(មណ្ឌលគិរី)៖ ប្រជាពលរដ្ឋភាគច្រើន ប្រហែលជាមិនបានដឹងច្បាស់ឡើយថា កាហ្វេដែលខ្លួនបរិភោគរាល់ថ្ងៃនោះ ជាប្រភេទកាហ្វេអ្វីខ្លះ? ហើយអ្នកខ្លះក៏ធ្លាប់តែឮកាហ្វេមណ្ឌលគិរីៗ តែក៏ប្រហែលជាមិនដឹងថា ខេត្តមណ្ឌលគិរី មានកាហ្វេប៉ុន្មានប្រភេទ អ្វីខ្លះនោះឡើយ?។ តើខេត្តមណ្ឌលគិរីមានកាហ្វេប៉ុន្មានប្រភេទ ហើយកាហ្វេដែលយើងនិយមបរិភោគនោះ គឺកាហ្វេប្រភេទអ្វី?

បើតាមលោកស្រី តុង ចាន់ធាង នាយិកាមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា CEDAC (សេដាក) បានឱ្យដឹងថា នៅខេត្តមណ្ឌលគិរី មានពូជកាហ្វេចំនួន២ប្រភេទ ដែលប្រជាកសិករពេញនិយមក្នុងការដាំដុះ នោះគឺប្រភេទ «អារ៉ាប់ប៊ីកា» និងប្រភេទ «រ៉ូប៊ូស្តា» ដែលពូជកាហ្វេទាំងពីរប្រភេទនេះ គឺត្រូវលូតលាស់នៅតំបន់ខ្ពស់ពីនីវ៉ូទឹកសមុទ្រ អាកាសធាតុត្រជាក់ ដីមានជីវជាតិ (ដីក្រហម) និងមានរបបទឹកភ្លៀងគ្រប់គ្រាន់។

អំឡុងពេលដឹកនាំក្រុមអ្នកសារព័ត៌មាន ធ្វើដំណើរទស្សនកិច្ចចម្ការកាហ្វេសរីរាង្គនៅខេត្តមណ្ឌលគិរី នាចុងសប្ដាហ៍មុន អ្នកជំនាញបានព្យាយាមពន្យល់ ប្រាប់អ្នកសារព័ត៌មានយ៉ាងក្បោះក្បាយ ពាក់ព័ន្ធនឹងភាពខុសគ្នា-ដូចគ្នារវាងកាហ្វេទាំងពីរប្រភេទនោះ។ តើពូជកាហ្វេទាំងពីរប្រភេទនេះ ខុសគ្នា និងដូចគ្នាយ៉ាងដូចម្ដេច?

អ្នកជំនាញបានលើកបង្ហាញពីលក្ខណៈខុសគ្នា របស់ពូជកាហ្វេទាំងពីរប្រភេទនេះ ដូចខាងក្រោម៖

* កម្រិតកាហ្វេអ៉ីន៖ កាហ្វេរ៉ូប៊ូស្តា មានជាតិកាហ្វេអ៉ីនច្រើនជាងកាហ្វេអារ៉ាប់ប៊ីកា២ដង មានន័យថា រ៉ូប៊ូស្តាខ្លាំងជាងអារ៉ាប់ប៊ីកា ហើយអ្នកដែលមិនសូវចេះបរិភោគកាហ្វេ គួរតែចាប់ផ្ដើមបរិភោគកាហ្វេអារ៉ាប់ប៊ីកាវិញល្អជាង។
* រសជាតិកាហ្វេ៖ កាហ្វេរ៉ូប៊ូស្ដាមានរសជាតិល្វីងជាងអារ៉ាប៊ីកា ឯអារ៉ាប៊ីកាផ្អែម និងជូរជាងរ៉ូប៊ូស្ដា។
* សណ្ឋានគ្រាប់៖ អារ៉ាប៊ីកាមានរាងមូល ឯរ៉ូប៊ូស្ដាមានរាងពងក្រពើ។
* សណ្ឋានដើម និងស្លឹកនៅក្នុងចម្ការ៖ ស្លឹកកាហ្វេអារ៉ាប់ប៊ីកាតូចជាងរ៉ូប៊ូស្ដា ឯដើមកាហ្វេអារ៉ាប់ប៊ីស្ដាទាប និងតូចជាងរ៉ូប៊ូស្ដា។
* តម្រូវការអាកាសធាតុ៖ អារ៉ាប់ប៊ីកាត្រូវការសីតុណ្ហភាពត្រជាក់ជាងរ៉ូប៊ូស្ដា (ក្រោម៣០អង្សាសេ) ចំណែករយៈកម្ពស់លើសពី១ពាន់ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ។

