(បាត់ដំបង)៖ អគារសិក្សា១ខ្នង មាន៥បន្ទប់ តម្លៃជិត១០ម៉ឺនដុល្លារអាមេរិក ដែលជាអំណោយសម្តេចក្រឡាហោម ស ខេង​ អនុប្រធានគណបក្សប្រជាជនកម្ពុជា​ និងជាតំណាងរាស្ត្រខេត្តបាត់ដំបង​ ត្រូវបានលោក កុល វីរក្ស ប្រធានក្រុមការងារថ្នាកជាតិចុះជួយស្រុកសង្កែ និងជាប្រធានក្រុមការងារចុះជួយឃុំតាប៉ុន បានចុះពិនិត្យនិងជំរុញក្រុមជាងទាំងអស់ ធ្វើឱ្យបានឆាប់រួច និងត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវកា ដើម្បីឱ្យសិស្សានុសិស្សបានចូលសិក្សានាពេលខាងមុខនេះ។

ការចុះត្រួតពិនិត្យនេះបានធ្វើឡើង នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងបរិវេណអនុវិទ្យាល័យស្វាស ស្ថិតក្នុងភូមិស្វាយសឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង និងមានការចូលរួមពីលោក តាន់ មីសែល សមាជិកក្រុមការងារចុះជួយឃុំតាប៉ុន និងប្រតិភូអមដំណើរមួយចំនួនទៀត អាជ្ញាធរដែនដី ស្រុក ឃុំ ព្រមទាំងលោគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។

លោក កុល វីរក្ស បានថ្លែងថា ដោយសាររាជរដ្ឋាភិបាលកម្ពុជានាអាណត្តិទី៦ថ្មីនេះ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស តែងតែគិតគូរពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋខ្មែរជាប្រចាំ តាមរយៈការកសាងសមិទ្ធិផលលើគ្រប់វិស័យជាច្រើនជូនជាតិ និងប្រជាពលរដ្ឋកន្លងមក និងបានធ្វើការអភិវឌ្ឍជាតិបន្តទៀត ដើម្បីបម្រើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកបានបញ្ជាក់ថា ទោះជាសមិទ្ធិផលដែល កសាងដោយគណបក្សប្រជាជនមានច្រើនយ៉ាងក៏ដោយ តែភាពខ្វះខាតនៅតែមាន ហើយក្រុមការងារថ្នាក់ជាតិចុះពង្រឹងមូលដ្ឋានបាន និងកំពុងបន្តធ្វើថែមទៀត ជាក់ស្តែងថ្ងៃនេះ ដើម្បីឆ្លើយតបតាមសំណូមពរ របស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កន្លងមក សម្តេចក្រឡាហោម ស ខេង បានផ្តល់អគារសិក្សា១ខ្នង តម្លៃជិត១០ម៉ឺនដុល្លារអាមេរិក ហើយបានធ្វើពិធីក្រុងពិលីបើកការដ្ឋានសាងសង់អគារនេះកន្លងមក។

លោកគ្រូអ្នកគ្រូ សិស្សានុសិស្សទាំងអស់ មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ដែលបានទទួលសមិទ្ធិផលថ្មីនេះមួយនេះទៀត ដើម្បីផ្តល់ឱកាសឱ្យសិស្សផ្សេងទៀត ចូលរៀនសូត្របានស្រួលជាងមុន និងទូលាយជាងមុនផងដែរ។

លោក កុល វីរក្ស បានបន្តទៀតថា ក្រោយពីសាងសង់រួចនឹងប្រគល់ជូនទៅសាលាហើយ សូមនាំគ្នាជួយថែរក្សាសមិទ្ធិផលទាំងនេះ ឱ្យបានល្អនិងសិស្សបានចូលរៀនគ្រប់ជំនាន់តគ្នារហូតទៅ ដើម្បីពង្រឹងគុណភាពលើវិស័យអប់រំ ពង្រីកធនធានមនុស្ស មានកាន់តែច្រើននិងបន្តទៅរៀននៅសាកវិទ្យាល័យបន្ថែមទៀត ដើម្បីមានចំណេះដឹងទាំងនេះសម្រាប់កសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើង ឱ្យសំបូរណ៌សប្បាយដល់កូនចៅជំនាន់ក្រោយផង។

លោកបានបញ្ជាក់ថា ប្រទេសជាតិយើងជាច្រើនជំនាន់កន្លងមកហើយគ្មានថ្នាក់ដឹកនាំណា ដូចថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទេ ដែលបានលះបង់គ្រប់បែបយ៉ាង បានខិតខំការពារ កសាង និងអភិវឌ្ឍន៍ប្រទេសមានការរីកចម្រើនដូចសព្វថ្ងៃនេះឡើយ៕