(ភ្នំពេញ)៖ ជនជាតិខ្មែរ និងពលរដ្ឋជប៉ុន ​ប្រមាណ​៨០០​នាក់ បានចូលរួមក្នុងកម្មវិធី «ភ្នំពេញទីក្រុងស្អាត ជាមួយ​ប្រទេសជប៉ុន» ដើររើសសំរាម​ បោសសម្អាតទីធ្លានានា ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ។

ពិធីនេះក៏​​មានការចូលរួមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន, លោក ហូរីណូអ៊ុឈិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ហួត ហៃ ​អភិបាលរង​រាជធានីភ្នំពេញ ដែលគម្រោង «ភ្នំពេញទីក្រុងស្អាត ជាមួយប្រទេសជប៉ុន» ត្រូវបានសហការរៀបចំដោយ គណៈកម្មាធិការគម្រោងភ្នំពេញទីក្រុងស្អាតជាមួយប្រទេសជប៉ុន និងក្រសួងបរិស្ថាន។​

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថានគាំទ្រ និងសូមវាយតម្លៃខ្ពស់ចំពោះ «គម្រោងភ្នំពេញទីក្រុងស្អាត» នេះ ដែលបង្កើតជាឱកាសជួបជុំមួយ ក្នុងចំណោមអ្នកស្រឡាញ់បរិស្ថានដើម្បីរើសសំរាម សម្អាតទីក្រុង។ នេះជាសកម្មភាពដ៏មានតម្លៃ ក្នុងការលើកកម្ពស់ការយល់ដឹង អំពីបរិស្ថាន ស្រឡាញ់បរិស្ថាន និងចូលរួមសម្អាតអនាម័យបរិស្ថាន ក្នុងទីក្រុងរបស់យើង ក្នុងចំណោមប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីជំរុញចលនាចូលរួមសម្អាតទីក្រុង ដើម្បីធ្វើយ៉ាងណាឱ្យទីក្រុងយើង កាន់តែមានសោភ័ណភាព បរិស្ថានស្អាត និងប្រកបដោយផាសុខភាព សម្រាប់ការរស់នៅ និងទាក់ទាញភ្ញៀវទេសចរ។

ឯកអគ្គរាជទូតជប៉ុន ហូរីណូអ៊ុឈិ ហ៊ីដេហ៊ីសា បានថ្លែងថា កម្មវីធីនេះពិតជាមានអត្ថន័យ ជ្រៀលជ្រៅដោយបងប្អូនជនជាតិជប៉ុន នៅរាជធានីភ្នំពេញ ផ្តួចផ្តើមគំនិតឡើង ដោយសហការរៀបចំជា​មួយក្រសួងបរិស្ថាន និងសាលារាជធានីភ្នំពេញ ហើយ​ប្រជាជនជប៉ុន និងកម្ពុជារួមសាមគ្គីគ្នាសម្អាតទីក្រុង។ លោកឯកអគ្គរាជទូតបានបញ្ជាក់ថា បញ្ហាសំរាមនៅក្នុងទីក្រុង មិន​ត្រឹមមានតែនៅក្នុងប្រទេសកម្ពុជា សូម្បីតែនៅប្រទេសជប៉ុនក៏មានបញ្ហាប្រឈមដែរ។

​ចំណែកលោក ហួត ហៃ បានលើកឡើងថា វាជាភាពចាំបាច់ ដែលទាំងអស់គ្នាចាំបាច់ត្រូវយកចិត្តទុកដាក់ក្នុងការធ្វើឱ្យ ទីក្រុងរបស់យើងជាកន្លែងដែលគួររស់នៅ និងប្រកបដោយអនាម័យបរិស្ថានល្អ។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បច្ចុប្បន្ននេះ នៅក្នុងមួយថ្ងៃ​សំណល់រឹងសំរាមនៅក្នុងរាជធានីភ្នំពេញ បានកើនរហូតដល់ ៣,០០០​តោន ក្នុងនោះ​៦៥% ជាសំរាមសើម​២០% ជាថង់ប្លាស្ទិក និងជាង​១០% ជាសំណល់រឹង។ ចំណែកការការច្នៃសំរាម មានត្រឹមតែ ២០%ប៉ុណ្ណោះដែលធ្វើឱ្យអាត្រាសំរាម ដែលត្រូវបោះចោលនៅទីលានសំរាមមានពី​៧០ ទៅ​៨០% និងសំរាមមួយចំនួនទៀត ត្រូវបានបោះចោលអនាធិបតេយ្យនៅតាមផ្លូវសាធារណៈនានា។

