(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅអាជ្ញាធរមីន បានរៀបចំពិធីចុះអនុស្សរណៈយោគយល់ រវាងអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងមជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន។

លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន និងលោក លី បញ្ញារិទ្ធិ៍ អគ្គនាយកមជ្ឈមណ្ឌល តំបន់អាស៊ានសម្រាប់សកម្មភាពមីន បានចុះហត្ថលេខាលើអនុស្សរណៈនេះ ដែលការចូលរួមជាសាក្សី ក្នុងពិធីនេះ ពីលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ RCAF/NPMEC និង CMAC។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា តាមរយៈអនុស្សរណនេះ ភាគីទាំងពីរ នឹងបន្តស្វែងរកការគាំទ្រ លើការអនុវត្តសកម្មភាពមីនទាំងនៅកម្ពុជា និងថ្នាក់តំបន់ ព្រមទាំងការផ្លាស់ប្តូរ បទពិសោធន៍រវាងប្រទេស ជាសមាជិកអាស៊ាន ក៏ដូចជា ការបង្កើតនូវកិច្ចព្រមព្រៀងលើភាពជាដៃគូរវាងប្រទេស ជាសមាជិកអាស៊ាន និងបណ្តាប្រទេសផ្តល់ជំនួយ ឬសហគមន៍អន្តរជាតិ។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលបំផុត ជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានផ្តូចផ្តើម និងគាំទ្រឲ្យបង្កើតមជ្ឈមណ្ឌល តំបន់អាស៊ានសម្រាប់ សកម្មភាពមីននេះឡើង ដើម្បីប្រទេសទាំងអស់ នៅក្នុងតំបន់អាស៊ានមានឱកាសចែករំលែកបទពិសោធន៍ និងជួយគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះសល់ពីសង្រ្គាម នៅក្នុងប្រទេសទាំងអស់នៅអាស៊ាន៕