(ភ្នំពេញ)៖ ​ក្នុងគោលបំណងថែរក្សាសុខភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមសប្បាយរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញ មន្រ្តីកាំកុងត្រូលសាខារាជធានីភ្នំពេញ មន្រ្តីកាំកុ​ងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ​ និងមន្រ្តីសាខាកាំកុង ត្រូលផែស្ងួតចុងទីភ្នំពេញ បានសហការជាមន្រ្តីមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋាន មន្រ្តីមន្ទីរពាណិជ្ជកម្ម នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨​នេះ បានចុះត្រួតពិនិត្យទំនិញនៅសួនច្បារមុខបទុម សួនច្បារវិមានឯករាជ្យ កោះពេជ្រ ដើម្បីត្រួតពិនិត្យ អំពីអនាម័យ ស្លាកសញ្ញាផលិតផល ថ្ងៃផុតកំណត់ រយៈពេលប្រើប្រាស់ និងសារធាតុគីមី ហាមឃាត់ ដែលប្រើប្រាស់លើ ផលិតផលម្ហូបអាហារ ។

មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា គោលបំណង នៃការចុះពិនិត្យទំនិញ នៅថ្ងៃបុណ្យអុំទូកនេះ គឺដើម្បីធានាសុវត្ថិភាព សុខភាព ជូនដល់ប្រជាពលរដ្ឋ ដែលអញ្ជើញមកលេងកម្សាន្ត នៅរាជធានីភ្នំពេញ ពិសេសនៅតំបន់ប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ក៏ដូចជាកីឡាករប្រណាំងទូក ចំពោះការទទូលទានអាហារ នំចំណី និងភេសជ្ជផ្សេងៗ ចៀសវាងការទិញ ឬទទូលទានទំនិញ ផលិតផលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ មានលួចដាក់សារធាតុគីមីហាមឃាត់…។ ល ។

មន្ត្រីជំនាញកាំកុងត្រូល របស់លោកបានធ្វើតេស្តបឋម ទៅលើម្ហូបអាហារមួយចំនួន ដែលសង្ស័យមានហានិភ័យខ្ពស់ ដើម្បីរកនៅសារធាតុគីមីហាមឃាត់ ដូចជា គ្រឿងសមុទ្រ គុយទាវតូច លត បាញ់កាញ់ មីគ្រប់មុខ ប្រហិតគ្រប់មុខ សាច់ក្រក និងត្រួតពិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេច នៅតាមតូបលក់ទំនិញ និងស្តង់លក់ទំនិញ ។

ក្នុងឱកាសនោះ មន្រ្តីកាំកុងត្រូលបានណែនាំឱ្យបងប្អូនអាជីវករ អ្នកលក់ដូរ និងប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ក្នុងការជ្រើសរើលផលិតផល ម្ហូបអាហារមកដាក់តាំងលក់ និងប្រើប្រាស់ ជៀសវាងការ ដាក់តាំងលក់ ឬទិញម្ហូបអាហារដែលខូចគុណភាព មានចម្លងមេរោគ ហួសកាលបរិច្ឆេទប្រើប្រាស់ ឬទំនិញដែលមានសារធាតុគីមី ហាមឃាត់យកមកប្រប្រាស់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពខ្លួនឯង និងអ្នកដទៃ ៕