(ភ្នំពេញ)៖ កុមារពីរនាក់ មានស្រុកកំណើតនៅស្រុកពារាំង ខេត្តព្រៃវែង ដែលកំព្រាឪពុកដោយសារក្រុមចោរឆក់ ធាក់ម៉ូតូផ្តួលស្លាប់កាលពីពេលថ្មីៗនេះ ទទួលបានអាហារូបករណ៍ពេញលេញ សម្រាប់ការសិក្សាចំណេះដឹង ទូទៅអន្តរជាតិបីភាសា ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សាទុតិយភូមិ នៅសាលាខេមប្រ៊ិជអន្តរជាតិកម្ពុជា (Cambridge International School of Cambodia)។

កុមារទាំងពីរឈ្មោះ អាង សំណាង ភេទប្រុស អាយុ៩ឆ្នាំ បានប្រលងជាប់ចូលរៀនថ្នាក់ទី១ អន្តរជាតិ និងឈ្មោះ អាង ស៊ីណា ភេទប្រុស អាយុ៤ឆ្នាំ បានចូលរៀនថ្នាក់មត្តេយ្យអន្តរជាតិ។

លោកស្រី សឿន ស៊ីម ជាម្តាយ និងជាស្រ្តីមេម៉ាយក្នុងគ្រួសារប្រកបរបរលក់ផ្កា នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ លោក ចយ អាង ដែលជាឳពុករបស់កុមារទាំងពីរ ទើបតែទទួលមរណភាព កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងអាយុ៣៣ឆ្នាំ ដោយសារអំពើចោរឆក់ឈានដល់ឃាតកម្ម។

ហេតុការណ៍អកុសលចំពោះគ្រួសារកុមារនេះ កើតឡើងនៅមុខសាខាមត្តេយ្យសិក្សា នៃសាលាខេមប្រ៊ិជ ដោយចោរចាប់ផ្តើមឆក់កាបូបជនរងគ្រោះ ពីចំណុចភ្លើងស្តុប ផ្លូវ២៩៤។ ជនរងគ្រោះទាំងពីរអ្នកប្តីប្រពន្ធ បានជិះម៉ូតូដេញចោរឆក់ តែត្រូវបក្ខពួកចោរ (អ្នកបិទគូទ) ជិះម៉ូតូតាមក្រោយធាក់ម៉ូតូជនរងគ្រោះឲ្យដួល បណ្តាលអោយជនរងគ្រោះជាប្តីបោក​ក្បាលស្លាប់ រីឯជនរងគ្រោះជាប្រពន្ធរបួសស្រាលត្រង់ភ្នែក។

លោក ម៉ៃឃើល បួ (Michael Bou) អគ្គនាយកសាលាខេមប្រ៊ិជ បានថ្លែងថា ការជ្រើសរើសយកកុមារទាំងពីរ ទទួលអាហារូបករណ៍នេះ ដោយសារហេតុផលពីរចម្បង៖ ទី១ កុមារស្ថិតក្នុងគ្រួសារមេម៉ាយក្រីក្រ, ទី២៖ ឧបទ្ទវហេតុចៃដន្យ កើតឡើងនៅមុខសាលាខេមប្រ៊ីជ ចំពោះជនរងគ្រោះ។ សាលាតែងតែចូលរួមទទួលខុសត្រូវសង្គម តាមលទ្ធភាព ក្នុងន័យវប្បធម៌ចែករំលែក តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ។

លោកស្រី សឿន ស៊ីម ដែលជាម្តាយរបស់កុមារទាំងពីរ បាននិយាយថា ការជួយនេះ ជាជំនួយដ៏ធំបំផុតសម្រាប់ជីវិតយើងខ្ញុំ។ សូម្បីតែបុណ្យសពប្តីខ្ញុំ ក៏ខ្ញុំគ្មានលទ្ធភាពធ្វើដែរ ប៉ុន្តែមានសប្បុរសជនជាច្រើនបានជួយជ្រោមជ្រែង។ អាហារូបករណ៍ដែលសាលាខេមប្រ៊ិជ ផ្តល់អោយ រួមមាន ថ្លៃសិក្សា សម្ភារៈសិក្សា និងសំលៀកបំពាក់ រហូតដល់កុមាររៀនចប់វិទ្យាល័យកម្រិតអន្តរជាតិ៕