(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កងទ័ពកម្ពុជាដាច់ខាតមិនចូលរួមក្នុងកិច្ចប្រតិបត្តិការយោធាជាមួយប្រទេសណាទាំងអស់ លើកលែងតែក្រោមឆត្ររបស់អង្គការសហប្រជាជាតិ។ កម្ពុជាមិនអនុញ្ញាតឲ្យកងទ័ពបរទេសណា បោះមូលដ្ឋានយោធានៅលើទឹកដីកម្ពុជាឡើយ ជាមួយគ្នានេះ សម្តេចបានចោទសួរថា​តើកម្ពុជាមានការចាំបាច់រំលោភរដ្ឋធម្មនុញ្ញខ្លួនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសលើទឹកដីកម្ពុជាឬទេ?

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ ប្រតិកម្មនេះ ក៏បានធ្វើឡើងបន្ទាប់ពីសារព័ត៌មានបរទេសមួយចំនួន បានផ្សព្វផ្សាយថា កម្ពុជាបានអនុញ្ញាតឱ្យបរទេសប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីធ្វើជាមូលដ្ឋានយោធា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជាមួយខ្លឹមសារយ៉ាងដូច្នេះ៖ «តើកម្ពុជាគួរត្រូវរំលោភរដ្ឋធម្មនុញ្ញរបស់ខ្លួនឬទេ? រដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលបានហាមឃាត់ជាមួយវត្តមានរបស់កងទ័ព ឬមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយកងទ័ពរបស់ខ្លួនក៏ត្រូវហាមឃាត់មិនឱ្យចូលរួមក្នុង ប្រតិបត្តិការជាមួយប្រទេសណាទាំងអស់ លើកលែងតែក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដូចដែលយើងកំពុងស្ថិតនៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងអាហ្វ្រិកកណ្តាល»។

«ខ្ញុំក៏នឹងឆ្លើយចំពោះលិខិតអនុប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីបញ្ជាក់អំពីជំហររបស់កម្ពុជា ទាក់ទងទៅនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលហាមឃាត់នូវមូលដ្ឋានកងទ័ពបរទេស នៅក្នុងប្រទេសកម្ពុជា មិនថាជើងគោក ជើងទឹក ឬជើងអាកាសទេ»។

«ចំណុចទី២ ចោទជាសំណួរថា តើកម្ពុជាត្រូវការកងទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនដើម្បីអ្វីទៅ? តើកម្ពុជាត្រូវការច្បាំងជាមួយនរណា។ កម្ពុជាមានកម្លាំងគ្រប់គ្រាន់ដើម្បីការពារឯករាជ្យ អធិបតេយ្យរបស់ខ្លួនរួចទៅហើយ មិនមានការចាំបាច់ដើម្បីកាត់កងទ័ពបរទេសមកជំនួយទេ ប្រសិនបើមានការត្រូវការណាមួយ ក៏គ្មានការចាំបាច់ដើម្បីនឹងត្រូវអន្តរាគមន៍កងទ័ពបរទេសនោះទេ»។

«នេះជាចំណុចដែលគួរឱ្យងឿយឆ្ងល់ណាស់ តើគេមានចេតនាយ៉ាងម៉េចជាមួយកម្ពុជា ឬក៏គ្រាន់តែយកបញ្ហាវត្តមាន នូវអ្នកវិនិយោគ និងអ្នកទេសចររបស់ចិន ធ្វើជាលេសដើម្បីមួលបង្កាច់ និងដាក់កំហុសចំពោះកម្ពុជា។ ខ្ញុំពិតជាមានការសោកស្តាយណាស់ ចំពោះភាពមិនច្បាស់លាស់របស់ជនបរទេសមួយចំនួន​ដែលព្យាយាមធ្វើអាក្រក់ម្តងហើយម្តងទៀត ចំពោះកម្ពុជា ដែលគ្មានកំហុសអ្វីទាល់តែសោះ ទៅលើបញ្ហាទាំងអស់នេះ។

«កម្ពុជាមិនមានការចាំបាច់ឱ្យប្រទេសណាមួយមកធ្វើសង្រ្គាមក្នុងប្រទេសរបស់ខ្លួនទេ ខ្ញុំមិនត្រូវការឱ្យបរទេសមកច្បាំងគ្នាលើដីខ្មែរទេ ខ្ញុំមិនត្រូវការឱ្យបរទេសមកច្បាំងគ្នាលើទឹកដីខ្មែរ ដូចកាលពីអតីតកាលទេ។

