(ភ្នំពេញ​)​៖ បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីនគរបាល​ បានបាញ់ទម្លុះរថយន្ត Toyota Highlander របស់ខ្លួន​ចំនួន១១គ្រាប់ បណ្ដាលឲ្យបែកកញ្ចក់រថយន្តផ្នែកខាងមុខ ព្រោះខឹងម្ដាយទៅរករឿង ពេលដែលខ្លួនកំពុងតែច្រៀងលេងសប្បាយ នៅក្នុងហាងខារ៉ាអូខេមួយកន្លែង ឈ្មោះ «ពិភពរាត្រី» ​ស្ថិត​នៅតាមបណ្ដោយផ្លូវ១៧៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ​ នាវេលាម៉ោងជាង១១យប់ថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០១៨។

មន្ត្រីអាវុធហត្ថមួយរូបសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា មន្ត្រីនគរបាលដែលបានបាញ់បោះសេរីខាងលើមានឈ្មោះ ថា រ៉ា ។ ​នៅមុនពេលកើតហេតុ​មន្ត្រីនគរបាលរូបនោះ បានបើករថយន្តម៉ាក Toyota Highlander ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ​2U-3913 ចូលមកច្រៀងខារ៉ាអូខេ។ មួយសន្ទុះក្រោយមកស្រាប់តែលេចមុខម្ដាយរបស់គេ បានមករករឿង​ដល់កន្លែង​ ធ្វើឲ្យមន្ត្រីនគ​របាលរូបនោះ មានការ​ខឹងសម្បារ​នឹងម្ដាយ ក៏ស្ទុះដើរចេញមកក្រៅដកកាំភ្លើង បាញ់រថយន្តរបស់ខ្លួនចំនួន១១គ្រាប់ បណ្ដាលឲ្យធ្លុះកញ្ចក់រថយន្តខាងមុខ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ ដល់បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់ នៅក្បែរ​កន្លែង​កើតហេតុ។

បន្ទាប់ពីធ្វើសកម្មភាពបាញ់រួចហើយ​ ទាំងម្ដាយទាំងកូន​ បានគេចខ្លួនបាត់ពីកន្លែងកើតហេតុ​ ដោយ​បន្សល់ទុកនៅ​រថយន្ត ដែលរងដោយគ្រាប់កាំភ្លើង ហើយរថយន្តនោះត្រូវបានក្រុមសន្តិសុខ រុញចេញទៅលាក់ទុក នៅចម្ងាយពីកន្លែងកើតហេតុជាង១០០ម៉ែត្រ។

ទោះជាយ៉ាងណាមន្ត្រីអាវុធហត្ថដដែលបានបញ្ជាក់ឲ្យដឹងថា លោក​នឹងធ្វើការស្រាវជ្រាវ រកមន្រ្តីនគរបាលដែលបានបាញ់នោះ យកមកបំភ្លឺ​ពាក់ព័ន្ធនឹង​ការ​ផ្ទុះអាវុធខាងលើ ខណៈសំបកគ្រាប់ដែលមន្ត្រីបាញ់បោះនោះ មិនបានបន្សល់ទុកនៅកន្លែងកើតហេតុទេ៕