(បន្ទាយមានជ័យ)៖ ត្រឹមតែរយៈពេល២ថ្ងៃសោះ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងនគរបាលស្រុកព្រះនេត្រព្រះ បំបែកសំណុំរឿងឃាតកម្មបានសម្រេច និងឃាត់ខ្លួនឃាតកម្នាក់ ហើយមូលហេតុដែលឈានដល់ឃាតកម្ម ដោយសារជនរងគ្រោះចាប់ត្រី នៅក្នុងស្រែរបស់ខ្លួន ធ្វើខូចខាតស្រូវ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ថា ក្រោយពីចាត់ឱ្យលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងនៃធិការដ្ឋាននគរបាល ស្រុកព្រះនេត្រព្រះ និងមានការសម្របសម្រួលនីតិវិធីរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះធ្វើការស្រាវជ្រាវលើករណីឃាតកម្ម កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចន្លោះម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង១២៖០០ថ្ងៃត្រង់ កើតឡើងនៅលើដីស្រែ ស្ថិតក្នុងភូមិសាស្រ្តភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកស្នងការខេត្តបន្តថា សាកសពជនរងគ្រោះឈ្មោះ ឃូន ឃីន ភេទស្រី អាយុ៤៩ឆ្នាំ នៅភូមិឈ្នួរ ឃុំឈ្នួមានជ័យ នៅក្នុងស្រែខាងកើតភ្លឺស្រែចំងាយ៧ម៉ែត្រ ក្បាលសណ្តូកទៅកើត ផ្កាប់មុខមានចងដៃទាំងពីរមកក្រោយ ដោយខ្សែសំរាប់ចងស្បែកជើងពណ៌ស នៅត្រង់ក មានចងរឹតដោយខ្សែនីឡុង ពណ៌លឿងនៅលើរង្វង់ភ្នែកទាំងសងខាងមានស្នាមជាំ។

លោកស្នងការខេត្តបញ្ជាក់ថា លុះនៅថ្ងៃទី១៨ ខែវិច្ឆិកាម្សិលមិញនេះ កម្លាំងជំនាញបានធ្វើការចាប់ឃាត់បានមុខសញ្ញាឈ្មោះ ប៊ុន សុខ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឈ្នួរ សង្កាត់ឈ្នួរមានជ័យ ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឱ្យដឹងថា ករណីខាងលើនេះ គឺមានមូលហេតុ ដោយមានទំនាស់ជនរងគ្រោះ ចាប់ត្រីក្នុងស្រែរបស់ជនល្មើស ធ្វើឱ្យខូចខាតស្រូវក្នុងស្រែបន្តិចបន្តួច រហូតឈានដល់ការសម្លាប់ជនរងគ្រោះតែម្តង។

បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនជនសង្ស័យខាងលើនេះ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