(កំពង់ចាម)៖ សាកលវិទ្យាល័យ ឯកទេស​នៃកម្ពុជា CUS ជារៀងរាល់ឆ្នាំ តែងតែបានរៀបចំសន្និសីទប្រចាំឆ្នាំ​ ដែលជា​ផ្នែកមួយនៃយន្តការលើកកម្ពស់គុណភាព បណ្តុះបណ្តាល ដើម្បីពង្រីក​ពង្រឹងចំណេះដឹងទូទៅ ព្រមទាំង​សមត្ថភាពរបស់និស្សិត។

ជាក់ស្តែងនៅថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ សាកលវិទ្យាល័យ បានរៀប​ចំសន្និសីទស្តីពី «សិក្សានៅឧត្តមសិក្សា ដើម្បីឧត្តមភាពការងារ» នៅសាខាសាកលវិទ្យាល័យ ឯកទេស​នៃកម្ពុជា ខេត្តកំពង់ចាម និងខេត្តកំពង់ធំ ដោយ​មានសិស្ស-និស្សិត និងសាស្រ្តាចារ្យ ប្រមាណជាង​៤០០នាក់ បានចូលរួម។

ក្នុងកិច្ចពិធីបើកសន្និសីទនេះ ​លោកបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការ បានថ្លែងថា គោលបំណងនៃសន្និ​សីទនេះ គឺដើម្បីបង្ហាញនូវវិធីសាស្រ្តសិក្សា ឲ្យបានជោគជ័យ​ការសិក្សាលើជំនាញទន់ (Soft Skills) ការ​រៀបចំអត្តចរិត និងការពង្រឹងសមត្ថភាព ដើម្បីទទួលបាននូវការងារល្អក្រោយពេលបញ្ចប់ការសិក្សា។

លោក ហែម បញ្ញា ​នាយកសាខាខេត្តកំពង់ចាម និងលោក ណេន ចិន្តា នាយកសាខាកំពង់ធំ បានអះអាងជារួមថា ក្នុងចំណោមសាកលវិទ្យាល័យឯកជន នាំមុខដទៃទៀត CUS មាននិស្សិត​២០,០០០​នាក់ កំពុងសិក្សានៅក្នុងទីតាំងគោល និងសាខាសរុប​៨ទីតាំង រួមមាន រាជធានីភ្នំពេញ កំពត កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោល​ការណ៍ណែនាំរបស់​ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការ ទទួលស្គាល់​គុណភាពអប់រំ នៃ​កម្ពុជា ដើម្បីបង្កភាពងាយស្រួលដល់និស្សិតធ្វើកម្មសិក្សា ទស្សនកិច្ចសិក្សារកកន្លែងហាត់ការ និងការងារ​ធ្វើក្នុងពេលសិក្សា។

លោកបានបន្ថែមថា និស្សិតដែលបានបញ្ចប់ការសិក្សាមានជាង​៣០,០០០នាក់ហើយ ដូច្នេះ​គុណភាពនៃការបណ្តុះ​បណ្តាល ត្រូវបាន​លើកកម្ពស់ជាប្រចាំ តាមរយៈការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ទាំងការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្នែក​ទន់ ផ្នែករឹង សេវាកម្មគាំទ្រ បរិស្ថានសិក្សា គុណភាពបង្រៀន និងគុណភាពរៀន ក្នុងរយៈពេលជិត១៧ឆ្នាំកន្លងមក។​

ដោយឡែក សាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តកំពង់​ចាម និងកំពង់ធំ ក៏បានចូលរួមខិតខំកែទម្រង់ អភិវឌ្ឍន៍ដើម្បីគាំទ្រ និងសម្រេចឲ្យបាន​នូវគោលគំនិត «ទាំងអស់គ្នាដើម្បីគុណភាព គុណភាពដើម្បីទាំងអស់គ្នា» និងសំដៅធ្វើឲ្យនិស្សិតមាន​សមត្ថភាពវិជ្ជាជីវ​ខ្ពស់ និងបុគ្គលិកលក្ខណៈសម្បត្តិល្អប្រពៃ ហើយក្នុងឆ្នាំសិក្សាថ្មីនេះ សាខាទាំងពីរ​ទទួល​បានកំណើន និស្សិតគួរឲ្យកត់សំគាល់។​

លោកបណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង, លោក លាន សារ៉ា, លោក ឌុល វិចិត្រ នាយក​ធនាគារវឌ្ឍនៈអាស៊ីចំកាត់ សាខាខេត្តកំពង់ចាម និងកំពង់ធំ ដែលជាវាគ្មិន បានបន្ថែមថា បុគ្គល​គ្រប់រូបចង់បានជោគជ័យ មានការងារល្អ មានចំណូលខ្ពស់ ទាំងអ្នកសិក្សា-ស្រាវជ្រាវ ព្រមទាំងសេដ្ឋី​ល្បីៗនៅលើពិភពលោក ឯកភាពថា ចំណេះដឹងតាមរយៈការសិក្សា ជាដើមហេតុនៃជោគជ័យ និងធានា​នូវនិរន្តរភាពនៃចំណូល។

