(ភ្នំពេញ)៖ ជនសង្ស័យជាចោរ និងជាអ្នកប្រើប្រាស់គ្រឿងញៀនម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង របស់ជនរងគ្រោះជាមន្ត្រីរាជការ​បានសម្រេច​ នៅត្រង់ចំណុចផ្ទះគ្មានលេខមួយកន្លែង ក្នុងក្រុមទី៤ ភូមិខ​១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ប៉ុន្ដែក្រោយពីកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍សង្កាត់ច្រាំងចំរេះទី២ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដែលស្ថិតក្រោមការ​បញ្ជា​ផ្ទាល់ពីលោកវរសេនីយ៍ឯក គល់ យី អធិការខណ្ឌ បានបើកការស្រាវជ្រាវភ្លាមៗ ដើម្បីកំណត់ពីអត្តសញ្ញាណរបស់ជនសង្ស័យ ទើបឈានដល់ការឃាត់ខ្លួនបាន និងដកហូតបានម៉ូតូ១គ្រឿង ម៉ាកGTRZXM-25 ពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខ ភ្នំពេញ​1GU-8751 នៅវេលាម៉ោង០២៖៣០នាទីរសៀល។

មន្ត្រីនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ជនសង្ស័យដែលបង្ក្រាបបាន ក្នុងបទល្មើសលួច (មានស្ថានទម្ងន់ទោស) ឈ្មោះ ញ៉ែប សុវណ្ណារិទ្ធ ​អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ក្រុម២ ភូមិ​ខ.១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ និងមានសារធាតុញៀន។ រីឯជនរងគ្រោះម្ចាស់មូតូឈ្មោះ ហ៊ុល ភក្ដី ​អាយុ៣៨ឆ្នាំ​ មុខរបរមន្រ្តីរាជការ ស្នាក់នៅផ្ទះលេខ១១២ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងក្រុម៤ ភូមិខ​១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលដដែល បានបញ្ជាក់ពីដំណើររឿង មុនឈានដល់ការដេញតាមស៊ើបអង្កេតបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាចោរលួចម៉ូតូ និងជាអ្នកប្រើប្រាស់គ្រឿងញៀន យ៉ាងដូច្នេះថា​ ​នៅវេលាម៉ោងប្រមាណ​០៩៖៤០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ថាជនរងគ្រោះជាមន្ត្រីរាជការ បានជិះម៉ូតូរបស់ខ្លួនខាងលើ​ទៅដឹកទីកក លុះត្រទ្បប់មកដល់មុខផ្ទះវិញ ​ក៏លើកទីកកកចូលទៅក្នុងផ្ទះ ដោយទុកសោរនៅជាប់ម៉ូតូស្រាប់ ត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ស្រាប់តែលេចមុខជនសង្ស័យបានធ្វើសកម្មភាពលួចយកជិះគេចខ្លួនបាត់ភ្លាមៗតែម្ដង។

បន្ទាប់ពីជនសង្ស័យលួចបានម៉ូតូហើយ ជិះរត់គេចខ្លួនបាត់ស្រមោល ទើបកម្លាំងសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ក៏បានបើកការស្រាវជ្រាវរហូតបង្ក្រាបឃាត់ខ្លួនបានត្រឹមតែប៉ុន្មានម៉ោងក្រោយប៉ុណ្ណោះ។

ទោះបីយ៉ាងណា ចំពោះជនសង្ស័យជាចោរលួចម៉ូតូ និងជាអ្នកប្រើប្រាស់គ្រឿងញៀន បាននិងកំពុងស្ថិតក្រោមការបន្តឃុំខ្លួនសាកសួបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង ​បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕​