(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា នាពេលបច្ចុប្បន្ននេះ យុវជនគឺមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍលើវិស័យកសិកម្ម ព្រោះកម្លាំងយុវជនដែលនៅសិក្សា ដូចជាសិស្ស និស្សិត គឺពួកគេនៅតែស្រូបយកចំណេះដឹងថ្មីៗ បច្ចេកទេសថ្មីៗ ដើម្បីជួយដល់ការអភិវឌ្ឍលើវិស័យកសិកម្មនៅតាមជនបទផងដែរ។​

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និសីទជាតិលើកទី៥ ស្តីពី ការអភិវឌ្ឍកសិកម្ម និងជនបទ ក្រោមប្រធានបទ «និរន្តរភាពសេដ្ឋកិច្ចជនបទ តាមរយៈកសិកម្មវៃឆ្លាតខាងអាកាសធាតុ ការកែច្នៃ និងពាណិជ្ជកម្មកសិកម្ម» នៅសាលាជាតិកសិកម្មព្រែកលៀប។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «យុវជនគឺមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍលើវិស័យកសិកម្ម ព្រោះកម្លាំងយុវជនដែលនៅសិក្សា ដូចជានិស្សិត គឺពួកគេនៅតែស្រូបយកចំណោះដឹងថ្មីៗទៀត បច្ចេកទេសថ្មីៗ។ ដែលជួលកាលប្រទេសកម្ពុជាយើង ខ្វះនូវកាស្រាវជ្រាវ​ វត្ថុស្រាវជ្រាវ មន្ទីពិសោធន៍ ដូច្នេះថ្ងៃនេះគឺមាន សាកលវិទ្យាល័យជាច្រើនបានមកចូលរួម និងអ្នកស្រាវជ្រាវជាច្រើនដើម្បីមកបង្ហាញ នូវអ្វីដែលគេទទួលបាននៅពេលកន្លងទៅនេះ ហើយយុវជនជាពិសេសនិស្សិត អាចយកចំណោះដឹងនេះបន្ថែមនូវអ្វី ដែលពួកគេបានសិក្សារៀនសូត្រនៅសាកលវិទ្យាល័យផងដែ»

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានឲ្យដឹងថា ការធ្វើសន្និសីទនៅថ្ងៃនេះ ក្នុង​គោលបំណងធំបំផុត គឺធ្វើការផ្លាស់ប្តូរនូវបទពិសោធន៍ រវាងសកលវិទ្យាល័យផ្សេងៗ ដោយមួយឆ្នាំម្តង តែងតែជួបជុំគ្នាដើម្បីយកអ្វីដែលជាលទ្ធផលមកដាក់បង្ហាញ​ ព្រោះ​ធ្វើកសិកម្មមិនអាចនៅនឹងថ្កល់បានទេ​ ពីព្រោះតែដំណើរការវិវឌ្ឍ នៃវិស័យសេដ្ឋកិច្ច ដូចដែលសម្តេចតេជោ ហ៊ុន សែន តែងតែបានលើកឡើងថា កម្ពុជានៅឆ្នាំ​២០៣០ នឹងក្លាយជាប្រទេស​មួយ ដែលមានចំណូលមធ្យម​កម្រិតខ្ពស់ ហើយនឹងប្រែក្លាយប្រទេសកម្ពុជា ឱ្យមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ប្រជាពលរដ្ឋម្នាក់ត្រូវរកចំណូល បាន១ម៉ឺនដុល្លារក្នុងមួយឆ្នាំ។

លោកបានបន្តទៀតថា ប្រសិនបើយើងធ្វើកសិកម្មនៅនឹងដដែល គឺមិនបាននោះទេ ដែល​ទាមទារនូវបច្ចេកវិទ្យាថ្មី បទពិសោធន៍ថ្មី និងចំណោះដឹងថ្មី ដើម្បីផ្ទេរទៅ​កសិករ ឱ្យពួកគាត់បានយកចំណេះដឹងនេះ ទៅធ្វើការកែប្រែជីវភាព​ដោយទទួលបានចំណូលស្រប ទៅតាមកំណើនសេដ្ឋកិច្ច​ ពីព្រោះតែដំណើរការវិវឌ្ឍ នៃកំណើនសេដ្ឋកិច្ចក្នុងប្រទេសនីមួយៗ ​តែងតែមានការប្រែប្រួលដោយសារ តែគំនាបនៃដីរបស់គាត់មានតូច ហើយគ្មានជីវជាតិជាដើម ទើបធ្វើឱ្យពួកគាត់បានធ្វើចំណាកស្រុក ដើម្បីស្វែងរកចំណូល។​

លោក​រដ្ឋមន្ដ្រី បញ្ជាក់ថា កាលពីឆ្នាំ១៩៩៣ ប្រជាជនដែលប្រើកម្លាំងពលកម្ម នៅក្នុងវិស័យកសិកម្មមាន៨០% ហើយឥលូវនេះនៅសល់ប្រហែល៤០% ​ហើយរំពឹងថា នៅឆ្នាំ២០៥០ និងអាចធ្លាក់​នៅសល់​២២ទៅ២៣% ប៉ុណ្ណោះ ដូច្នេះ​អ្វីដែល​ត្រូវតែខិតខំនោះ គឺ​ត្រូវតែស្វែងរកបច្ចេកវិទ្យា ការធ្វើកសិកម្ម តាមបែបទំនើប និងត្រូវជ្រើសរើសគ្រឿងចក្រប្រភេទណា ដើម្បីរុញទៅជនបទឱ្យបានឆ្លើយតបនឹងសេចក្តីត្រូវការ របស់ប្រជាជនដែលត្រូវការប្រើប្រាស់ នូវពលកម្មតិច ឫការផ្តល់សេវាអ្វីមួយជូនដល់ប្រជាពលរដ្ឋ។

​ទន្ទឹមនេះក៏យើងបានគិតគូរផងដែរ​ថា នៅពេលអនាគតកម្លាំងយុវជន​វ័យក្មេងនេះ អាចនឹងធ្វើចំណាកស្រុក ចេញអស់ពីជនបទ ដូច្នេះហើយបានជាយើង ខិតខំប្រឹងប្រែង ស្វែងរកបច្ចេកទេសថ្មីៗ ដែលលើកទឹកចិត្តដល់កម្លាំងយុវជននៅជនបទ អាចមានលទ្ធភាពបន្តការងាររបស់ខ្លួន ដែលទទួលបាន​បច្ចេកទេសថ្មី សមស្រប ដូចជា​ការប្រើប្រាស់យន្តទោបនីយកម្មជាដើម ដែលប្រើប្រាស់កម្លាំងតិច និងស្វែងរកវិធីសាស្រ្តងាយៗ ដើម្បីទាក់ទាញនូវកម្លាំងយុវជន ជំនាន់ក្រោយនេះ អាចបន្តការងារក្នុងវិស័យកសិកម្មនេះ នៅជនបទបន្តទៀត៕