(ភ្នំពេញ)៖ ទិដ្ឋភាពថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែត និងសំពះព្រះខែអកអំបុក នៅជុំវិញខាងមុខព្រះបរមរាជវាំង និងទីតាំងប្រណាំងទូក មានសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យល្អប្រសើរ។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌដូនពេញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌដូនពេញ បានខិតខំបន្តសហការពង្រឹងឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យគ្រប់គោលដៅឲ្យកាន់តែប្រសើរឡើងថែមទៀត។

ជាមួយគ្នានេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក៏បានអំពាវនាវដល់បងប្អូនអាជីវករ កីឡាករកីឡាការិនី និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានមកលេងកម្សាន្តសប្បាយក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុកទាំងអស់ សូមចូលរួមថែរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជាពិសេសចូលរួមវេចខ្ចប់ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីទីក្រុងរបស់យើងមានសោភ័ណភាពស្រស់បំព្រងគួរជាទីមោទនៈ។

លោក ប៊ូ ជុំសេរី អនុប្រធានគណៈកម្មការបច្ចេកទេស និងជាប្រធានគណៈមេប្រយោគការប្រកួតទូក បានប្រាប់ Fresh News ឲ្យដឹងដែរថា ឆ្នាំ២០១៨នេះ ពិធីប្រណាំងទូក មានទូកចំនួន២៩៥ ស្នើនឹង១៤៨គូ សម្រាប់ចូលរួមប្រកួតប្រជែងនៅតាមដងទន្លេ មុខព្រះបរមរាជវាំង។ ទូកទាំង២៩៥នេះ មានចំណុះទូក ១៩,០១៧នាក់ ក្នុងនោះទូកអុំនារី១, អុំបុរសមាន ១៦៣ទូក, ទូកចែវនារី ១ទូក ចែវបុរសមាន៣២ និងទូកខ្នាតអន្តរជាតិនារី២ និងខ្នាតអន្តរជាតិបុរសមានចំនួន៩៦។

គួរជម្រាបដែរថា កាំជ្រួចជិត៩ពាន់គ្រាប់ នឹងត្រូវបាញ់ក្នុងពេលរាត្រី ដើម្បីអបអរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃនេះ។ នេះបើយោងតាមរបាយការណ៍ របស់លោកឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ មេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានអង្គរក្ស ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

របាយការណ៍ដដែល បានឲ្យដឹងបន្តថា រយៈពេល៣ថ្ងៃ នៃថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យជាតិនេះ កាំជ្រួចដែលនឹងត្រូវបាញ់ ដើម្បីអបអរសាទរ មានចំនួន៨.៧៨០គ្រាប់ ក្នុងនោះ មានកាំជ្រួចទំហំធំ២.៤៥០គ្រាប់, ទំហំកណ្តាល៣.៧០០គ្រាប់ និងទំហំតូច២.៦៣០គ្រាប់៕