(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការបានអះអាងប្រាប់អាមេរិកជាថ្មីម្តងទៀតថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឲ្យមានវត្តមានកងទ័ពបរទេសនៅលើទឹកដីរបស់កម្ពុជា ហើយក៏មិនអនុញ្ញាតឲ្យកងទ័ពកម្ពុជា នៅលើដីប្រទេសដទៃនោះដែរ លើកលែងតែបេសកកម្មមនុស្សធម៌ ក្រោមទង់របស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ។

ការអះអាងរបស់លោកឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ពេលដែលរូបលោកអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt ដែលចប់អាណត្តិការងារចូលជួបជម្រាបលា។

លោក កេត សុផាន់ អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា នៅក្នុងកិច្ចពិភាក្សានោះឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីពាក់ព័ន្ធការចុះផ្សាយព័ត៌មានបរទេសដែលចោទកម្ពុជាផ្តល់មូលដ្ឋានឲ្យកងទ័ពបរទេស។ ជាពិសេសលោកឧបនាយករដ្ឋមន្ត្រី បានលើកយកប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហាញពីជំហររបស់កម្ពុជាលើបញ្ហានេះជូនលោក William Heidt ផងដែរ។

លោក កេត សុផាន់ បានបញ្ជាក់ដូច្នេះ «ឯកឧត្តមឧបនាយករដ្ឋមន្ត្រី (ប្រាក់ សុខុន) ក៏បានរំលឹកផងដែរ ព្រោះថ្មីៗនេះមានព័ត៌មានចុះផ្សាយពីមូលដ្ឋានយោធានៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបផងដែរពីប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី គឺកម្ពុជាអនុវត្តន៍យ៉ាងម៉ឹងម៉ាត់តាមរដ្ឋធម្មនុញ្ញ ដែលមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេស ឬមួយបញ្ជូនយោធានរបស់ខ្លួនទៅបរទេសទេ។ លើកលែងតែក្រោមក្របខណ្ឌរបស់អង្គការសហប្រជាជាតិ»។

ពាក់ព័ន្ធការចោទប្រកាន់របស់បណ្តាញព័ត៌មានបរទេសដែលមានចេតនាទុច្ចរិតចង់បំផ្លាញជាតិកម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញប្រតិកម្ម និងបានបញ្ជាក់ជំហយ៉ាងច្បាស់របស់កម្ពុជាផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន បានអះអាងថា «ខ្ញុំសូមបញ្ជាក់សារជាថ្មីម្តងទៀត នៅកម្ពុជាតាំងពីពេលមុនរហូតមកដល់ពេលនេះ ចាប់តាំងពីឆ្នាំ១៩៨៩ រហូតដល់ពេលនេះ យើងពុំមានកងទ័ពបរទេសនៅកម្ពុជាទេ ពិតហើយកងទ័ពបរទេស ដែលមកចូលក្នុងកម្ពុជានៅឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣ គឺជាប្រតិបត្តិការរក្សាសន្តិភាព នៅក្នុងប្រទេសកម្ពុជា។ ឥឡូវនេះ យើងមានតែកងទ័ពរបស់យើងបញ្ជូនចេញទៅក្រៅតែប៉ុណ្ណោះ ឯនៅកម្ពុជាខ្ញុំជឿថា មានកងទ័ពបរទេស ប៉ុន្តែអ្នកទាំងនោះគឺជាអនុព័ន្ធយោធា នៅតាមស្ថានទូតនានាតែប៉ុណ្ណោះ គ្មានកងទ័ពបរទេសសម្រាប់ការប្រយុទ្ធនោះទេ»។

សូមបញ្ជាក់ដែរថា ក្នុងជំនួបជម្រាបលានៅរសៀលថ្ងៃនេះ លោក William Heidt បានថ្លែងអំណរគុណលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលតែងផ្តល់ការស្វាគមន៍ និងបើកចំហរជួបពិភាក្សាជាមួយលោក និងជួយសម្របសម្រួលឲ្យបេសកកម្មការងាររបស់លោកនៅកម្ពុជាទទួលបានជោគជ័យ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងរបស់លោក William Heidt  ដែលបានប្រឹងប្រែងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាពិសេសសេដ្ឋការជំរុញឲ្យមានប្រព័ន្ធអនុគ្រោះពន្ធទំនិញចូលទៅអាមេរិក។

តាមរយៈឯកអគ្គរដ្ឋទូតអាមេរិក ប្រមុខការទូតកម្ពុជា ក៏បានអរគុណអាមេរិក ដែលបានផ្តល់ជំនួយក្នុងការបោសសំអាតមីននៅកម្ពុជា។ នៅក្នុងជំនួបនោះភាគីទាំងពីរក៏បានពិភាក្សាលើការបញ្ជូនជនអន្តោប្រវេសន៍របស់កម្ពុជាកំពុងរស់នៅលើទឹកដីអាមេរិកឲ្យត្រឡប់មកកម្ពុជាវិញ។

ភាគីទាំងពីរក៏បានបង្ហាញជំហពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងភេរវកម្ម ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផងដែរ៕