(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា, លោកបណ្ឌិត ជីវ កេង អនុប្រធានតុលាការកំពូល និងលោកស្រី ឆាយស៊ីណា ជីវ កេង ព្រះសង្ឃគណៈកម្មការ អាចារ្យវត្ត ពុទ្ធបរិស័ទវត្តកំពង់ស្វាយ ស្ថិតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានផ្ដួចផ្ដើមធ្វើពិធីអង្គកឋិនទានសាមគ្គី ដើម្បីប្រមូលបច្ច័យវេប្រគេនព្រះសង្ឃ ដើម្បីកសាងស្ពានឆ្លងស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលគ្រោងចំណាយថវិកាប្រមាណ​៣៨ម៉ឺនដុល្លារ។

ក្នុងកិច្ចវេប្រគេននូវទេយ្យទានដល់ព្រះសង្ឃ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកស្រី ឃួន ឃុនឌី បានថ្លែងថា អង្គកឋិនទានសាមគ្គីនេះ ប្រមូលបច្ឆ័យបានជិត១២ម៉ឺនដុល្លារ និងស៊ីម៉ង់តិ៍៣០តោន។ លោកស្រីថា ដោយសារប្រទេសជាតិមានសុខសន្តិភាព សេដ្ឋកិច្ចជាតិមានការរីកចម្រើន ធ្វើឱ្យប្រជាពលរដ្ឋមានឱកាសបានធ្វើបុណ្យទាន កើតចេញពីទឹកចិត្តជ្រះថ្លារបស់បងប្អូន ប្រជាពលរដ្ឋ អាជីវករ មន្រ្តីរាជការ កងកម្លាំង និងបងប្អូនតាមបណ្តាខេត្តមួយចំនួនដើម្បីយកមកកសាង។

ជាមួយគ្នានេះ លោកស្រី ឃួន ឃុនឌី ក៏បានថ្លែងអំណរគុណ លោកឧកញ៉ា លោក លោកស្រី មន្រ្តីរាជការ កងកម្លាំង មន្ទីរអង្គភាពគ្រប់ស្ថាប័ន និងលោកយាយ លោកតា និងពុទ្ធបរិស័ទ ដែលអញ្ជើញមកពីបណ្តាខេត្តក្រុង និងទាំងអស់ ដែលបានចូលរួម ក្នុងអង្គកឋិនទានសាមគ្គីនេះ ដើម្បីនាំយកបច្ច័យមកកសាង នូវសមិទ្ធផលនានា ក្នុងវត្តកំពង់ធំនេះ។

លោកស្រីបានបន្តថា «យើងបានសុខមកដល់ថ្ងៃនេះ ក៏ដោយសារតែកត្តាសុខសន្តិភាព ដូច្នេះបងប្អូនទាំងអស់ត្រុវនាំគ្នារក្សាសន្តិភាព ឱ្យបានយូរអង្វែង ជាមួយនឹងរដ្ឋាភិបាលក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឱ្យប្រទេសរបស់យើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ»

លោកស្រីក៏បានបន្តទៀតថា អង្គកឋិននទាននេះ គឺជាការរួមចំណែកមួយ ដើម្បីលើកស្ទួយក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋហើយនេះ ក៏ជាការបង្ហាញឱ្យកូនចៅជំនាន់ក្រោយ មើលឃើញនូវការប្រារព្ធពិធីពុទ្ធសាសនា ដែលជាទំនៀមទំលាប់ព្រៃណីដ៏ល្អរបស់ខ្មែរយើង និងជាចូលរួមកសាងប្រទេសជាមួយរាជរដ្ឋាភិបាល ឱ្យមានការអភិវឌ្ឍន៍ផងដែរ។

លោក អឹម ជុង ប្រធានគណៈកម្មការវត្ត បានលើកឡើងថា ការសាងសង់ស្ពាននេះ គឺជាការចូលរួមជាមួយនឹងពុទ្ធបរិស័ទ តាមកម្លាំងសទ្ធាដោយបានកសាងតាំងពីឆ្នាំ២០១៧ ហើយការសាងសង់ស្ពានដែកក្រាលថ្មបេតុងលើមានប្រវែង១៥១,២ ម៉ែត្រ ទទឹង ៤,៥០ ម៉ែត្រ និងកម្ពស់៨ម៉ែត្រ ដោយគម្រោងចំណាយថវិកាអស់៣៨ម៉ឺនដុល្លារ។

លោកបានបន្តទៀតថា ការសាងសង់ស្ពាននេះឡើង គឺបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានទៅសិក្សារៀនសូត្រ និងប្រជាពលរដ្ឋបានដឹកកសិផលពីត្រើយម្ខាង ទៅត្រើយម្ខាង រឺពីស្រុកមួយទៅស្រុកមួយផងដែរ។ ចុងក្រោយលោកសូមអំពាវនាវ សប្បុរជនសូមមេត្តាចូលរួម ចាប់មគ្គផលតាមសទ្ធា ដើម្បីកសាងស្ពាននេះឱ្យបានរួចរាល់ជាស្ថាពរ៕