(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យលោក Yulin Zheng ប្រធានក្រុមហ៊ុន Hubei Laker Group រួមជាមួយក្រុមហ៊ុនវិនិយោគផ្នែកកសិកម្មចំនួន៩ ក្នុងគោលបំណងសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងយល់អំពីសក្តានុពល ក្នុងការវិនិយោគក្នុងវិស័យកសិកម្ម នៅកម្ពុជា។

សូមជម្រាបថា កិច្ចប្រជុំនាថ្ងៃនេះ ផ្តោតជាសំខាន់លើប្រធានបទមួយចំនួន មានជាអាទិ៍៖

១៖ សមិទ្ធផលវឌ្ឍនភាព បញ្ហាប្រឈម និងសក្តានុពល ក្នុងការវិនិយោគក្នុងវិស័យកសិកម្ម។
២៖ លទ្ធភាពក្នុងការពង្រឹង និងពង្រីកអនុវិស័យដំណាំស្រូវ និងជលផល តាមរយៈការវិនិយោគលើវារីវប្បកម្ម ចិញ្ចឹមបង្កងទឹកសាប (Crawfish) ក្នុងដីស្រែដើម្បីបង្កើត និងបង្កើនការងារ និងប្រាក់ចំណូលគ្រួសារនៅតាមជនបទ។
៣៖ ការរៀបចំ និងចងក្រងកសិកម្មតាមកិច្ចសន្យា ក្នុងការចិញ្ចឹមបង្កងជាមួយប្រជាកសិករ និងការផ្ដល់បច្ចេកទេស ពូជ និងទីផ្សារជូនពួកគាត់។
៤៖ ការរៀបចំក្រុមការងារជំនាញទ្វេភាគី ដើម្បីសិក្សា ស្រាវជ្រាវឲ្យបានសម្អិត ធ្វើយ៉ាងណាធានាដល់ប្រសិទ្ធភាព នៃការអនុវត្តគម្រោងទទួលបានលទ្ធផលជាផ្លែផ្កា៕