(ភ្នំពេញ)៖ គម្រោង អ & អេហ្វ ហ័រហ៊្វូ ដែលជាគម្រោងលំនៅដ្ឋានលំដាប់ខ្ពស់ ប្រកបដោយគុណភាព ស្ថិតនៅតាមតំបន់ផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រកាសដាក់លក់ជាផ្លូវការ​។

ពិធីបើកសម្ពោធមជ្ឈមណ្ឌលលក់ និងការចាប់ផ្តើមដាក់លក់ជាផ្លូវការ នៃគម្រោង អ & អេហ្វ ហ័រហ៊្វូ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីអ្នកពាក់ព័ន្ធ ជាច្រើនរូប នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

គម្រោង អ & អេហ្វ ហ័រហ៊្វូ គឺជាគម្រោងលំនៅដ្ឋានលំដាប់ខ្ពស់ ប្រកបដោយគុណភាពមួយទៀត របស់ក្រុមហ៊ុន អ & អេហ្វគ្រុប បានដាក់ចេញបន្ទាប់ពី គម្រោង អ & អេហ្វ ភ្នំពេញ ដែលមានទស្សនៈវិស័យ ផ្តោតលើមនុស្ស រស់នៅលើអគារខ្ពស់ៗ លំនៅដ្ឋានបែបអន្តរជាតិដំបូងគេបង្អស់ នៅរាជធានីភ្នំពេញ។

គម្រោង អ & អេហ្វ ហ័រហ៊្វូ ខាងលើនេះ ក៏ផ្ដល់នូវបទពិសោធន៍ស្នាក់នៅ លំដាប់ផ្កាយប្រកបដោយផាសុកភាព ដែលបង្កើតនូវយុគសម័យថ្មីមួយ ក្នុងការអភិវឌ្ឍលំនៅដ្ឋាន ក្នុងទីក្រុងនាថ្ងៃអនាគតផងដែរ។

លោក វ័ង ជឺ ហោ អនុប្រធានក្រុមហ៊ុន អ & អេហ្វគ្រុប ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុន អ & អេហ្វគ្រុប បានខិតខំឆ្លើយតប និងអនុលោមតាមគំនិតផ្គួចផ្តើម ខ្សែក្រវាត់មួយផ្លូវមួយ របស់រដ្ឋាភិបាលចិន។ លោកថា «យើងខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានមកដល់កម្ពុជា និងបានចូលរួមចំណែកក្នុងការ កសាងរាជធានីភ្នំពេញ»

លោក វ័ង ជឺ ហោ បានបន្ថែមទៀតថា ក្រុមហ៊ុន អ & អេហ្វគ្រុប សូមថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រយ៉ាងខ្លាំង ក្នុងដំណើរការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ដោយសារតែមានការ គាំទ្រលើផ្នែកគោលនយោបាយ និងសេចក្តីណែនាំរបស់រដ្ឋាភិបាល ទើបក្រុមហ៊ុន អ & អេហ្វគ្រុប អាចរីកចម្រើន និងអភិវឌ្ឍន៍ខ្លួនកាន់តែល្អប្រសើរ។

លោក ផៃ ប៊ុនឈឿន បានបញ្ជាក់ផងដែរថា ប្រទេសចិន និងកម្ពុជា បានបង្កើតចំណងមិត្តភាពយ៉ាងជ្រាលជ្រៅ ជាមួយគ្នាតាំងពីបុរាណកាលមកម្ល៉េះ ទំនាក់ទំនងដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរ នាពេលបច្ចុប្បន្នកំពុងស្ថិត ក្នុងដំណាក់កាលអភិវឌ្ឍន៍ ដែលមានល្បឿនលឿន ទាំងការកសាងសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ទីក្រុង សុទ្ធតែទទួលបានសមិទ្ធិផលគួរឲ្យកត់សម្គាល់៕