(មណ្ឌលគិរី)៖ ម្ចាស់ជំនួយរបស់ជប៉ុន កូរ៉េខាងត្បូង ក្រុមហ៊ុនមកពីវៀតណាម និងកោះតៃវ៉ាន់ ពេញចិត្តក្នុងការទិញផលិតកាហ្វេសេរីរាង្គ នៅខេត្តមណ្ឌលគិរី ពីប្រជាកសិករជនជាតិដើមភាគតិចនៅឃុំប៊ូស្រា ទៅប្រទេសរបស់ខ្លួន ខណៈទិន្នផលកាហ្វេដែលប្រមូលបានមិនទាន់គ្រប់គ្រាន់តាមការកុម្ម៉ង់នៅឡើយ។ នេះបើតាមលោក យស ចាន់ថា នាយកក្រុមហ៊ុនកាហ្វេទីម័រ ប្រចាំនៅកម្ពុជា។

តំណាងក្រុមហ៊ុនកាហ្វេទីម័ររូបនេះហើយ ដែលបានខិតខំជួយជ្រោមជ្រែង ដល់ប្រជាកសិករដាំកាហ្វេនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ដលគិរី តាំងពីដើមរហូតដល់ពេលបច្ចុប្បន្ន ដោយលោកបានចុះជួយពួកគាត់តាំងពីក្រុមកសិករដំបូង មានតែ៥គ្រួសារប៉ុណ្ណោះ ហើយបច្ចុប្បន្នកសិករដែលបានទទួលបាន ការជួយជ្រោមជ្រែងពីក្រុមការងារលោក មានមិនតិចជាង៤០គ្រួសារឡើយ ដែលការជួយជ្រោមជ្រែងនេះ ផ្ដោតសំខាន់លើការដាំកាហ្វេ ការប្រមូលផល និងការលីញគ្រាប់កាហ្វេ។

លោកបានបន្តថា ក្រៅពីការជួយជ្រោមជ្រែងរបស់ក្រុមហ៊ុនកាហ្វេទីម៉រ របស់លោក កសិករដាំកាហ្វេនៅឃុំប៊ូស្រា ក៏ទទួលបានជួយបណ្ដុះបណ្ដាល និងមធ្យោបាយនានាជាច្រើន ពីសំណាក់អង្គការ CEDAC ពិសេស CEDAC បានជួយរកទីផ្សារលក់ និងទិញកាហ្វេពីពួកគាត់ផងដែរ។

លោក យស ចាន់ថា បានបន្តថា នៅក្នុងឆ្នាំ២០១៨នេះ ប្រជាកសិករទាំង៤០គ្រួសារនៅឃុំប៊ូស្រានោះ ប្រមូលផលកាហ្វេបានចាប់ពី ២២-២៥តោន ក្នុងនោះបាននាំចេញទៅប្រទេសកូរ៉េខាងត្បូងចំនួន ៥តោន ទៅជប៉ុនបានចំនួន ៥តោន និងតៃវ៉ាន់បានចំនួន ២តោន។ ក្រៅពីនេះ ក៏មានក្រុមហ៊ុនវៀតណាមជួយទិញកាហ្វេពីជនជាតិដើមភាគតិចទៀតផង ហើយវៀតណាមក៏នៅតែរក្សាឈ្មោះខ្មែរ «Peas Coffee» ដដែល។

លោកបញ្ជាក់ថា ខាងអ្នកទទួលទិញរបស់ប្រទេសខាងលើ មានការកុម្ម៉ង់ទិញច្រើនដែរ ប៉ុន្តែទិន្នផលកាហ្វេដែលប្រមូលបានមិនគ្រប់គ្រាន់តាមការកុម្ម៉ង់ ដោយសារកាហ្វេភាគច្រើនរបស់កសិកនៅឃុំប៊ូស្រា ត្រូវបានយកទៅផ្គត់ផ្គង់ក្នុងប្រទេសច្រើនជាង ដែលមានចំនួនលើសពី១២តោន។

ទោះបីប្រជាកសិករមិនទាន់អាចវិចខ្ចប់ កាហ្វេបានដោយខ្លួនឯងក៏ពិតមែន ប៉ុន្តែលោកបានជួយទាក់ទងជាមួយកន្លែងលក់ ឬហាងមួយចំនួនដែលទទួលទិញកាហ្វេពីកសិករ ឱ្យជួយវិចខ្ចប់តាមក្រោយ ពីព្រោះកសិករបានត្រឹមតែលិញកាហ្វេខ្លួនប៉ុណ្ណោះ។

កន្លងមក កាហ្វេរបស់ជនជាតិដើមភាគតិចនៅឃុំប៊ូស្រា ក៏មានការទទួលទិញពីសំណាក់ហាងកាហ្វេ S Cafe នៅខណ្ឌទួលគោក រាជធានីភ្នំពេញផងដែរ។ រហូតដល់ឆ្នាំ២០១៨ ទើបលោកបានលទ្ធភាពបន្តជួយជ្រោមជ្រែងទាំងផ្នែកថវិកា សម្ភារ និងមធ្យោបាយផ្សេងៗ ដល់ប្រជាកសិករជនជាតិដើមភាគតិច នៅឃុំប៊ូស្រានេះបាន៤០គ្រួសារពេញលេញ។

អ្វីដែលរឹតតែពិសេសនោះ ក្រុមហ៊ុនកាហ្វេទីម៉ររបស់លោក ក៏មានថវិកាសម្រាប់ឱ្យប្រជាកសិករខ្ចីយកទៅធ្វើទុន សម្រាប់ដាំដំណាំកាហ្វេផងដែរ ដោយមិនយកការប្រាក់ឡើយ ដែលក្នុងនោះមានចំនួន ១២០លានរៀល។

ជាមួយអំពាវនាវទៅដល់ ប្រជាពលរដ្ឋអ្នកជួញដូរកាហ្វេ សូមមេត្តាកុំយកឈ្មោះកាហ្វេ របស់កសិករក្នុងឃុំប៊ូស្រា ទៅដាក់នៅលើផលិតកាហ្វេរបស់ខ្លួន ពីព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់ឈ្មោះកាហ្វេ របស់ជនជាតិដើមនៅឃុំប៊ូស្រា ហើយវាមិនមែនជារឿងគប្បីឡើយសម្រាប់ការជួញដូរនានា ពិសេសលោកក៏បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច សូមជួយទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ប្រសិនបើមានករណីនេះកើតឡើង ដើម្បីចូលរួមលើកស្ទួយជីវភាពរបស់ប្រជាកសិករជនជាតិដើមភាគតិច ព្រមទាំងដើម្បីចូលរួមលើកកម្ពស់ និងការពារគុណភាពផលិតផលជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរីផងដែរ៕