(ភ្នំពេញ)៖ តារាចម្រៀងជើងចាស់ ធ្លាប់សាងកេរ្តិ៍ឈ្មោះល្បីរាប់ឆ្នាំមកហើយនោះ បានបង្ហាញមហិច្ឆតារបស់ខ្លួនថា លោកចង់ចូលរួមចំណែក ដើម្បីលើកស្ទួយស្នាដៃចម្រៀងរបស់កូនខ្មែរ ដែលបានខិតខំប្រឹងប្រែងរិះរក និងផលិតឡើងយ៉ាងល្អ តាមរយៈ Page Facebook ផ្លូវការរបស់លោក ដែលបានបង្កើតឡើង ហើយក្នុងនោះបទចម្រៀងដ៏ល្បី តាំងពីជំនាន់ឆ្នាំ៩០ជាង គឺបទ «លក់ស្រែចូលបា» ក៏ត្រូវបានបញ្ចូលបទភ្លេងថ្មី មានលក្ខណៈទំនើប និងទាន់សម័យ ដើម្បីឲ្យទស្សនិកជនស្ដាប់កម្សាន្តអារម្មណ៍ និងមានលក្ខណៈប្លែកពីមុនផងដែរ។

​មហាជន ពិតជាធ្លាប់បានស្តាប់រួចមកហើយ​ នូវបទចម្រៀងដែលល្បីឈ្មោះ កាលពីជំនាន់ឆ្នាំ៩០ជាង គឺបទ «លក់ស្រែចូលបា»​ ក្រោមសំនៀងរបស់លោក មិញ សុធីវណ្ណ ដែលស្តាប់ទៅសប្បាយទាក់ចិត្ត ​គ្រប់មហាជនក្នុង និងក្រៅស្រុក។ ដើម្បីរក្សាកេរ្តិ៍ឈ្មោះបទនេះ លោក ​មិញ ​សុធីវណ្ណ បានកែសម្រួលបទចម្រៀង របស់លោកឲ្យមានលក្ខណៈ​ទំនើបទាន់សម័យ សមតាមជំនាន់យុវវ័យសម័យថ្មី។ ក្រោយបានស្តាប់ឃើញថា ប្លែកហើយជារសជាតិថ្មីមួយទៀត សមជារៀមច្បងសិល្បៈ ប្រកបដោយជំនាញពិត។

លោក មិុញ​ សុធីវណ្ណ ត្រូវបានបងប្អូនទូទាំងប្រទេស ទទួលស្គាល់​ថា ជាតារាចម្រៀង​មានបទពិសោធន៍មួយដួង អាចនិពន្ធបទភ្លេងបានដោយខ្លួនឯង និងមានទឹកដមសំឡេងពីរោះរណ្តំ​មានការចូលចិត្តពីទស្សនិកជន​។ ក្រោយពេលឆក់បានភាពល្បីឈ្មោះ លោកធ្លាប់ក្លាយជាគណៈកម្មាការប្រឡងចម្រៀង ក្រោមការវាយតម្លៃសមត្ថភាពសំឡេង រលកក្រោយបានជាច្រើននាក់ ដែលជាថ្នាលថ្មី នៃសិល្បៈបន្តវេន។ ថ្មីៗនេះ លោកត្រៀមចេញផេកជាផ្លូវការមួយ មានឈ្មោះថា «Suthyvann Studio Recording» ដែលផលិតចម្រៀងខ្លួនឯងផង និងទទួលសេវាបំពេញការងារទាក់ទង និងបទចម្រៀងជូនអ្នកត្រូវការផលិតចម្រៀង ផងដែរ។

យ៉ាងណាមិញ ​លោកបានខិតខំការពារស្នាដៃ ដែលកសាងបានកន្លងទៅ ពិសេសបទចម្រៀងដែលបន្សល់ទុក ជាមរតកឲ្យរលកក្រោយបានស្វែងយល់។ តាមការឲ្យដឹងបទ​ «លក់ស្រែចូលបា» គោលបំណងដែលលោកបង្កើត Page នេះឡើងគឺទី១ ចង់បង្ហាញនូវការសាងស្នា​ដៃលោក បានប្រឡូកវិស័យតន្រ្តី និងចម្រៀងតាំងពីទស្សវត្សរ៍៨០ ដែលទទួលបានការគាំទ្រកន្លងមក រហូតដល់បច្ចុប្បន្ននេះ ទីដល់មហាជនទូទៅក៏ដូចជាប្អូនៗ យុវ័យជំនាន់ក្រោយឲ្យបានស្គាល់​។ ទី២ស្របពេលនឹងការវិវត្តន៍តន្រ្តីបច្ចុប្បន្ន កំពុងរីកចម្រើនការតែនិពន្ធបទថ្មី Original Song ផងនោះ លោកក៏ដូចជារួមចណែក ធ្វើឲផុសផុលឡើងថែមទៀត។ ទី៣លោកក៏មានវ័យចំណាស់ហើយដែរ គឺចង់បន្សល់នូវស្នារដៃ ឲ្យបានច្រើនថែមទៀត សម្រាប់បម្រលអារម្មណ៍មហាជនទូទៅ នៅក្នុងជីវិតចុងក្រោយរបស់លោក។

​គួរជម្រាបថា Page មួយនេះ ​​តាមការបង្ហើបឲដឹង​ នឹងមានចេញចម្រៀងថ្មីៗស្នាដៃកូនខ្មែរ ក្នុងន័យលើកកម្ពស់សិល្បៈចម្រៀងខ្មែរ។ លើសពីនេះ លោកមានគម្រោង​ យកតារាចម្រៀងថ្មីចាស់ជាច្រើន​ដួង ចូលជាសមាជិក ដើម្បីច្រៀង​តាមផែនការចែកជូនអ្នកគាំទ្រ។ ដូច្នេះប្រិយមិត្តរង់ចាំតាមដានទាំងអស់គ្នា និងជួយឲតម្លៃ​ ហើយលើកទឹកចិត្តស្នាដៃកូនខ្មែរ​ ឲ្យបានគ្រប់គ្នា៕