(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០១៩ ជប៉ុនបានបន្តផ្តល់ជំនួយដោះមីន ចំនួន​ជិត៤លានដុល្លារដល់ស៊ីម៉ាក់។

លោកថា សម្រាប់ថវិកាជិត៤លានដុល្លារ ក្នុងនោះមានថវិកាចំនួន​៣,៥៣៦,៦៨០​ដុល្លា​រ​អាមេរិក សំរាប់គាំទ្រកិច្ចប្រតិបតិ្តកាបោសសំអាតមីន ​និងថវិកាចំនួនជាង៣០ម៉ឺនដុល្លារ សំរាប់ការអភិវឌ្ឍន៍​ របស់អង្គភាពស៊ីម៉ាក់​ នៅទិសខេត្តបាត់ដំបង​ ក្រោយគំរោងសមាហរកម្មការបោសសំអាតមីន និងសង្គ្រោះជនពិការដោយសារមីន​ ដែលគំរោងនេះមានរយៈពេល១២ខែ​ (១ មករា​-៣១​ ធ្នូ​ ២០១៩) ហើយនេះជាឆ្នាំទី៣ នៃគំរោងផងដែរ។

លោក ហេង រតនា បញ្ជាក់ថា ជាមួយគំរោងជំនួយរបស់ជប៉ុននេះ មានមន្ត្រីជំនាញចំនួនជាង៤៥០នាក់ បំរើកិច្ចប្រតិបត្តិការ និងមានគ្រឿងចក្រកំទេចមីនចំនួន១១គ្រឿង ដោយមានសមត្ថភាពរំដោះផ្ទៃដីចំការមីនជាង២,៧៥០ហិចតា។ ទន្ទឹងនេះក៏មានជួយជីកស្រះទឹក​ ធ្វើផ្លូវ​លំជនបទផងដែរ​ ដើម្បីជួយការងារអភិវឌ្ឍន៍ជូនសហគមន៍។

លោកអគ្គនាយកបញ្ជាក់ថា គំរោងបោសសំអាតមីននេះ ត្រូវអនុវត្តដោយអង្គភាព​ស៊ីម៉ាក់ ដោយមានភ្នាក់ងារជប៉ុន JICS (Japan International Consultant System) ត្រួតពិនិត្យគុណភាព។

សូមជម្រាបថា ជប៉ុនជាប្រទេសនាំមុខគេមួយ ដែលផ្តល់ជំនួយសម្រាប់សកម្មភាពបោសសំអាតមីននៅកម្ពុជា។ គិតចាប់ពីបើកប្រតិបត្តិការជាង២០ឆ្នាំកន្លងមកនេះ ស៊ីម៉ាក់បានធ្វើការកម្ទេចគ្រាប់មីន និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ រហូតដល់២,៧លានគ្រាប់ ពោលប្រមាណ៧០ភាគរយ នៃគ្រាប់មីនដែលបន្សល់ទុក​ និង៥៣ភាគរយ នៃចំនួនផ្ទៃដីសរុបដែលមានគ្រាប់មីន៕