«ក្រោមនយោបាយរួមរបស់គណបក្សប្រជាជនកម្ពុជា និងនយោបាយដោយឡែកដឹកនាំដោយខ្ញុំ ហ៊ុន សែន ខ្ញុំអត់ត្រូវការឱ្យបរទេសមកវ៉ៃគ្នាលើទឹកដីកម្ពុជាទេ សុំកុំយកកម្ពុជាធ្វើជាទីលានសាកល្បងមនោគមវិជ្ជាក្តី ឬអាវុធក្តីឱ្យសោះ។ យើងចាត់ទុកប្រទេសទាំងអស់នៅលើពិភពលោក គឺជាមិត្តភក្តិ ដែលត្រូវរួមសហការក្នុងការអភិវឌ្ឍ យើងគ្រាន់តែស្វាគមន៍ចំពោះមិត្តភក្តិអន្តរជាតិ មកចូលរួមជាមួយយើង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច នៅកម្ពុជា»។

«ខ្ញុំចង់ឱ្យមិត្តភក្តិបរទេសទាំងអស់មកប្រកួតប្រជែងគ្នា ទៅលើអភិវឌ្ឍសេដ្ឋកិច្ចសង្គមតែប៉ុណ្ណោះ ជួយកសាងហេដ្ឋរចនាសម្ព័ន្ធ ប្រទេស១កសាងស្ពាន១ស្ពាន២ ប្រទេសមួយទៀតកសាង៣-៤ទៅ ប្រណាំងប្រជែងគ្នាលើបញ្ហានេះ ប្រទេសមួយផ្តល់ជំនួយឱ្យផ្លូវថ្នល់១ខ្សែ ប្រទេសមួយទៀតឱ្យថ្នល់២ខ្សែមក គឺយើងចង់បានដូច្នេះ យើងចង់ឱ្យប្រទេសនានាប្រកួតប្រជែងគ្នា ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិកម្ពុជា កសាងហេដ្ឋរចនាសម្ព័ន្ធ ប្រទេសមួយឱ្យមន្ទីរពេទ្យ១ មន្ទីរពេទ្យមួយទៀតឱ្យ១ ឬ២ ប្រឡាយទឹក ឬក៏សាលារៀន សូមអញ្ជើញមក យើងស្វាគមន៍ ហើយយើងក៏ស្វាគមន៍នូវការវិនិយោគនានានៅប្រទេសកម្ពុជា»។

«យើងប្រឆាំងដាច់ខាតនូវការប្រកួតប្រជែងខាងមនោគមន៍វិជ្ជា ដើម្បីសម្លាប់ខ្មែរ ដូចកម្ពុជាកាលពីអតីតកាល យើងទាត់ចោលដាច់ខាតនូវការប្រកួតប្រជែងយកកម្ពុជាធ្វើជាទីលាន សាកល្បងអាវុធរបស់ខ្លួន ឬលក់អាវុធរបស់ខ្លួនមកឱ្យកម្ពុជា ដូច្នេះចំណុចនេះ សង្ឃឹមថាប្រជាពលរដ្ឋកម្ពុជា ដែលបានទទួលព័ត៌មាន តាមរយៈសារព័ត៌មាននេះ ឬសារព័ត៌មាននោះ មិត្តភក្តិបរទេសទាំងឡាយ ដែលមានកងទ័ព សូមជឿទុកចិត្តចំពោះការអនុវត្តប្រកបដោយឯករាជ្យ និងការពារអធិបតេយ្យរបស់កម្ពុជា»។