ការសិក្សាកាន់តែខ្ពស់ កាន់តែមានចំណេះដឹង មានសមត្ថភាព មានឧត្តមភាព ប្រកួតប្រជែងក្នុងទីផ្សារការ​ងារ ហើយតាមរយៈនៃការសិក្សា កូនរបស់គ្រួសារក្រីក្រ ក៏អាចទទួលជោគជ័យ​បានដែរ។ ទោះបីជាយ៉ាងណា ក្តីវាទាមទារឲ្យមានសកម្មភាពជាក់ស្តែង ក្នុងអំឡុងពេលនៃការសិក្សា ដែលការសិក្សាឲ្យបានជោគជ័យ ក៏​ទាមទារឲ្យមាននូវ ការរៀបចំផែនការសកម្មភាព និងគោលដៅជាក់លាក់​ផងដែរ។

ការសិក្សាក្នុងថ្នាក់ត្រូវ តែផ្តោតខ្លាំងទៅលើជំនាញ តាមរយៈការងារជាអាទិភាព គឺការស្រាវជ្រាវ​ការអានកត់ត្រាសង្ខេបជាប្រចាំបំពេញបន្ថែម ដោយការចូលរួមសិក្ខាសាលា សន្និសីទ​ការជជែកដេញ​ដោល ព្រមទាំងការចុះកម្មសិក្សា ឬហាត់ការពាក់ព័ន្ធជំនាញ ដែលនិស្សិតជ្រើសរើស​សិក្សា ដែលទាំងអស់​នេះ គឺទិសដៅការងារពាក់ព័ន្ធតូចៗ ធ្វើឡើងទៅតាមដំណាក់ និងលំដាប់លំដោយ ដើម្បីឈានទៅ សម្រេចគោលដៅធំយូរអង្វែង។

វាគ្មិនទាំងអស់ បានឯកភាពបន្ថែមទៀតថា និស្សិតត្រូវពង្រឹងជំនាញទន់បន្ថែមទៀត ដូចជាជំនាញ ធ្វើទំនាក់ទំនង ការផ្តល់សេវាកម្ម ជំនាញកុំព្យូទ័រ ភាពជាអ្នកដឹកនាំ​ព្រមទាំងភាសា។ ភាសាអាចជាភាសា​ណាមួយ ដែលមានតម្រូវការក្នុងទីផ្សារការងារ ដើម្បីជាយានក្នុងការទំនាក់ទំនងពង្រីក ពង្រឹងសមត្ថភាព ព្រមទាំងជំនាញឲ្យកាន់តែពូកែ ហើយជោគជ័យក្នុងការសិក្សាក្តី ក្នុងអាជីពក្តី ទាមទារនូវការរៀបចំខ្លួនប្រាណ និងអត្តចរិតសមរម្យ ភាពខិតខំធ្វើការងារ ហួសការរំពឹង។

វាគ្មិន​ដែលជាតំណាងស្ថាប័នធនាគារ បានសង្កត់ធ្ងន់ និងទទូចឲ្យនិស្សិតចូលរួមធ្វើការងារហាត់ការឲ្យបានច្រើន និងសកម្ម ខណៈដែលស្ថាប័នរបស់គាត់ បានប្តេជ្ញាសហការតាមរយៈការចុះអនុស្សារណៈ ដើម្បី​ផ្តល់ឱកាសឲ្យនិស្សិតបានចុះធ្វើកម្មសិក្សា ហាត់ការ ឬស្រាវជ្រាវ ក្នុងគោលបំណងជួយពង្រឹងធនធាន បញ្ញាឲ្យកាន់តែប្រសើរ ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា ការងារ និងសម្រាប់ចូលរួមអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គម។

ក្រោយពីបទបង្ហាញ សិស្ស-និស្សិត និងសាស្រ្តាចារ្យមួយចំនួន បានលើកជាសំណួរជូនដល់វាគ្មិន ដើម្បីបំភ្លឺ​ហើយទទួលបានចម្លើយតបយ៉ាងត្រឹមត្រូវ៊
ក្នុងពិធីបិទលោកបណ្ឌិត មាស បូរ៉ា ​បានផ្តោតជាសំខាន់ថា សន្និសីទនេះ វាជាព្រឹត្តការណ៍មួយដ៏ល្អ​ដែលនិស្សិតទទួលបានចំណេះដឹង ជាមគ្គុទេ្ទសក៍ សម្រាប់និស្សិតយកទៅពិចារណា និងសម្រេចចិត្តបន្ត​ការសិក្សា ហើយអ្វីសំខាន់ គឺការធ្វើសកម្មភាព បំពេញគោលបំណងតូចៗក្នុងលក្ខណៈនិរន្តរភាព ឆ្ពោះទៅ​សម្រេចជោគជ័យធំ ដែលនិស្សិតបានកំណត់។ សាកលវិទ្យាល័យមានលទ្ធភាព និងសមត្ថភាពគ្រប់​គ្រាន់ ក្នុងការបំពេញនូវបេសកកម្មដ៏មានអត្ថន័យ​ ដើម្បីជួយ​សិស្ស-និស្សិត ឲ្យសម្រេចបានជោគ​ជ័យដូចបំណង៕