(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២០​ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញទស្សនាការតាំងពិព័រណ៍បង្ហាញការហោះហើរឧទ្ធម្ភាគចក្រ ប្រភេទ Ansat និងMI-171A2 របស់ក្រុមហ៊ុន RUSSIAN HELICOPTER របស់រុស្ស៉ី នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិន រាជធានីភ្នំពេញ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងការពារជាតិ និងអ្នកឧកញ៉ា លោកឧកញ៉ាយ៉ាងច្រើនផងដែរ។

ការតាំងពិព័រណ៍ឧទ្ធម្ភាគចក្រទាំងពីរប្រភេទនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះមានវិស័យសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដែលប្រទេសទាំងពីរកម្ពុជា-រុស្ស៉ី បានចុះកិច្ចព្រមព្រៀង សំដៅលើកកម្ពស់ការអភិវឌ្ឍ ផលិត និងការនាំចេញផលិតផលបច្ចេកវិទ្យាផ្នែកឧស្សាហកម្មទំនើបរបស់រុស្ស៉ី មកកាន់កម្ពុជា ក៏ដូចជានៅលើពិភពលោក។

ក្រុមហ៊ុន Rostec គឺជាក្រុមហ៊ុនមួយដ៏ធំក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាឧស្សាហកម្មឈានមុខគេ នៅក្នុងប្រទេសរុស្ស៉ី ដែលមានសហគ្រាស៧០០ និងសាខាចំនួន១៥ ដូចជា៖ សាខា ក្រុមហ៊ុននាំចេញឈ្មោះ រ៉ូសូបូរុន, កាឡាសនីកូវ, យូវីហ្ស៊ីន, ឧទ្ធម្ភាគចក្ររុស្ស៊ី។ល។ ដែលនាំយន្តហោះទៅលើកលក់នៅលើទីផ្សារពិភពលោករាប់ម៉ឺនគ្រឿង៕