(កោះកុង)៖ ក្រុមលោកគ្រូស្ម័គ្រចិត្តពេទ្យប្រទេសបារាំង បានសហការជាមួយក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តកោះកុង បន្តចុះពិនិត្យជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តកោះកុង រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមានទីតាំងមន្ទីរពេទ្យបង្អែក ខេត្តកោះកុង។

លោកវេជ្ជបណ្ឌិត ហ៊ៃឡៃ ស៊ីន ប្រធានមន្ទីរបង្អែកខេត្តកោះកុងបានឱ្យដឹងថា លោកមានសេចក្តីរីករាយ ដោយមានការចូលរួមក្នុងវិស័យសុខាភិបាល ដោយក្រុមលោកគ្រូពេទ្យស្ម័គ្រចិត្តប្រទេសបារាំង បានស្ម័គ្រចិត្តមកចូលមកចូលរួមសហការ ជាមួយក្រុមគ្រូពេទ្យបង្អែក ខេត្តកោះកុង ដើម្បីធ្វើការពិនិត្យជំងឺជូនប្រជាពលរដ្ឋ ហើយការចុះពិនិត្យមិនតម្រូវឱ្យប្រជាពលរដ្ឋតម្រូវឱ្យមានការបង់ថ្លៃសេវានោះទេ។

លោកវេជ្ជបណ្ឌិតបន្តថា ការចុះពិនិត្យនិងព្យាបាលជំងឺ របស់ក្រុមគ្រូពេទ្យបារាំង គឺចាប់ពីថ្ងៃទី១៩ ដល់២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយជំងឺដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសបារាំង ចុះពិនិត្យនឹងព្យាបាលនោះមានប្រទេទជំងឺ៖ ត្រចៀក ច្រមុះ បំពង់ករ ជាពិសេសបំពាក់ ជូននូវឧបករណ៍ស្តាប់សម្លេង ដោយមិនគិតថ្លៃ និងពិនិត្យវះកាត់ជំងឺរោគស្ត្រី និងមានការវះកាត់នូវដុំសាច់ដុំគីស នៅមាត់ស្បូន ដៃស្បូន វះកាត់ដុំគីស ដុំសាច់ដុំដោះ។

លោកបានបញ្ជាក់ថា ការចុះពិនិត្យ និងព្យាបាលរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងនេះ ជាលើកទី៦ហើយ សម្រាប់ខេត្តកោះកុង។ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តកោះកុង បើបងប្អូនមានបញ្ហាសុខភាព សូមអញ្ជើញមកពិនិត្យសុខភាព នៅមន្ទីរពេទ្យបង្អែក ឬតាមរយៈមណ្ឌលសុខភាព ដើម្បើឱ្យក្រុមគ្រូពេទ្យពិនិត្យសុខភាពជូន៕