(សៀមរាប)៖ ហាងតែគុជល្បីឈ្មោះ «KOI The Cambodia» ​បានពង្រីកសាខារបស់ខ្លួន ដល់ទឹកដីអង្គរ នៃទឹកដីខេត្តសៀមរាប ហើយដើម្បីអបអរសាទរ ក្នុងឱកាសបើកសម្ពោធ​សាខាថ្មីៗនេះ ហាងតែគុជ «KOI Thé Cambodia» បានផ្ដល់ជូនអថិតិជនរបស់ខ្លួន នូវរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់៣៦៦៦ រង្វាន់ និងកម្មវិធីពិសេសៗជាច្រើនទៀត។

តំណាងហាងតែគុជ «KOI Thé Cambodia» បានថ្លែងឲ្យដឹងថា ​ខយតេ សាខាខេត្តសៀមរាប ដែលមានឈ្មោះថា «KOI Thé The Heritage Walk» បានធ្វើការសម្ពោធជាផ្លូវការ កាលពីពេលថ្មីៗនេះ មានទីតាំងនៅក្នុងផ្សារទំនើប «The Heritage Walk» ដែលជាផ្សារទំនើបដ៏ធំបំផុតទី១ នៅក្នុងខេត្តសៀមរាប។

ក្នុងពិធីសម្ពោធនោះ​ KOI Thé The Heritage Walk មានការចែករង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅ ៣៦៦៦ រង្វាន់ ធ្វើឲ្យកក្រើករំជើបរំជួលពេញទីរួមខេត្តសៀមរាប ដែលមានអ្នកចូលរួមទៅដល់ ៥០០០​នាក់។

ការពង្រីកហាងតែគុជ ខយតេ មកដល់ខេត្តសៀមរាប ព្រោះតែយើងបានសំឡឹងឃើញថា ខេត្តនេះ មានសក្ដានុពលខ្លាំង ទៅលើកំណើនអ្នកទេសចរទាំងជាតិ និងអន្តរជាតិ ហើយទៅថ្ងៃខាងមុខ នឹងមានអ្នកទេសចរកើតឡើងបន្ថែមទៀត ដូចនេះយើងបានមើលឃើញ ​ពីភាពទាក់ទាញ និងការរីកលូតលាស់ឥតឈប់ឈរនេះហើយ បានជាសម្រេចពង្រីកសាខា ដល់ខេត្តសៀមរាប។ ជាមួយគ្នានេះ ខយតេ ក៏មានបើកសាខា តាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន មួយចំនួនទៀតរួមមាន ថៃ វៀតណាម ឥណ្ឌូនេស៊ី សឹង្ហបុរី ភូមា និងមាននៅហុងកុង ផងដែរ។

តំណាងហាងតែគុជដដែលបន្តថា ខយតេ (KOI Thé Cambodia) ជាហាងលក់តែគុជដែលល្បីល្យាញបំផុត នៅក្នុងប្រទេសកម្ពុជា​ ជាមួយនឹងរសជាតិដ៏ឈ្ងុយឆ្ងាញ់ តំលៃសមរម្យ គុណភាពខ្ពស់ និងសេវាកម្មឆាប់រហ័ស ​ធ្វើឲ្យមានការទទួលស្គាល់ និងចូលចិត្តញ៉ាំ គ្រប់វ័យទាំងអស់ ទាំងក្មេង ចាស់ ប្រុស ស្រី។ ខយតេ បើកដំណើរការបានរយៈពេល​ ៥​ឆ្នាំមកហើយ ដែលមានសាខាសរុប ទាំងអស់​ចំនួន១៣សាខា។ ក្នុងនោះ ១២សាខា គឺនៅទីក្រុងភ្នំពេញ និង ១សាខាទៀត នៅក្នុងទីរួមខេត្តសៀមរាប។

សូមបញ្ជាក់ថា ដោយសារតែមានការគាំទ្រ ពីសំណាក់អតិថិជនដ៏ច្រើនលើសលប់ ខយតេ នឹងបន្តបើកសាខាជាច្រើនទៀត នៅក្នុងពេលឆាប់ៗខាងមុខនេះ៕