(កំពង់ចាម)៖ លោក​បណ្ឌិត មាស បូរ៉ា សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និងជា​សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឯកទេស​នៃកម្ពុជា CUS ក្នុង​សន្និសីទ ស៊ីយូអេស ២០១៨ ស្តីពីសិក្សានៅឧត្តមសិក្សា ដើម្បីឧត្តមភាពការងារ ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ CUS ខេត្តកំពង់ចាម បានលើកឡើងថា មានចំណេះដឹង ជាដើមចម នាំឲ្យយើងទទួលបានជោគជ័យ។

ក្នុងឱកាសនោះ​ នាយកសាកលវិទ្យាល័យ CUS ខេត្តកំពង់ចាម លោក ហែម បញ្ញា បានថ្លែងថា សន្និសីទនេះ​​ធ្វើឡើងក្នុងគោលបំណង ជួយតម្រង់ទិសដល់​​សិស្សានុសិស្ស ក្នុងការជ្រើសរើស​ជំនាញ ឯកទេសសិក្សានៅថ្នាក់ឧត្តមសិក្សា​ឲ្យបានត្រឹមត្រូវ និងការស្វែងយល់អំពីកត្តាជោគជ័យក្នុងការងារ មុខរបរ និងការយល់ដឹងអំពីលក្ខណៈសម្បត្តិ​របស់បុគ្គលជោគជ័យ សម្រាប់ជាជំនួយស្មារតី​ក្នុងការរៀបចំអនាគតរបស់ខ្លួនឲ្យបានប្រសើរ ព្រមទាំងបង្កើនភាពជាដៃគូ និង​ពង្រឹងកិច្ចសហប្រតិបត្តការ​របស់សាកលវិទ្យាល័យ ជាមួយស្ថាប័ននានា ដែលមានសក្តានុពលជួយលើកស្ទួយ សេវានិស្សិតរបស់សាកលវិទ្យាល័យឲ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ លោក​បណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ CUS ក៏បានធ្វើបទបង្ហាញ​ជាច្រើន ទៅដល់ក្រុមនិស្សិត ទាក់ទង​ទៅនិង​ប្រធានបទ ស្តីពី​សិក្សានៅឧត្តមសិក្សា ដើម្បីអនាគតរុងរឿង និងជោគជ័យ​នេះ។

បន្ថែមពីនេះ លោកបណ្ឌិត មាស បូរ៉ា បានថ្លែងថា ក្នុងពិភពលោក​មានអ្នកជោគជ័យជាច្រើន មានប្រភពចេញមកពីអ្នកក្រ​ ហើយផ្តើមចេញពីចំណេះដឹង ដែលបានមកពីការខិតខំតស៊ូ សិក្សា និងស្រាវជ្រាវ ទើបពួកគេ​បានទទួលជោគជ័យ។ បើទោះជាយ៉ាងនោះក្តី ពួកគេមិនបានបោះបង់ការសិក្សាទេ ពោលគឺគេនៅតែបន្តការសិក្សា​ស្រាវជ្រាវ ដើម្បីក្រេបជញ្ជក់យកចំណេះដឹង មកធ្វើការអភិវឌ្ឍនខ្លួនរបស់គេ ដើម្បីដើរឲ្យទាន់សម័យកាល ជាពិសេស​សម័យទំនើបដូចពេលបច្ចប្បន្ននេះ។

សាកលវិទ្យាធិការរូបនេះ បានសង្កត់ធ្ងន់ថា សូមអ្នកកុំបំផ្លាញគោលដៅធំរបស់អ្នក ដោយសារតែគោលដៅតូច ព្រោះដោយសារថា កន្លងទៅ​មាននិស្សិតខ្លះកំពុងតែរៀន ដើម្បីឈោងចាប់យកកិច្ចការធំៗ ហើយស្រាប់តែបោះបង់ការសិក្សា​ទៅធ្វើការងារតូចៗ ដែលធ្វើឲ្យខ្លួនបាត់បង់ឱកាស ក្នុងការចាប់យកការងារធំ​ ដូច្នេះប្រសិនបើយើងចង់តម្រង់ទិសឲ្យក្លាយទៅជាអ្នកមានការងារជំនាញ លុះត្រាតែយើង​មានផែនការច្បាស់លាស់ ក្នុងការសិក្សានៅឧត្តមសិក្សានេះ នោះទើប​អាចមានឱកាសឈានទៅរកឧត្តមភាពការងារបាន៕