(ភ្នំពេញ)៖ លោក William Heidt អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ជិតផុតអាណត្តិបានថ្លែងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានស្វាគមន៍ចំពោះ សាលក្រម ដែលកាត់ទោស ខៀវ សំផន និងនួន ជា ដាក់ពន្ធនាគារមួយជីវិត។

លោក William Heidt បានបញ្ជាក់នៅសេចក្តីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះថា៖ «សហរដ្ឋអាមេរិកសូមស្វាគមន៍​សាលក្រមនៅថ្ងៃ​នេះ ដែលកំណត់​ឱ្យអតីតមេដឹកនាំ​ខ្មែរក្រហម ខៀវ សំផន និង នួន ជា​ មានទោសក្នុង​បទឧក្រិដ្ឋប្រឆាំង​មនុស្សជាតិ និងបទប្រល័យពូជសាសន៍។ ថ្វីត្បិតតែត្រូវបាន​ចេញ​យឺត​ក្តី តែវាជាជំហានជា​ប្រវត្តិសាស្រ្តសំរាប់​ប្រទេសកម្ពុជា»

លោកបានបន្តថា «សហរដ្ឋអាមេរិកសូមសាទរ​ចំពោះជនរងគ្រោះ និងអ្នកគាំទ្ររបស់គេ ដែលបានខិតខំ​ដោយគ្មាន​ស្រាកស្រាន ដើម្បីឱ្យមាន​ការទទួលខុសត្រូវ និងសូមសាទរចំពោះសាក្សី​ដែលមានសេចក្តីក្លាហាន​​ក្នុងការប្រាប់ពីការពិតប្រកប​ដោយ​ការឈឺចាប់ ស្តីពីបទរំលោភដ៏គួរអោយខ្លាច ដែលគេបានទទួលរង។ យើងសូមសាទរផងដែរ ចំពោះអង្គជំនុំជម្រះវិសាមញ្ញ​​ក្នុងតុលាការកម្ពុជា ដែលបានផ្តល់ជា​កន្លែងផ្តល់យុត្តិធម៌​សំរាប់​ជនរងគ្រោះដោយសារបទឧក្រិដ្ឋ​ដ៏សែនយង់ឃ្នង​​របស់របបខ្មែរក្រហម»

សូមបញ្ជាក់ថា នៅថ្ងៃទី១៦​ ខែវិច្ឆិកា កន្លងទៅនេះ អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានប្រកាសសាលក្រមសំណុំរឿង ០០២/០២ ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទ នួន ជា និងខៀវ សំផន អតីតមេដឹកនាំខ្មែរក្រហម ដាក់ពន្ធនាគារម្នាក់ៗមួយជីវិត។ ការសម្រេចនេះបាននាំឲ្យមានការសាទរពីសំណាក់ ប្រជាពលរដ្្ឋខ្មែរ និងបណ្តាប្រទេសជាច្រើនផ្សេងទៀត ដោយចាត់ទុកការសម្រេចនេះ ជាការផ្តល់នូវយុត្តិធម៌មួយដល់ពលរដ្ឋខ្មែរ ដែលរងគ្រោះក្នុងរបបដ៏ឃោរឃៅនោះ៕