(ប៉ៃលិន)៖ កម្លាំងអាវុធហត្ថខេត្តប៉ៃលិន នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចាប់ខ្លួនជនជាតិចិន៦នាក់ នៅក្នុងកាស៊ីណូម្កុដពេជ្រ ស្ថិតនៅចំណុចព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តប៉ៃលិន យកទៅសួរនាំជាង១០ម៉ោងទើបដោះលែងវិញ។

ពាក់ព័ន្ធនឹងការចាប់ហើយដោះលែងវិញនេះ ព្រះរាជអាជ្ញាខេត្តប៉ៃលិន បានអះអាងថា លោកពុំបានដឹងរឿងនេះទេ ដោយសារតែអាវុធហត្ថបានដោះលែងជនជាតិចិនទាំងនោះទៅវិញរួចហើយ ទើបរាយការណ៍ជូនលោក ប៉ុន្តែមេបញ្ជាការអាវុធហត្ថខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង បានអះអាងថា មិនមែនជាការឃាត់ខ្លួននោះទេ គឺខាងកាស៊ីណូយកជនជាតិចិនទាំងនោះ បានបញ្ជូនមកឲ្យអាវុធហត្ថធ្វើការឃាត់ខ្លួនសិនដោយសារជំពាក់រឿងលែងល្បែង។

តាមការលួចបង្ហើបពីសមត្ថកិច្ចនៅខេត្តប៉ៃលិន បានឱ្យដឹងថា ជនជាតិចិនទាំង៦នាក់នោះរួមមានទី១៖ឈ្មោះ ឈី ឡូង អាយុ៣៩ឆ្នាំ, ទី២៖ឈ្មោះ ឆិន ជុង អាយុ៤១ឆ្នាំ, ទី៣៖ឈ្មោះ ហ្វាង អ៊ីង អាយុ៤៥ឆ្នាំ, ទី៤៖ ឈ្មោះ សាំង ឆឺ អាយុ៣៣ឆ្នាំ, ទី៥៖ឈ្មោះ ចាំង ហុងសាន អាយុ៤៥ឆ្នាំ និងទី៦៖ឈ្មោះ អ៊ី យ៉ាមិញ អាយុ៤០ឆ្នាំ​។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃនេះ ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការអាវុធហត្ថខេត្តប៉ៃលិន បានអះអាងថា ជនជាតិចិនទាំង៦នាក់ ដែលត្រូវបានសួរនាំនៅកន្លែងរបស់លោក គឺជាបុគ្គលិករបស់កាស៊ីណូ ដែលត្រូវបានអ្នកគ្រប់គ្រងនេះ បានបញ្ជូនមកអាវុធហត្ថ បន្ទាប់ពីមានបញ្ហាលុយកាកមួយចំនួនពាក់ព័ន្ធលែងល្បែងស៊ីសង។ ដោយឡែក ចំពោះសំណួរថា ហេតុអ្វីក៏លោកដោះលែងវិញនោះ ត្រូវបានឧត្តមសេនីយ៍រូបនេះ អះអាងថា ដោយសារគ្មានពាក្យបណ្តឹង និងគ្រាន់តែគេផ្ញើប៉ុណ្ណោះ ហើយថាលោកក៏បានរាយការណ៍ទៅអភិបាលខេត្ត និងព្រះរាជអាជ្ញារួចហើយដែរ។

តែផ្ទុយទៅវិញលោក តូច សុភក្តី ព្រះរាជអាជ្ញាខេត្តប៉ៃលិន បានបញ្ជាក់ថា លោកពុំបានដឹងរឿងនេះទាល់តែសោះ ហើយលោកទើបនឹងទទួលដំណឹងអំពីការចាប់ខ្លួនអ្នកទាំងនោះ ស្របពេលដែលអាវុធហត្ថធ្វើការដោះលែង ពោលគឺប្រមាណជាង១០ម៉ោង ក្រោយការចាប់ខ្លួន ដែលខុសនឹងនីតិវិធីច្បាប់។

លោកព្រះរាជអាជ្ញា បានបន្ថែមថា «ខាងអាវុធហត្ថខេត្ត បាន​ឃាត់ខ្លួនមនុស្ស​៦នាក់ ជាជនជាតិចិន​ ដែលពាក់ព័ន្ធរឿងលុយក្នុងកាស៊ីណូ ជាង១០ម៉ឺនដុល្លារ តាំងពីយប់ ប៉ុន្ដែមិនបានរាយការណ៍មកព្រះរាជអាជ្ញាទេ លុះព្រឹកឡើងម៉ោង១០កន្លះ ទើបមកប្រាប់ថា គ្មានពាក្យបណ្ដឹងដោះលែងវិញ គឺខុសនីតិវិធីទាំងស្រុង ​អាចចូលជាបទល្មើស​ បង្ខាំងមនុស្ស​ដើម្បីជំរិតទារប្រាក់»។

បើតាមមាត្រា៩៦ ជំពូក៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការឃាត់ខ្លួន បានកំណត់ថា មន្រ្តីនគរបាលយុត្តិធម៌ ត្រូវរាយការណ៍ភ្លាមជូនព្រះរាជអាជ្ញា ព្រមទាំងត្រូវបញ្ជូនគ្រប់ភស្តុតាងទាំងអស់ ដែលតម្រូវឱ្យមានការឃាត់ខ្លួននេះ៕