(ឧត្តរមានជ័យ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ យល់ឃើញថា​ បងប្អូនប្រជាពលរដ្ឋនៅតាមតំបន់​ដាច់​ស្រយាល​ និងតាមបណ្តាផ្សារនីមួយៗ​ បានទទួលរងនូវការទិញនូវនំចំណី​ ភេសជ្ជៈ​ ដែលជាផលិតផលម្ហូប​អាហារ ​យក​ទៅ​បរិភោគ គឺភាគច្រើនទិញបានតែផលិតផល​ដែលគ្មានគុណភាព​​។

ជាក់ស្តែង នៅថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ​ មន្ត្រីសា​ខា​កាំកុងត្រូលខេត្តឧត្តរមាន​ជ័យ ដឹកនាំដោយលោក​ ខាន់​ រ៉ាត់​ ប្រធានសាខា សហការជា​មួយ​មន្ទីរពាណិជ្ជកម្ម​ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានផងដែរ​ បាន​បន្តការចុះត្រួតពិនិត្យ មើលការដាក់តាំងលក់ផលិតផ​ល​ គ្រឿងបរិភោគ​ នៅគោលដៅធំៗដែលដាក់តាំងលក់នៅតាមដងផ្លូវ​ និងផ្សារអន្លង់វែង​ ស្ថិតនៅស្រុកអន្លង់វែង​ ខេត្តឧត្តរមានជ័យ​ ដែលជាហាងសំរាប់លក់ចែក​ចាយបន្ត ដល់​ដល់បងប្អូននៅតំបន់ដាច់ស្រយ៉ាល​ ដូចជា នៅតាមឃុំទំនប់ដាច់​ ឃុំព្រះប្រឡាយ​ និងឃុំត្រពាំងប្រាសាទ​ ដែលស្ថិតនៅស្រុកត្រពាំង​ប្រាសាទជាដើម​។

នៅក្នុងឱកាសនោះ​ មន្ត្រីសាខាកាំកុងត្រូលខេត្ត ក៏បានត្រួតពិ​និត្យ និងបានសុំ​ដកហូតទឹកតែបៃតងចំនួន២២១ដប​, ទឹកផ្លែឈើ៤៦ដប​, ទឹកតែបូបូ​៥០ដប​, ទឹកសេរ៉ូ​២៣ដប​, ទឹកដោះគោកូនក្មេង​៣៦ដប​ , ទឹកសណ្តែក​ចំនួន០៦កំប៉ុង​ និងនំធុងចំនួន០៣ធុងធំផង​ដែរ​ ដែលជាផលិតផលហួសកំណត់ការបរិច្ឆេទ​ និងត្រូវបានមន្ត្រីជំនាញធ្វើកំណត់ហេតុ​សុំដកទុក្ខធ្វើការកម្ទេចចោលនៅពេលក្រោយ។

ជាមួយគ្នានោះផងដែរ​ លោក​ ខាន់ រ៉ាត់​ បានអប់រំណែនាំបន្ថែមឲ្យបងប្អូនអាជីវករលក់ដូរ ត្រូវគិតដល់សុខភាពអ្នក​ទិញជា​ចំបង​។ តែទោះបីជាយ៉ាណាក្តី មន្ត្រីសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ នៅតែបន្តស​កម្មភាពចុះត្រួតពិនិត្យលើផលិត​ផលដែរហួសការបរិច្ឆេទ ​និងពិនិត្យលើចំណី​អាហារខូចគុណ​ភាពបន្តបន្ទាប់ទៀត។

បន្ទាប់មក​លោក​ ខាន់​ រ៉ាត់​ រួមទាំងក្រុមការ​ងារក៏បាន​ បិទ​ និងចែកជូន​នូវផ្ទាំង ​poster ដល់សមត្ថកិច្ច និងបងប្អូនប្រជាពល​រដ្ឋជា​ច្រើន​ផ្ទាំងសម្រាប់​ និងយកទៅមើលឲ្យពួកគា​ត់​យល់ដឹងឲ្យកាន់តែច្បាស់​និងជួយផ្សព្វផ្សាយបន្តពីផលប៉ះ​ពល់ពីសុ​ខភាព​បងប្អូនប្រជាពលរដ្ឋយើង៕