(ភ្នំពេញ)៖ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការណែនាំពីអភិបាលរាជធានីភ្នំពេញ, មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ ក្នុងផែនការតុបតែងលម្អរ ភ្លើងភ្ញីតាមសួនច្បារ ដងផ្លូវ និងទីសាធារណៈនានា ក្នុងរាជធានីភ្នំពេញ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆាប់ៗនេះ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដំណើរការជួសជុលកែលំអរតាមសួនច្បារ និងទីសាធារណៈផ្សេងៗ ឲ្យមានសោភ័ណភាព ជាពិសេសនៅតាមតំបន់ដែលត្រូវរៀបចំព្រះរាជពិធីបុណ្យអុំទូក ណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនាពេលខាងមុខ មានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២១-២២ និងថ្ងៃទី២៣ ខែវិច្ឆិកានេះ។

លោកបានបន្តថា មន្ត្រីជំនាញគ្រប់ផ្នែកក្រោមឱវ៉ាទរដ្ឋបាលរាជធានីភ្នំពេញ មមាញឹកជាខ្លាំងក្នុងផែនការតុបតែងលម្អរមានដូចជា ផ្នែកភ្លើងបំភ្លឺសាធារណៈត្រូវបានជុំរុញការប្លាស់ប្តូរអំពូលភ្លើង និងតម្លើងអំពូលភ្លើងចំរុះពណ៌ នៅតាមដើមឈើ សួនច្បារ តាមដងផ្លូវ ជាពិសេស នៅតំបន់ប្រារព្ធពិធីអុំទូកតែម្តង ផ្នែកសួនច្បារលាបកំបោរតាមគល់ឈើ លាបថ្នាំតាមការ៉ូឡា និងប័រឌារតាមចិញ្ចើមសួនច្បារ និងដាក់ពង្រាយបង្គន់អនាម័យជិត៦០០បង្គន់ ដើម្បីត្រៀមទទួលស្វាគមន៍ប្រជាពលរដ្ឋចូលរួមព្រះរាជពិធីបុណ្យអុំទូក ក្នុងនាមជាម្ចាស់ផ្ទះផងដែរ។

លោក សាំ ពិសិដ្ឋ បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញ បានតម្លើងរបារកាត់ទទឹងផ្លូវរួចហើយដើម្បីអបអរសាទរបុណ្យអុំទូក ដែលត្រូវដាក់ចំនួន៤ទីតាំង រួមមាន៖

*ទី១៖ ដាក់នៅមហាវិថីព្រះនរោត្តមខាងជើង ជាប់រង្វង់មូលវិមានឯករាជ្យ
*ទី២៖ ដាក់មហាវិថីព្រះនរោត្តម មុខនាឡិការរមណីដ្ឋានវត្តភ្នំ
*ទី៣៖ ដាក់នៅតិរវិថីព្រះស៊ីសុវត្ថិមុខព្រះគន្លង់
*ទី៤៖ ដាក់នៅមហាវិថីព្រះសីហនុ ខាងលិចរង្វង់មូលសម្តេចសង្ឃ ជួន ណាត។

លោកបន្តថា ការងារទាំងនេះ នឹងរួចរាល់នៅមុនថ្ងៃទី១៨ ខែវិច្ឆិកានេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរឡើង។ ចំណែក មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ទទួលបន្ទុកតុបតែង និងចងទង់ជាតិ ឬទង់ជ្វាលា បានឲ្យដឹងថា ដោយមានការណែនាំពីលោក ឃួង ស្រេង ក្រុមការងាររបស់លោកបានដាក់បង្គោល និងទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រធំៗ នៅមាត់ទន្លេមុខព្រះបរមរាជវាំង មានចំនួន៧៥។

លោកបញ្ជាក់ថា ថ្ងៃធម្មតា នៅមុខព្រះបរមរាជវាំង គឺដាក់ទង់ជាតិតំណាងប្រទេស និងទង់បណ្តារអង្គការសហប្រជាជាតិនានា នៅតាមមាត់ទន្លេមុខព្រះបរមរាជវាំង ប៉ុន្តែសម្រាប់ថ្ងៃបុណ្យអុំទូក ត្រូវបានទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រវិញ៕