១៨+ឆ្នាំ២០១៩ នៅអូរឬស្សីសាច់ ស្លិតក្នុងឃុំមេលំ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង។

លោក ដោក ប៊ុនថុន បានប្រាប់ឲ្យដឹងថា សម្រាប់ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០១៨នេះ បើតាមផែនការផ្ទៃដី ១០៩។៥០០ហិកតា អនុវត្តន៍បាន ១២.១៦០៧ហិកតា។ ច្រូតកាត់ស្រូវកណ្ដាលបានសរុបស្មើ ១០% នៃផ្ទៃដីអនុវត្តន៍, ស្រូវទុំស្លាបសេកនិងឈានទៅច្រូតបណ្ដើៗ ៧១%, ស្រូវធ្ងន់និងស្រូវចុងរដូវ ២៣%, កំពុងធ្វើខ្លួននិងចេញផ្កាបណ្ដើរៗ បើយោងតាមស្ថានភាព អាចដំណើរការចប់ចុងដើម ១០០% ។

បើតាមប្រធានមន្ទីររូបនេះបានបន្តថា សម្រាប់ការងារបង្កបង្កើនស្រូវប្រាំងឆ្នាំ២០១៨ និង២០១៩ ផែនការលើផ្ទៃដី ២៩.៥០០ហិកតា បច្ចុប្បន្នអនុវត្តន៍ បាន១០% ស្មើជិត ៣.០០០ហិកតា ផងដែរ។

ដោយឡែក សកម្មភាពក្រុមការងារចុះពិនិត្យនៅថ្ងៃទី២២ ខែវិច្ឆិកានេះ គឺបានជួយអន្តរាគមន៍ បិទធ្នួសបណ្ដោះអាសន្ន ក្នុងសហគមន៍កសិករមកពីភូមិទួលឆ្អក, ភូមិទួលរការ, ភូមិតាំងយូ, ភូមិជំទាវបុត្រី, និងភូមិមេលំ ស្ថិតក្នុងឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ប្រើប្រាស់ទឹកអូឬស្សីខ្សាច់ ដើម្បបន្ចាល់ទឹកស្រោចស្រព ស្រូវចំនួន១៨០ហិកតា ដែលកំពុងជួបបញ្ហាគ្រោះរាំងស្ងួត។

លោក ដោក ប៊ុនថុន បានឲ្យគ្រឿងចក្រ អេស្កាវាទ័រ១គ្រឿង និងជួយឧបត្ថមប្រេង និងសម្ភារមួយចំនួន ចុះស្ដានិងទប់ធ្នួសបន្ចាល់ទឹក។ ក្នុងនោះលោក ម៉ុញ សច្ចៈ ឧបត្ថមបន្ថែមចំនួន ៥០ម៉ឺនរៀល ដើម្បជាការចូលរួមចំណែកជាមួយប្រជាសហគមន៍៕