(សឹង្ហបុរី)៖ ថ្លែងក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ពិភពម៉ាឡាយូពិភពឥស្លាម (DMDI) លើកទី១៩ ប្រទេសសឹង្ហបុរី នៅថ្ងៃទី​១៥-១៨ ខែ​វិច្ជិកា ឆ្នាំ២០១៨នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និង​ជាអនុប្រធាន DMDI ព្រមទាំងជាប្រធាន DMDI ប្រចាំកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំរយៈពេល​៣​ថ្ងៃ ក្រោមប្រធានបទស្តីពី «ការឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរ វប្បធម៌ សេដ្ឋកិច្ច និង​សង្គម» បាននាំចំណាប់អារម្មណ៍យ៉ាងខ្លាំង ដល់សមាជិកមកពីប្រទេស​២៣ ដែលជារដ្ឋ និងតំបន់ដែលនិយាយភាសាម៉ាឡាយូ ដោយមើលឃើញពីសក្តានុពល និង​ឱកាសវិនិយោគនៅកម្ពុជា។

បើតាមលោកទេសរដ្ឋមន្ដ្រី ជាពិសេសការវិនិយោគលើ វិស័យឧស្សាហកម្មហាឡាលកម្ពុជា ក្រោមគោលនយោបាយអភិវឌ្ឍន៍របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលកំណើនសេដ្ឋកិច្ចនៅកម្ពុជាក្នុងអត្រាជាង​៧% ប្រចាំឆ្នាំ ក្នុងរយៈពេលជាង២ទសវត្សរ៍ ហើយបានចេញជាអនុក្រឹត្យស្តីពីការរៀបចំ និង​ប្រព្រឹត្តទៅនៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា កាលពីឆ្នាំ​២០១៦ ដែលធ្វើឲ្យវិស័យ ហាឡាលកម្ពុជា កាន់តែមានភាពជឿជាក់ពីបណ្តាអ្នកវិនិយោគ​ និង​អតិថិជន អ្នកប្រើប្រាស់ទូទាំងពិភពលោក។​

តាមការបញ្ជាក់របស់ លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ សមាសភាពជាតំណាងប្រទេសសមាជិក DMDI ដែលដឹកនាំគណៈប្រតិភូចូលរួម ក្នុងកិច្ចប្រជុំកំពូលនេះ គឺថ្នាក់ដឹកនាំជួររដ្ឋាភិបាល ឥស្សរជន វិនិយោគិន សហគ្រិន ធុរៈកិច្ចជន មានចំនួន​៣៤០​នាក់ ដែលតំណាងមកពីបណ្តាប្រទេស រដ្ឋ តំបន់ នៅទូទាំងពិភពលោកចំនួន២៣ ដែលនិយាយភាសាម៉ាឡាយូ។

ក្នុងនោះរួមមាន កម្ពុជា ថៃ សឹង្ហបុរីម៉ាឡេស៊ី ចិន ឥណ្ឌូនេស៊ី អារ៉ាប៊ីសាអ៊ូឌីត ប្រ៊ុយណេ ភីលីពីន ទីម័រ អង់គ្លេស ម៉ាដាហ្គាស្កា អូស្ត្រាលី អាហ្វ្រិកខាងត្បូង អេហ្ស៊ីប បូស្នីហ្ស៊េហ្គោវីណា ហូឡង់ ម៉ាល់ឌីវ បង់ក្លាដែស កាណាដា ស៊ូរីណា​ម ស្រីលង្កា ម៉ូរីស ​ដើម្បីពង្រឹងទំនាក់ទំនង និងផ្តោត​សំខាន់​​នូវស្ថាន​ភាព​ទូទៅ​លើការ​អភិវឌ្ឍ កិច្ចការសាសនា វិស័យសិក្សាធិការ ការគ្រប់​គ្រង​​វិស័យ​​​​ហាឡា​ល​ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសង្គម សេដ្ឋកិច្ច និង​វប្បធម៌ ការ​ប្រមូល​វិស័យ​វ៉ាហ្គហ្វ (ទាយ​ជ្ជ​ទាន) គ្រប់​គ្រង​​​វិស័យ​​​ហ្សាកាត់ (ការបរិច្ចាគទ្រព្យ) បច្ចេកទេស​គ្រប់គ្រងហាជ្ជី (ការធ្វើ​ធម្ម​​យាត្រា​) កម្មវិធី​​​យុវជន នៃបណ្តា​ប្រទេស​​ជាសមាជិក​របស់​ DMDI​។

គណៈប្រតិភូ​តំណាងប្រទេសនានា បានកោតសរសើរចំពោះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយក្តីគោរពស្រលាញ់ពេញចិត្ត ចំពោះការដឹកនាំប្រទេស ដែលធ្វើឲ្យមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសធ្វើឲ្យមានសុខដុមបនីយកម្មសាសនា៕