(បាត់ដំបង)៖ ក្រុមកីឡាបាល់ទាត់ «ជនបញ្ញាខ្សោយខ្មែរ» មិន​ប្រកាន់​អាយុ ​នៃ​គណៈកម្មាធិការ​ស្ប៉េស្យាល់​អូឡាំពិក​កម្ពុជា បាន​ក្លាយ​ជា​ម្ចាស់​ជើងឯកឈ្នះ​បាន​មេដាយ​មាស ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អនុ​តំបន់​ទន្លេ​មេគង្គ នៅ​ទីក្រុង​ហូជីមិញ ​ប្រទេស​វៀតណាមលើកទី៨​ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា​ ឆ្នាំ២០១៨ បន្ទាប់ពីពួកគេបានឈ្នះក្រុមកីឡាករវៀតណាមនៅវគ្គផ្តាច់ព្រ័ត្រ ដោយ​លទ្ធផលបច្ចេកទេស៦ទល់២។

លោក លី ឌីនូរី អនុប្រធានគណៈកម្មាធិការ​ស្បេស្យាល់​អូឡាំពិក​ខេត្តបាត់ដំបង និង​ជា​ប្រធាន​ប្រតិភូ​ដឹកនាំ​ក្រុម​កីឡាករ​ទៅ​ចូលរួម​ការ​ប្រកួតនោះ បាន​ប្រាប់​ឲ្យដឹងថា​៖ «​ក្រុម​បាល់ទាត់​របស់​យើង​បាន​ចេញ​ទៅ​តាំងពី​ថ្ងៃ​ទី​១៦ និង​ត្រឡប់​មក​ដល់​កម្ពុជា​វិញ នា​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ហើយ​ក្រុមកីឡាករយើង បានសប្បាយចិត្តដោយទទួលបានលទ្ធផលល្អ គឺ​ចំណាត់​ថ្នាក់​លេខ​១ ទទួលមេដាយ​មាស ខណៈ​វៀតណាមម្ចាស់ផ្ទះបាន​មេដាយ​ប្រាក់ និង​ថៃឈ្នះ​មេដាយ​សំរឹទ្ធ​»

តាម​ការ​ប្រាប់​បន្ថែម​ ពី​លោកប្រធានប្រតិភូការ​ប្រកួត​នេះ គឺ​មាន​ប្រទេស​ចូលរួម​ចំនួន​៥ រួមមាន៖ ​កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា និង​ថៃ​។ កម្ពុជា​បាន​បញ្ជូន​កីឡាករ​៨​នាក់ (បម្រុង​៣​នាក់) ខណៈ​ដែល​បច្ចេកទេស ​នៃ​ការ​ប្រកួត មាន​តែ​ម្ខាង​៥​នាក់​ប៉ុណ្ណោះ ដោយ​មួយ​វគ្គ​មាន​តែ​១៥នាទី​។

ជា​លទ្ធផល ​នៃ​ការ​ប្រកួត​រយៈពេល​២​ថ្ងៃ​នោះ ក្រុម​បាល់ទាត់ «​ជន​បញ្ញាខ្សោយ​របស់​កម្ពុជា» បាន​ប្រកួត​ឈ្នះ​ក្រុម​វៀតណាម(ក្រុមទី១) ៧-០ សម្រាប់​ការ​ប្រកួត​បើក​ឆាក នៅ​ព្រឹក​ថ្ងៃ​សៅរ៍ និង​បន្ត​បានស្មើជាមួយក្រុមថៃ ក្នុង​លទ្ធផល២-២ និងបានយកឈ្នះក្រុមឡាវ​៣-០​ នា​ល្ងាច​ថ្ងៃ​សៅរ៍​នោះ​ដែរ។ ចំណែក​នៅ​ថ្ងៃ​អាទិត្យទី១៨ ខែវិច្ឆិកា ក្រុម​កម្ពុជាបាន​ឈ្នះ​វៀតណាម(ក្រុម២) ក្នុង​លទ្ធផល១-៣​ និងយកឈ្នះថៃ៤-២ ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដើម្បី​ឡើង​ទៅ​ជួប​ក្រុម​វៀតណាមនៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​នៅក្នុង​ការ​ប្រកួត​នោះ ក្រុម​ទាំង​២ ប្រកួតយ៉ាងស្វិតស្វាញ ប៉ុន្តែ​កម្ពុជា បាន​ឈ្នះវៀតណាម ក្នុង​លទ្ធផល៦-២​។

លោក អុល ថាវ៉ន គ្រូបង្វឹក​មកពី​ខេត្ត​បាត់ដំបង ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នោះ ក៏​បាន​ប្រាប់​ថា​៖ «​យើង​ធ្លាប់​ចូលរួម​ការ​ប្រកួត​នេះ​៨លើកមកហើយ គឺ​នៅ​ឆ្នាំ​២០០៩ នៅ​ថៃ​យើង ទទួល​បាន​ត្រឹម​លេខ​៤ ក្នុងឆ្នាំ២០១០ យើង​ខកខាន​ចូលរួម​ប្រកួត។ ចំណែក​នៅ​ឆ្នាំ​២០១១ ​យើង​បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក ក្នុង​នាម​ជា​ធ្វើ​ម្ចាស់​ផ្ទះ តែ​ការ​ប្រកួត​ឆ្នាំ​២០១២ នៅ​មីយ៉ាន់ម៉ា​ អត់​បាន​មេដាយ​នោះ​ទេ ឯ​ឆ្នាំ​២០១៣ យើងយើងអត់បានចូលរួមទេ នៅ​ឆ្នាំ​២០១៤​ យើង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២ ឆ្នាំ២០១៧ ធ្វើនៅមីយ៉ាន់ម៉ា​ បានលេខ២​ និងឆ្នាំ២០១៨នេះ យើងទទួលបានចំណាត់ថ្នាក់លេខ១ មេដាយមាស ដែល​នេះ​ជា​លទ្ធផល​ដ៏ល្អ​មួយគួរជាទីមោទនៈ»​