(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា (គណៈកម្មការទី៧ របស់រដ្ឋសភា) នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំជាមួយ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងអនុលោមតាមមាត្រា ៩៧នៃរដ្ឋធម្មនុញ្ញ និងប្រការ៣៤ថ្មី នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដើម្បីពិភាក្សាលើរបៀបវារៈចំនួន២ រួមមាន៖ ការរៀបចំផែនការយុទ្ធសាស្ត្រក្នុងវិស័យអប់រំ យុវជន កីឡា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងគោលនយោបាយស្តីអំពីសាលារៀនជំនាន់ថ្មី។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨​ បានឲ្យដឹងថា លោក ហ៊ុន ម៉ានី បានកត់សម្គាល់នូវការអនុវត្តគោលនយោបាយស្តីពី សាលារៀនជំនាន់ថ្មី ដែលជាការឆ្លើយតបទៅនឹង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ហើយក៏ជាការឆ្លើយតបទៅនឹងការអប់រំសម័យទំនើប បើទោះជាយន្តការក្នុងការអនុវត្តគោលនយោបាយនេះ នៅមិនទាន់មានភាពរលូនទាំងស្រុងក៏ដោយ។

គណៈកម្មការទី៧នៃរដ្ឋសភា នឹងបន្តសហការ តាមដាន ត្រួតពិនិត្យ ការអនុវត្តគោលនយោបាយស្តីពីសាលារៀនជំនាន់ថ្មីនេះ ក៏ដូចជាកម្មវិធីនយោបាយ និងលិខិតបទដ្ឋាននានារបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាបាននូវការអនុវត្ត ដែលប្រកបដោយប្រសិទ្ធភាពខ្ពស់។

ប្រធានគណៈកម្មការទី៧រូបនេះ បានសង្កត់ធ្ងន់ថា ការរៀបចំគោលនយោបាយគ្រប់ជ្រុងជ្រោយ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ គឺជាកត្តាសំខាន់ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គឺលទ្ធផលជាផ្លែផ្កានៃការអនុវត្តគោលនយោបាយនោះ ធ្វើយ៉ាងណាដើម្បីបំពេញសេចក្តីត្រូវការ ក្តីសង្ឃឹម និងភាពជឿជាក់ដល់ម្ចាស់ឆ្នោត ដែលបានផ្តល់ សេចក្តីទុកចិត្ត តាមរយៈការបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឱ្យដឹកនាំប្រទេសជាតិជាបន្តទៀត។

អង្គប្រជុំបានកត់សម្គាល់ នូវវឌ្ឍនភាពជាច្រើននៅក្នុងវិស័យអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី  នាពេលកន្លងមក ដែលក្នុងនោះរួមមានការកែទម្រង់វិស័យអប់រំ ជាលក្ខណៈប្រព័ន្ធ តាមរយៈការរៀបចំកម្មវិធីសិក្សាថ្មី កំណែទម្រង់ការប្រលងគ្រប់កម្រិត ជាពិសេសការប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ការរៀបចំបណ្តុះបណ្តាល និងការរៀបចំគន្លងអាជីពរបស់គ្រូបង្រៀន និងគំនិតផ្តួចផ្តើមបង្កើតសាលារៀនជំនាន់ថ្មី ដើម្បីឆ្លើយតបទៅនឹងបរិបទអប់រំសម័យទំនើប និងស្របតាមអាទិភាព នៃការអភិវឌ្ឍធនធានមនុស្ស របស់រាជរដ្ឋាភិបាល។

តាមសេចក្តីប្រកាសព័ត៌មានដដែល ទន្ទឹមនឹងភាពជោគជ័យខាងលើ គណៈកម្មការទី៧ និងក្រសួងអប់រំ យុវជន និងកីឡា បានពិនិត្យ សិក្សា និងពិភាក្សាលើគោលនយោបាយ និងយុទ្ធសាស្ត្រដើម្បីបង្កើនប្រសិទ្ធភាព នៃការអនុវត្តការងាររបស់វិស័យរួមមាន៖

១៖ យុទ្ធសាស្ត្រកំណែទម្រង់ការគ្រប់គ្រងវិស័យអប់រំ ដើម្បីលើកកម្ពស់ភាពជាពលរដ្ឋមានគុណភាពនៅកម្ពុជា ដែលមានយុទ្ធសាស្ត្រគោល៤ចំណុច រួមមាន កំណែទម្រង់ការគ្រប់គ្រងការសិក្សា កំណែទម្រង់ការគ្រប់គ្រងរដ្ឋបាល កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងកំណែទម្រង់ការគ្រប់គ្រងធនធានមនុស្ស។

២៖ យុទ្ធសាស្ត្រកំណែទម្រង់ការអភិវឌ្ឍយុវជន ដែលផ្តល់ឱកាសឱ្យយុវជនទទួលបានការអប់រំ បណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ  និងលើកទឹកចិត្តយុវជនឱ្យមានគំនិតច្នៃប្រឌិតលើជំនាញរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងទស្សនាទានរបស់រដ្ឋាភិបាល «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។

៣៖ យុទ្ធសាស្រ្តកំណែទម្រង់ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា តាមរយៈការអភិវឌ្ឍក្របខណ្ឌច្បាប់ ការអភិវឌ្ឍកីឡាកម្រិតខ្ពស់ អភិវឌ្ឍកីឡាសម្រាប់ទាំងអស់គ្នា អភិរក្ស និងអភិវឌ្ឍកីឡាគ្រប់ប្រភេទ និងអភិវឌ្ឍឧស្សាហកម្មកីឡា។

សម្រាប់កិច្ចប្រជុំថ្ងៃនេះ គណៈកម្មការទី៧ ចាត់ទុកជាវេទិកាសន្ទនាដ៏មានប្រសិទ្ធភាពមួយក្នុងការសហការ កែលម្អ និងជំរុញការអនុវត្តការងារក្នុងវិស័យអប់រំ យុវជន និងកីឡា ដើម្បីបំពេញសេចក្តីត្រូវការរបស់ម្ចាស់ឆ្នោត ជាពិសេស យុវជន លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ មាតា បិតា អាណាព្យាបាលសិស្ស ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ៕