(អ៉ីតាលី)៖ ពានរង្វាន់បុរាណវិទ្យាប៉ាស្ទូម ឆ្នាំ២០១៨ (PAESTUM ARCHEOLOGIA) នៃវេទិកាកិច្ចប្រជុំលើកទី២១ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍អំពីបេតិកភណ្ឌ និងទេសចរណ៍នៃតំបន់មេឌីទែរ៉ាណេ និងតំបន់អឺរ៉ុប ត្រូវបានប្រគល់ជូនលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ក្នុងនាមតំណាងប្រទេសកម្ពុជា។

ការប្រគល់ពានរង្វាន់បុរាណវិទ្យាប៉ាស្ទូម ឆ្នាំ២០១៨នេះ ត្រូវបានធ្វើឡើងនាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅរមណីយដ្ឋានពិភពលោកប៉ាស្ទូម (Paestum) ប្រទេសអ៉ីតាលី។

ស្ថិតក្នុងវេទិកាពិសេសនៃកិច្ចប្រជុំលើកទី២១ខាងលើ លោកសាស្ត្រាចារ្យ Azedine Beschaouch បុរាណវិទូ និងជាសមាជិកបណ្ឌិតសភាបារាំងខាងសិលាចារឹក និងអក្សរផ្ចង់ និងជាអតីតប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកចំនួនពីរដង បានធ្វើបទបង្ហាញស្តីពីលក្ខណៈពិសេសនៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ជាពិសេសភាពអស្ចារ្យ និងអច្ឆរិយៈនៃប្រាសាទអង្គរវត្ត និងតំណាងពីស្ថាប័នគ្រប់គ្រងកីឡាដ្ឋាន Colosseum នៃប្រទេសអ៉ីតាលី ក៏បានធ្វើបទបង្ហាញស្តីពីប្រវត្តិសាស្ត្រនៃកីឡាដ្ឋាននេះផងដែរ។

ជាមួយគ្នានឹងបទបង្ហាញ លោកស្រី ភឿង សកុណា ក៏បានចូលរួមជាវាគ្មិនគន្លឹះក្នុងការជជែកពិភាក្សា ប្រៀបធៀបជាលក្ខណៈប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រអំពីរមណីយដ្ឋានពិភពលោកទាំងពីរ។

ជាកិច្ចបន្ត លោក Ugo Picarelli ប្រធាននៃវេទិកាកិច្ចប្រជុំលើកទី២១ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍អំពីបេតិកភណ្ឌ និងទេសចរណ៍នៃតំបន់មេឌីទែរ៉ាណេ និងតំបន់អឺរ៉ុប បានប្រគល់ពានរង្វាន់បុរាណវិទ្យាប៉ាស្ទូមឆ្នាំ២០១៨ ជូនដល់ជ័យលាភីលោកស្រី ភឿង សកុណា។ ជ័យលាភីក្នុងឆ្នាំ២០១៨ មានចំនួន៤រូបក្នុងនោះ២រូប មកពីផ្នែកវប្បធម៌រួមមានលោកស្រី ភឿង សកុណា និងលោកស្រី Irina Bokova អតីតអគ្គនាយិកាអង្គការយូណេស្កូ។ ចំពោះពានរង្វាន់ប្រចាំឆ្នាំនៃវេទិកាកិច្ចប្រជុំដើម្បីផ្លាស់ប្ដូរបទពិសោធន៍អំពីបេតិកភណ្ឌ និងទេសចរណ៍នៃតំបន់មេឌីទែរ៉ាណេ និងតំបន់អឺរ៉ុបតែងតែប្រារព្វឡើងជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០០៥ រហូតដល់បច្ចុប្បន្ន។

ការប្រគល់ពានរង្វាន់នេះ គឺជាមហាកិត្តិយសដ៏ឧត្តុងឧត្តមដល់កម្ពុជា ជាពិសេសការទទួលស្គាល់ជាអន្តរជាតិអំពីភាពអស្ចារ្យនៃរមណីយដ្ឋានអង្គរជាសារមន្ទីរមានជីវិត ដែលពោពេញទៅដោយប្រវត្តិសាស្ត្រ សិល្បៈ និងបុរាណវិទ្យា និងការខិតខំរបស់លោកស្រី ភឿង សកុណា ក្នុងការការពារ ថែរក្សា លើកតម្លៃបេតិកភណ្ឌវប្បធម៌នៃកម្ពុជា ដូចជា រមណីយដ្ឋានអង្គរ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងរមណីយដ្ឋានប្រាសាទព្រះវិហារ៕