(ភ្នំពេញ)៖ ត្រឹមតែរយៈពេល៣ម៉ោងប៉ុណ្ណោះ មានករណីបង្កគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តបុករះ២ករណី និងបុកបង្គោលភ្លើង១ករណី ស្ថិតនៅភូមិសាស្ត្រខណ្ឌដូនពេញ នៅយប់មិញនេះ។

ករណីទី១៖ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ នៅម៉ោងជាង១១យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានកណីររថយន្ត Lexus RX 300 បានបើកបុករះម៉ូតូកង់បីមួយគ្រឿង និងរថយន្តស៊េទំនើបមួយគ្រឿង បណ្តាលឲ្យរងការខូខាត ហើយរថយន្តបង្កបានជ្រុលទៅបុក ចូលផ្ទះអ្នកលក់ថ្មម៉ាប តែមិនបណ្តាលឲ្យមានមនុស្សណារងរបួសនោះទេ។

កណរីទី២៖ នៅម៉ោងជាង១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ គឺជនបរទេសម្នាក់ បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក អូឌី ស្លាកលេខភ្នំពេញ 2AB-3011 បុកបង្គោលភ្លើងនៅមុខសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ក្នុងសង្កាត់វត្តភ្នំពេញ ខណ្ឌដូនពេញ បណ្តាលឲ្យបាក់បង្គោលភ្លើង និងរថយន្តរងការខូចខាតផ្នែកខាងមុខ តែមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ។

កណរីទី៣៖ នៅម៉ោងជាង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មានបុរសម្នាក់បើករថយន្ត Lexus 470 បានបុកក្បាលថ្មីពុះចែកទ្រូងផ្លូវ រួចជ្រុលទៅបុកចូលផ្ទះរបស់ប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុទី១ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី សួនច្បារក្តាន់២ តែសំណាងល្អពុំបណ្តោលឲ្យមានមនុស្សរងរបួសឡើយ គ្រាន់តែរថយន្តបង្ក ខូចខាតខាងមុខស្ទើរតែទាំងស្រុង។

អ្នកបើកបរដែលបើកបុករះចូលផ្ទះគេទាំង២លើក និងបើកបុកបង្គោលភ្លើងខាងលើ ត្រូវបាននគរបាលឃាត់ខ្លួន នាំយកទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និង សងសំណងទៅកាន់ម្ចាស់ផ្ទះ៕