(ភ្នំពេញ)៖ ដោយទទួលព័ត៌មាន រយៈបណ្តាញច្បាស់ការមួយ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សហការជា មួយមន្ទីរពាណិជ្ជកម្មរាជធានី បានចុះត្រួតពិនិត្យ ទំនិញវេចខ្ចប់ស្រាប់ នៅហាងលក់ទំនិញលាងឃ្លាំងមួយកន្លែង ស្ថិតនៅផ្លូវលំបេតុងលេខ២០០៩ ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

មន្រ្តីកាំកុងត្រូលតំបន់សេដ្ឋកិច្ចភ្នំពេញ បានឲ្យដឹងថា នៅក្នុងពេលត្រួតពិនិត្យនៅហាងលក់ ទំនិញលាងឃ្លាំងខាងលើ ក្រុមការងារ បានរកឃើញទំនិញហួសកាលបរិច្ឆេទ កំណត់ប្រើប្រាស់ ដែលមួយចំនួនជាប្រភេទអាហារបួស ដូចជា (សាច់ក្រក ហតដក សាច់ជ្រូក ម៉ឹក សាច់មាន់ ប៉ាតេ) នំសូកូឡា នំកញ្ចប់ច្រើនប្រភេទ ស្ករក្មេង ស្ករគៀមប៊ួយ ទឹកសណ្តែក ទឹកដោះគោខាប់ ទឹកក្រូចកំប៉ុង និងស្រាបៀកំប៉ុង ។ ដោយសរុបមានទម្ងន់ ១៩០.៥០គីឡូក្រាម ហើយត្រូវបានសាខាធ្វើកំណត់ហេតុដកហូត ទុកដុតកំទេចចោល ។

ជាមួយគ្នា ក្រុមការងារ ក៏បានឲ្យតំណាងម្ចាស់ទំនិញ ធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ ទំនិញហួសកាលបរិច្ឆេទ កំណត់ប្រើប្រាស់ជាបន្តទៀត ករណីមិនរាងចាល នឹងកសាងសំណុំរឿង តាមនីតិវិធីច្បាប់ ។

មន្រ្តីកាំកុងត្រូល ក៏បានអំពាវនាវដល់អាជីវករ សូមប្រុងប្រយ័ត្ន ប្រសិនជាឃើញថា ផលិតផលរបស់ខ្លួនហួសកាលបរិច្ឆេទហើយ គួរកុំដាក់តាំងលក់ ព្រោះពេលប្រជាពលរដ្ឋ លោកមិន បានស្វែងយល់ ទិញផលិតផលនោះ ធ្វើឱ្យប៉ះពាល់សុខភាពរបស់ពួកគាត់ ៕