«យើងមិនមានការចាំបាច់ទាល់តែសោះ ហើយយើងមិនត្រូវការទាល់តែសោះនូវវត្តមានកងទ័ពបរទេសនៅលើទឹកដីរបស់ខ្លួន យើងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ ឧទាហរណ៍អាចមានការរៀបចំសមយុទ្ធយោធា ដោយពហុភាគី ឬដោយទ្វេភាគីតាមអ្វីដែលកម្ពុជាជាម្ចាស់ផ្ទះសម្រេចចិត្ត ឧទាហរណ៍ យើងធ្លាប់បានធ្វើជាម្ចាស់ផ្ទះសមយុទ្ធជាមួយប្រទេសជាច្រើន ដែលមកចូលរួមជាមួយយើង រួមទាំងការធ្វើការហ្វឹកហាត់រួមជាមួយប្រទេសមួយចំនួនផ្សេងទៀត ហើយគោលដៅនោះ គឺយើងចង់បានគោលដៅ ហ្វឹកហាត់ជួយសង្គ្រោះគ្រោះមហន្តរាយ ហ្វឹកហាត់ដើម្បីប្រយុទ្ធប្រឆាំងភេរវកម្ម ហ្វឹកហាត់ដើម្បីជួយដល់ប្រជាពលរដ្ឋដែលត្រូវទទួលរងការគំរាមកំហែង ក្នុងស្ថានភាពដែលទទួលរងដោយគ្រោះធម្មជាតិ ឬគ្រោះអ្វីមួយដែលកើតឡើង រាប់ទាំងបញ្ហាជម្លៀសប្រជាពលរដ្ឋ ក្នុងពេលដែលមានហេតុការណ៍ធំៗផងដែរ រួមទាំងការធ្លាក់យន្តហោះ ឬក៏របៀបសង្គ្រោះតាមរយៈការណ៍នេះ ដែលយើងអាចមានកម្លាំងក្នុងការសង្រ្គោះបន្ទាន់ភ្លាមៗ និងការមុជរកគ្រាប់ជាដើម។

«ខ្ញុំសូមបញ្ជាក់សារជាថ្មីម្តងទៀត នៅកម្ពុជាតាំងពីពេលមុនរហូតមកដល់ពេលនេះ ចាប់តាំងពីឆ្នាំ១៩៨៩ រហូតដល់ពេលនេះ យើងពុំមានកងទ័ពបរទេសនៅកម្ពុជាទេ ពិតហើយកងទ័ពបរទេស ដែលមកចូលក្នុងកម្ពុជានៅឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣ គឺជាប្រតិបត្តិការរក្សាសន្តិភាព នៅក្នុងប្រទេសកម្ពុជា។ ឥឡូវនេះ យើងមានតែកងទ័ពរបស់យើងបញ្ជូនចេញទៅក្រៅតែប៉ុណ្ណោះ ឯនៅកម្ពុជាខ្ញុំជឿថា មានកងទ័ពបរទេស ប៉ុន្តែអ្នកទាំងនោះគឺជាអនុព័ន្ធយោធា នៅតាមស្ថានទូតនានាតែប៉ុណ្ណោះ គ្មានកងទ័ពបរទេសសម្រាប់ការប្រយុទ្ធនោះទេ»

«មានកងទ័ពបរទេសខ្លះ ដែលមកធ្វើជាជំនាញការ ដូចជាវិស័យដោះមីន យោធាចារ្យដោះមីន ដែលខ្លះមកពីឥណ្ឌា បារាំង អាមេរិកក៏មាន អញ្ចឹងយើងយល់យ៉ាងម៉េចវិញទៅលើបញ្ហានេះ។ យើងក៏ទទួលស្គាល់ថា មានសិក្ខាកាមបរទេស ដែលរាប់ទាំងកូឡុំប៊ី មករៀនសូត្រនៅកម្ពុជាសម្រាប់វិស័យដោះមីន»។

«ខ្ញុំសូមបញ្ជាក់សារជាថ្មីថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋាន យោធាបរទេស មិនថាជើងទឹក ជើងគោក ឬជើងអាកាស នោះទេ។ យើងទាត់ចោលនូវព័ត៌មានទាំងឡាយដែលបំភ្លៃការពិត ហើយយើងបញ្ជាក់ជាផ្លូវការនៅថ្ងៃនេះ ហើយខ្ញុំនឹងធ្វើលិខិតទៅអនុប្រធានាធិបតេយ្យសហរដ្ឋអាមេរិក ម៉ៃ ផេន (Mike Pence) ដើម្បីឱ្យគាត់ច្បាស់អំពីបញ្ហានេះ។

នៅថ្ងៃស្អែក នឹងជួបជាមួយទូតអាមេរិក William Heidt ដែលចប់អាណត្តិ ជម្រាបលាកម្ពុជា។ សម្តេចបានជំរុញឱ្យ លោក វិល្លាម ហៃថ៍ ទស្សនានូវសេចក្តីថ្លែងការណ៍ របស់សម្តេចនៅថ្ងៃនេះ៕