(ភ្នំពេញ)៖ ម្ចាស់ដេប៉ូលក់ប្រេងមិនសុចរិតមួយកន្លែង គឺដេប៉ូ «TELA អ័រគីដេ៩៩៩» ស្ថិតនៅភូមិទ្រាបួន សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានមន្ត្រីកាំកុងត្រូលសម្រេចកសាងសំណុំរឿងបញ្ជូនទៅតុលាការឲ្យផ្តន្ទាទោសតាមនីតិវិធី បន្ទាប់ពីម្ចាស់ដេប៉ូរូបនេះមិនព្រមកែប្រែតាមកាណែនាំហើយនៅតែបន្តលក់ប្រេងមិនគ្រប់ចំណុះ និងលក់ប្រេងបន្លំគុណភាពជាដើម។

ចំណាត់ការក្តៅរបស់មន្ត្រីកាំកុងត្រូលនេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅពេលដែលមន្ត្រីកាំកុងត្រូលដឹកនាំដោយដោយលោក ងួន សុមល្លីវង្ស អនុប្រធានាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្ក្រាបការកែ្លងបន្លំនៃអគ្គនាយកដ្ឋានកាំកុងត្រូល បានចុះពិនិត្យឡើងវិញស្ថានីយ និងដេប៉ូលក់ប្រេងនៅក្នុងខណ្ឌមានជ័យ ដែលធ្លាប់បានណែនាំរួចមកហើយនោះ។ ប្រតិបត្តិការចុះពិនិត្យស្ថានីយ និងដេប៉ូប្រេងនេះ មានការអញ្ជើញចូលរួមពីលោក ហេង មាលី ប្រធានសាខាកាំកុងត្រូលរាជធានីភ្នំពេញ សហការជាមួយមន្ត្រីជំនាញរបស់មន្ទីរពិសោធន៍ ដោយមានការសម្របសម្រួលពីលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញផងដែរ។

លោក ងួន សុមល្លីវង្ស បានអះអាងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ការត្រួតពិនិត្យគុណភាព និងបរិមាណនេះ គឺផ្អែកទៅលើឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូចជាធុងក្រឹតមានមាឌជាក់លាក់ សម្រាប់វាស់បរិមាណប្រេង ដែលបាញ់ចេញពី កុងទ័រតាមទំហំផ្សេងខុសគ្នាមានចំណុះ ៥លីត្រ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត។

បើតាមលោក សុមល្លីវង្ស ជាលទ្ធផលនៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយ និងដេប៉ូដែលធ្លាប់មានបញ្ហាកង្វះរង្វាស់រង្វាល់ និងបន្លំគុណភាពប្រេងឥន្ធនៈចំនួន៣កន្លែង មានពីរកន្លែងបានកែតម្រូវត្រឹមត្រូវតាមអនុលោមភាព ដែលណែនាំនាពេលកន្លងទៅ។ ដោយឡែកដេប៉ូប្រេង TELA (អ័រគីដេ៩៩៩) មានម្ចាស់ឈ្មោះ កៅ ស្រេង ស្ថិតនៅភូមិទ្រាបួន សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មិនបានកែប្រែនោះឡើយ។

លោក សុមល្លីវង្ស បានអះអាងថា ក្រោយពីឃើញទង្វើរឹងរូសមិនព្រមកែប្រែរបស់ម្ចាស់ដេប៉ូខាងលើនេះ ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ បានរៀបចំជារបាយការណ៍ដាក់ជូនថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដើម្បីពិចារណាចំពោះម្ចាស់ដេប៉ូ និងបានកសាងសំណុំរឿងបញ្ចូលទៅតុលាការ ដើម្បីអនុវត្តនីតិវិធី និងផ្តន្ទាទោសតាមផ្លូវច្បាប់។

លោក ងួន សុមល្លីវង្ស បានបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យ ឲ្យបានគ្រប់ស្ថានីយទាំងអស់ទូទាំងប្រទេសកម្ពុជា ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ហើយចំពោះក្រុមហ៊ុន/ដេប៉ូ ដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈមិនសមស្រប ត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឲ្យបានសមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះសោធនឹងត្រូវទទួលរងនូវចំណាត់ការតាមនីតិវិធីនៃច្បាប់ជាធរមាន។

លោក ក៏បានអំពាវនាវដល់​អ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជាមុនក្នុងការជ្រើសរើសស្ថានីយ ដេប៉ូប្រេងឥន្ធនៈ ដែលជាក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មី លក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រ ពិនិត្យមើលលេខកុងទ័រនៅពីចំណុចសូន្យជានិច្ច មុនពេលចាក់តាមដានដំណើរការ នៃលេខកុងទ័រ ដែលត្រូវចាប់ផ្ដើមជាមួយគ្នា នឹងម៉ាស៊ីនបាញ់ប្រេងរហូតដល់ចំនួនលីត្រចុងក្រោយ ​ដែលបានស្នើតាមដាន សេចក្តីជូនដំណឹងពីតម្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម និងត្រូវប្រុងប្រយ័ត្ន សុវត្ថិភាពផ្នែកអគ្គីភ័យ ដោយពន្លត់ម៉ាស៊ីនយានជំនិះ ពេលចាក់បំពេញ ប្រេងក្នុងស្ថានីយ និងសូមផ្តល់ព័ត៌មានមកមន្រ្តីជំនាញកាំកុងត្រូលប្រចាំរាជធានី ខេត្ត ឬមកអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងករណីដែលបាតុភាពជាយថាហេតុណាមួយ៕