(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មន្ត្រីកាំកុងត្រូលខេត្តបាត់ដំបង និងគ្រប់ស្ថាប័នពាក់ព័ន្ធ បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមីហាមឃាត់ ដោយបានចុះត្រួតពិនិត្យទំនិញនៅផ្សារពេជ្រចិន្ដា ស្ថិតនៅក្នុងស្រុកភ្នំព្រឹក និងផ្សារខេអរឌីស្ថិតនៅស្រុកកំរៀង ដោយដកហូតទំនិញខូចគុណភាពចម្រុះសរុបប្រមាណ ២០គីឡូក្រាម យកមករក្សាទុកនៅសាខា ដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។

លោក ហាក់ សុខរិន ប្រាធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឱ្យដឹងថា មន្រ្តីជំនាញនៅតែបន្តចុះត្រួតពិនិត្យជាប្រចាំ ហើយធ្វើការអប់រំតាមប្រព័ន្ធផ្សព្វផ្សាយ តាមរយៈបិទស្ទីកឃើ នៅតាមទីតាំងលក់ទំនិញ ឬអប់រំដោយផ្ទាល់ ប្រាប់ពីផលប៉ះពាល់សុខភាពដោយសារចំណីអាហារ ដាក់លក់នៅលើទីផ្សារ ធ្វើការត្រួតពិនិត្យរាល់ការនាំចូល ការដាក់តាំងលក់ទំនិញខូចគុណភាព ដាក់លាយសារធាតុគីមី គ្មានកាលបរិច្ឆេទច្បាស់លាស់ មិនឲ្យមានធ្វើចរាចរណ៍នៅលើទីផ្សារបន្តទៀត។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នមុននឹងទិញទំនិញលើទីផ្សារ ពិសេសចំណីអាហារប្រចាំថ្ងៃ សូមពិនិត្យឲ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងប៉ះទំនិញខូចគុណភាព ធ្វើឲ្យប៉ះពាល់សុខភាពបងប្អូនទៅថ្ងៃក្រោយ៕