ចំពោះលក្ខណៈដូចគ្នាវិញអ្នកជំនាញបានបញ្ជាក់ថា កាហ្វេទាំងពីរប្រភេទនេះ សុទ្ធតែជាដំណាំត្រូពិក ដែលត្រូវការរបបទឹកភ្លៀងច្រើនដូចគ្នា ដើម្បីលូតលាស់បានល្អ និងទទួលបានទិន្នផលខ្ពស់។

អ្នកជំនាញបន្តថា ជាទូទៅនៅលើពិភពលោក គេនិយមប្រើកាហ្វេអារ៉ាប់ប៊ីកាច្រើនជាងកាហ្វេរ៉ូប៊ូស្ដា (អារ៉ាប់ប៊ីកាមានពី ៦០-៧០% រីឯរ៉ូប៊ូស្ដាមានពី ៣០-៤០%)។ នៅប្រទេសកម្ពុជា ប្រជាពលរដ្ឋ និងអ្នកនិយមបរិភោគកាហ្វេ ក៏ចូលចិត្តបរិភោគកាហ្វេអារ៉ាប់ប៊ីកាច្រើនណាស់ដែរ។

គួរកត់សម្គាល់ថា បច្ចុប្បន្នកម្ពុជាផលិតកាហ្វេបានតែ ៣០០តោនប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយមិនទាន់មានពាណិជ្ជនាមល្បី (Brand Name) លើពិភពលោកនៅឡើយទេ ខណៈវៀតណាមផលិតកាហ្វេបានប្រមាណ១.៥លានតោនក្នុងមួយឆ្នាំ ភាគច្រើនគឺកាហ្វេរ៉ូប៊ូស្ដា (៩៥%), ឡាវផលិតកាហ្វេបានប្រមាណ៣ម៉ឺនតោនក្នុងមួយឆ្នាំ ភាគច្រើនគឺកាហ្វេអារ៉ាប់ប៊ីកា ចំណែកឯថៃផលិតបានប្រមាណ៣ម៉ឺនតោនក្នុងមួយឆ្នាំ គឺចម្រុះទាំងអារ៉ាប់ប៊ីកា និងរ៉ូប៊ូស្ដា។

ដោយសម្លឹងឃើញបរិមាណ នៃការផលិតកាហ្វេក្នុងស្រុក នៅមានកម្រិតតិចតួចយ៉ាងដូច្នេះ អង្គការ CEDAC បានខិតខំប្រឹងយ៉ាងខ្លាំងក្នុងការជំរុញសកម្មភាពកសិកម្ម និងផលិតកម្មកាហ្វេសរីរាង្គ នៅខេត្តមណ្ឌលគិរី ដោយមានការយកចិត្តទុកខ្លាំងក្លា ចំពោះកសិផលសរីរាង្គដែលគ្មានសារធាតុគីមី ដើម្បីប្រកួតប្រជែងនៅទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូល និងមានទិសដៅនាំកាហ្វេសរីរាង្គរបស់កម្ពុជា ទៅប្រកួតប្រជែងក្នុងទីផ្សារ ក្រៅប្រទេសថែមទៀតផង៕