(ភ្នំពេញ)៖ លោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីភាពវិជ្ជមាន ក្នុងការរៀបចំពិព័រណ៍ការសិក្សា នៅប្រទេសម៉ាទ្បេស៊ី និងឱកាសការងារសម្រាប់ឆ្នាំ២០១៨ ដែលប្រារព្ធឡើង ដោយក្រសួងអប់រំកម្ពុជា-ម៉ាឡេស៊ីថា នឹងផ្ដល់ឱកាសច្រើនសម្រាប់និស្សិតកម្ពុជា​ ក្នុងការស្វែងករឱកាសក្នុងការសិក្សាបន្ថែមទៀត។

ការលើកឡើងបែបនេះ របស់អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងការតាំងពិព័រណ៍ការសិក្សានៅប្រទេសម៉ាទ្បេស៊ី និងឱកាសការងារសម្រាប់ឆ្នាំ២០១៨ ដែលរៀបចំឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្សជាច្រើនរូប។

លោកបណ្ឌិត សាន វឌ្ឍនា លើកឡើងថា «គោលបំណងនៃពិព័រណ៍នេះ គឺផ្ដោតខ្លាំងដូចជា ការបង្កើតកិច្ចសហការ ការទំនាក់ទំនងរវាងស្ថាប័ន-គ្រឹះស្ថានឧត្តមសិក្សានៃប្រទេសទាំងពីរ ផ្ដោតទៅលើការជំរុញនិស្សិតឲ្យស្វែងរកឱកាស រៀនសូត្របន្ថែម, ជំរុញឲ្យលោកគ្រូ-អ្នកគ្រូផ្លាស់ប្ដូរបទពិសោធន៍នៃរបៀបបង្រៀន ព្រមទាំងជំរុញឲ្យអ្នកស្រាវជ្រាវ ទាំងពីរប្រទេសគិតពីលទ្ធភាពនៃ ការស្រាវជា្រវផ្នែកវិទ្យាសាស្រ្ដរួមគ្នា»

លោកបន្ដទៀតថា មួយវិញទៀតដើម្បីចូលរួមលើកកម្ពស់នូវគុណភាពអប់រំ និងការផ្លាស់ប្ដូរបទពិសោធន៍ ផ្នែកអភិបាលកិច្ច រវាងប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ីលើវិស័យឧត្តមសិក្សា ព្រមទាំងការចែករំលែកព័ត៌មាន ព្រមទាំងការយល់ពីគ្នាទៅវិញទៅមក រវាងយុវជនកម្ពុជា-ម៉ាឡេស៊ី។

លោកបណ្ឌិតបន្ថែមថា កត្តាដែលនិស្សិតគួរតែបន្ដការសិក្សាក្នុងប្រទេសម៉ាឡេស៊ី ក្រៅពីការមើលឃើញគុណភាពនៃ ការអប់រំ ក្រៅពីការមើលឃើញឱកាសការងារគឺ៖

១៖ ចំងាយផ្លូវរវាងកម្ពុជាទៅម៉ាឡេស៊ី មានភាពជិតគ្នា។
២៖ ការចំណាយលើការរស់នៅមានកម្រិតទាប បើធៀបនឹងបណ្ដាប្រទេសដទៃទៀត។
៣៖ សម្រាប់អាហារ, អាកាសធាតុ និងវប្បធម៌មានចំណុចស្រដៀងគ្នានឹងកម្ពុជា​។
៤៖ សម្រាប់ការអភិវឌ្ឍន៍លើផ្នែកសេដ្ឋកិច្ច, សង្គម, នយោបាយរវាងប្រទេសទាំង២ កំពុងដើរក្នុងផ្លូវមួយឆ្ពោះទៅរកការអភិវឌ្ឍន៍ដូចគ្នា។

លោក Rujhan Mustafa, នាយកប្រតិបត្តិនៃ EMGS នៃក្រសួងអប់រំម៉ាទ្បេស៊ីឲ្យដឹងថា ខាងសាកលវិទ្យាល័យម៉ាឡេស៊ី មានអាហារូបករណ៍ជាច្រើន សម្រាប់ផ្ដល់ដល់និស្សិតកម្ពុជា យ៉ាងតិចណាស់១សាកលវិទ្យាល័យមានចំនួនម្នាក់ តែសម្រាប់សាកលវិទ្យាល័យផ្សេងទៀតអាចផ្ដល់លើសពីនេះ។

លោកបន្ដទៀតថា សម្រាប់លក្ខខណ្ឌដែលត្រូវបានទទួលអាហារូបករណ៍គឺ ផ្ដោតទៅលើការសិក្សានិស្សិតជាសំខាន់ មានន័យថា ផ្តោតទៅលើការសិក្សារបស់និស្សិតពីមុនមក,​ ពាក់ព័ន្ធនឹងពិន្ទុដែលពិន្ទុនេះដើម្បីបញ្ជាក់ថា និស្សិតម្នាក់នេះ ជាមនុស្សដែលខិតខំសិក្សាឬអត់, ពិនិត្យលើស្ថានភាពគ្រួសារ (ក្រីក្រ) ចំណុចសំខាន់គឺពិន្ទុភាសាអង់គ្លេសខ្ពស់។

សូមជម្រាបថា ការតាំងពិព័រណ៍នេះមានការចូលរួមពី គ្រឹះស្ថានសិក្សារបស់ម៉ាឡេស៊ីចំនួន៤៧។ បច្ចុប្បន្ននេះនិស្សិតអន្តរជាតិ១៨០,០០០នាក់ កំពុងតែសិក្សានៅប្រទេសម៉ាទ្បេស៊ី ចំនួននិស្សិតអន្តរជាតិនេះ បានធ្វើឱ្យម៉ាទ្បេស៊ីក្លាយជាប្រទេសគោលដៅមួយ សម្រាប់ការសិក្សាលើពិភពលោកដោយនិស្សិតនឹងទទួលបាន សញ្ញាប័ត្រពីគ្រឹះសិក្សាដែលមានការទទួលស្គាល់កម្រិតខ្ពស់ និងតម្លៃសមរម្យ៕