(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រី និងមន្ទីរអង្គភាពជំនាញនៅជុំវិញខេត្តចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពអនាម័យ បរិស្ថាន នៅរម្មណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំយ៉ាត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកលេងកម្សាន្ត ក្នុងខេត្តប៉ៃលិន នាឱកាសបុណ្យទាន ឬថ្ងៃឈប់សម្រាក។

លោក ផាន់ ចាន់ធុល បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹងប្រែងដោះស្រាយ នូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យជាដើម។

លោក ផាន់ ចាន់ធុល បច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអរបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ តំបន់រម្មណីយដ្ឋានទេសចរណ៍នានា នៅក្នុងខេត្ត ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៏ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែក ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាព របស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

អភិបាលខេត្តបានបញ្ជាក់ថា ជាក់ស្តែងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកបានដឹកនាំមន្ត្រីរាជការ អង្គភាពជំនាញជុំវិញខេត្ត ចុះមករៀបចំតុបតែងកែលម្អ រៀបចំសណ្តាប់ធ្នាប់ នៅរម្មណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំយ៉ាត គឺក្នុងគោលបំណងសំខាន់ទី១៖ បង្កើនសោភ័ណភាព សណ្តាប់ធ្នាប់ និងអនាម័យសាធារណៈក្នុងខេត្ត ទី២៖ ចង់ឱ្យមន្ត្រីរាជការបង្ហាញពីចូលរួមចំណែកក្នុងការងារសង្គម និងការស្រឡាញ់បរិស្ថាន ដែលជាគម្រូដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងទី៣៖ គឺដើម្បីបង្កើនសាមគ្គីភាព ឯកភាព ប្រកបដោយផាពស្និតស្នាល និងការទទួលខុសត្រូវខ្ពស់។

លោក ផាន់ ចាន់ធុល ក៏បានជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ជាពិសេសបងប្អូនអាជីវករ ដែលប្រកបអាជីវកម្ម របស់ខ្លួននៅរម្មណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំយ៉ាត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះ សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន ដើម្បីចូលរួមចំណែកលើកកម្ពស់ សោភ័ណភាពសាធារណៈក្នុងខេត្ត ក្នុងនាមជាប្រជាពលរដ្ឋល្អ និងជាមន្ត្រីរាជការបម្រើជាតិ និងប្រជាជន។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ បានសម្រេចបង្កើតតំបន់ភ្នំយ៉ាត ឱ្យទៅជាតំបន់បេតិកភ័ណធម្មជាតិ ដែលមានផ្ទៃដីប្រមាណជិត៣ម៉ឺន២ពាន់ហិកតា លាតសន្ធឹងលើភូមិសាស្ត្រសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន គឺដើម្បីការពារតួនាទី ប្រព័ន្ធអេកូឡូស៊ី សម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ កម្រិតដល់ការប្រើប្រាស់ធនធានជីវៈចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ៕