សំណល់ដែលត្រូវបានអ្នកចូលរួមប្រមូលបាន គឺភាគច្រើនជាសំណល់សំរាម ថង់ប្លាស្ទិកដែលត្រូវបានបោះរាយប៉ាយ នៅតាមធីធ្លាសាធារណៈនានា ក្រោយពីការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលមិនបានទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

ចំពោះមុខនៃបញ្ហាកំណើនសំរាមក្នុងទីក្រុងនេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានអំពាវនាវថា យើងទាំងអស់គ្នាចាំបាច់ ត្រូវចូលរួមថែរក្សាអនាម័យ ទីក្រុងរបស់យើងទាំងអស់គ្នាដោយ៖ ទី១៖ ធ្វើការញែកសំរាមតាមប្រភេទសំរាម ជាសំណល់សរីរាង្គ សំរាម ប្លាស្ទិក និងសារធា​តុគ្រោះថ្នាក់ និងវេចខ្ចប់ និងគ្រប់គ្រងសំរាមដែលខ្លួនបង្កើតឱ្យបានត្រឹមត្រូវ។ ទី២៖ អនុ​វត្តនូវគោលការណ៍ ៣អ៊ែរ (កាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ) ចំពោះសំណល់ថង់ ប្លាស្ទិកដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងបំផ្លាញសោភ័ណភាពទីក្រុងយើង។ ទី៣៖ ចូលរួមសម្អាតអនាម័យ បរិស្ថានទីក្រុងយើងដោយចាត់ទុក «គ្រប់ទីកន្លែងទាំងអស់ជាផ្ទះរបស់យើង» ដែលត្រូវតែស្អាត និង​មានផាសុខភាពគួរឱ្យរស់នៅ។ ទី៤៖ ចូលរួមដាំដើមឈើ ដើម្បីបង្កើតភាពបៃតង និងបង្កើនគុណភាពខ្យល់ និងទី៥៖ សូមកុំចោលសំរាមផ្តេសផ្តាស ត្រូវទុកដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ។ កិច្ចការទាំងនេះ នឹងជួយធ្វើឱ្យទីក្រុងរបស់យើង មានអនាម័យបរិស្ថានកាន់តែល្អស្អាត។

លោក នេត្រ ភក្ត្រា បានថ្លែងយ៉ាងដូច្នេះថា ខ្ញុំជឿជាក់ថា «គម្រោង​ភ្នំពេញទីក្រុងស្អាត» ដែលបានបើកនៅថ្ងៃនេះ នឹងក្លាយជានិមិត្តរូបសាមគ្គីភាព យូរអង្វែងរវាងប្រជាជនកម្ពុជា និងជប៉ុននៅក្នុងការលើកកម្ពស់តម្លៃបរិស្ថាន ធ្វើឱ្យទីក្រុងយើងគ្មានសំរាមចោលផ្តេសផ្តាស។ មិនតែប៉ុណ្ណោះសកម្មភាពនៅថ្ងៃនេះ នឹងក្លាយជាជួងដាស់អារម្មណ៍ដល់ជនមួយចំនួនតូច ដែលបានបោះចោលសំរាមពាសវាលពាស កាលឱ្យភ្ញាក់រលឹកឡើង និងចូលរួមសម្អាតបរិស្ថាន ទីក្រុងយើងទាំងអស់គ្នា។ ទីក្រុងយើងស្អាត គឺជាមោទនភាពរបស់យើង និងលើកតម្កើងសុខុមាលភាពប្រជាពលរដ្ឋ សោភ័ពភាពទីក្រុងដែលជាផ្ទះរបស់យើងទាំងអស់គ្នា»។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន ​បានគូសបញ្ជាក់ថា នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៦​នេះ ក្រសួងបរិស្ថានបានកំណត់ចក្ខុវិស័យរបស់ខ្លួន ដោយលើកឡើងថា គុណភាព និរន្តរភាពបរិស្ថានត្រូវបានធានា៕​