(ភ្នំពេញ)៖ ដើម្បីជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការមិត្តភាពរវាងរាជធានីភ្នំពេញ ប្រទេសកម្ពុជា និងទីក្រុងណានីង ខេត្តក្វាងស៉ី ប្រទេសចិន ក៏ដូចជាលើកកម្ពស់ដំណើរទស្សនកិច្ចទៅវិញទៅមក រវាងភ្នំពេញនិងណាននីង នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ គណៈប្រតិភូទេសចរណ៍ និងប្រតិភូកិច្ចសហប្រតិបត្តិការនៃទីក្រុងណាននីង បានរៀបចំកិច្ចប្រជុំលើកកម្ពស់វិស័យទេសចរណ៍ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

លោក សូ ម៉ារ៉ា អនុរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងលោកស្រី ឆាយ ស៉ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) និងតំណាងភ្នាក់ងារទេសចរណ៍ជាង២០ មកពីរាជធានីភ្នំពេញ បានចូលរួមកិច្ចប្រជុំនេះ។

លោក Cai Zhizhong អគ្គលេខាធិការរងនៃរដ្ឋាភិបាលទីក្រុងណាននីង និងលោក Huang Yongzhong ប្រធានផ្នែកទេសចរណ៍ ទីក្រុងណាននីង បានដឹកនាំសហគ្រាសចំនួន១៩ និងតំណាងមកពីឧស្សាហកម្មទេសចរណ៍ខេត្តក្វាងស៉ី ដើម្បីណែនាំយ៉ាងច្បាស់ថា ទីក្រុងណាននីងជា «ទីក្រុងបៃតង» សម្រាប់ភ្ញៀវទាំងអស់។

តំណាងឲ្យប្រជាជន៧លាននាក់នៅណាននីង លោក Cai Zhizhong បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅ ដល់ប្រជាជនកម្ពុជា។ លោកសង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម​ និងការផ្លាស់ប្តូរវិស័យទេសចរណ៍នៃប្រទេស និងប្រជាជននៃប្រទេសទាំងពីរ អាចរីករាយនឹងធនធានទេសចរណ៍ដ៏សម្បូរបែប និងស្រស់ស្អាតរបស់គ្នាទៅវិញទៅមក។

យោងតាមរបាយការណ៍កិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងទីក្រុងណាននីង និងរាជធានីភ្នំពេញ មានមូលដ្ឋានគ្រឹះល្អ។ ចាប់តាំងពីឆ្នាំ២០០៧មក ប្រទេសចិនបានផ្សព្វផ្សាយពីការបើកជើងហោះហើរត្រង់ ពីណាននីងទៅកាន់ភ្នំពេញ។ ជើងហោះហើរបានស្ថិតក្នុង ស្ថានភាពប្រតិបត្តិការស្ថិរភាព។

ចរាចររវាងទីក្រុងទាំងពីរ គឺមានភាពងាយស្រួល ហើយវិស័យទេសចរណ៍វប្បធម៌ និងសេដ្ឋកិច្ច ក៏ដូចជាការដោះដូរពាណិជ្ជកម្ម កាន់តែមានភាពជិតស្និទ្ធខ្លាំងឡើង។ ពីភ្នំពេញទៅណាននីង ចំនួនភ្ញៀវទេសចរបានកើនឡើងជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយរាជធានីភ្នំពេញ បានក្លាយជាប្រភពដ៏សំខាន់មួយនៃភ្ញៀវទេសចរ ដែលបានមកទស្សនានៅណាននីង។

ដើម្បីបង្កើនការយល់ដឹងអំពីស្ថានភាពបច្ចុប្បន្ន នៃវិស័យទេសចរណ៍របស់ទីក្រុងណាននីង នៅក្នុងឧស្សាហកម្មទេសចរណ៍ និងព័ត៌មានក្នុងទីក្រុងភ្នំពេញ ទីក្រុងណាននីង បានរួមបញ្ចូលផលិតផលទេសចរណ៍ណាននីង ដោយប្រុងប្រយ័ត្ន យោងទៅតាមតម្រូវការទេសចរណ៍ របស់ភ្ញៀវទេសចររាជធានីភ្នំពេញ និងបានបើកដំណើរការផ្លូវទេសចរណ៍ ដែលមានគុណភាពខ្ពស់ ជាពិសេសសម្រាប់ភ្ញៀវទេសចរ។ សន្និសីទនេះមានគោលបំណងជំរុញថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងទេសចរណ៍​ទីក្រុងណាននីង និងរាជធានីភ្នំពេញ។

ព័ត៌មានលម្អិតអំពីទីក្រុងណាននីង ក៏ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំ បទបង្ហាញនេះផងដែរ។ បច្ចុប្បន្នក្រុងណាននីង បានបើកជើងហោះហើរអន្តរជាតិចំនួន២៥ ទៅកាន់បណ្តាប្រទេសអាស៊ានចំនួន១០ រួមមានផ្លូវអាកាស៣ ពីណាននីងទៅកាន់កម្ពុជា រួមទាំងណានីងទៅកាន់ភ្នំពេញសៀមរាប និងព្រះសីហនុ។

ទីក្រុងណាននីងមានទីតាំងស្ថិតនៅតំបន់ត្រូពិច ដែលមានអាកាសធាតុសើម និងមានភ្លៀងធ្លាក់ច្រើន។ សីតុណ្ហភាពជាមធ្យមប្រចាំឆ្នាំគឺ ២១,៧អង្សាសេ។ វាត្រូវបានគេស្គាល់ថាជា «ទីក្រុងបៃតងនៃប្រទេសចិន» ដោយសារតែស្រមោលដើមឈើ ឪឡឹកក្រអូប និងផ្លែឈើពេញមួយឆ្នាំ។

វាមានធនធានទេសចរណ៍​​ ច្រើនក្រៃលែង។ ទីក្រុងនេះមានចំណុចទេសភាព 3A ដូចជា Qingxiushan (កន្លែងទេសភាព 5A នៅក្នុងប្រទេសចិន ដែលជាកន្លែងទេសចរណ៍ទេសភាពខ្ពស់បំផុត នៅក្នុងប្រទេសចិន) កន្លែងរមណីយដ្ឋាន Damingshan (កំរិត 4A) ​។ល។

ទេសភាពស្រស់ស្អាតចំនួន៤៧កន្លែង បានបង្កើតនូវទេសចរណ៍ដ៏ល្អឥតខ្ចោះ ដូចជាទេសចរណ៍ធម្មជាតិ ទេសចរណ៍សុខភាព ទេសចរណ៍ជនជាតិដើមភាគតិច និងបានទទួលកិត្ដិយសនៃទីក្រុងទេសភាពស្រស់ស្អាត នៅឆ្នាំ២០១៧។ ពិព័រណ៌សួនច្បារចិនលើកទី១២ នឹងត្រូវប្រារព្ធឡើងនៅទីក្រុងណាននីង ប្រទេសចិនឆ្នា​នេះ។ សមាជិកនៃគណៈប្រតិភូ បានសម្តែងនូវភាពរីករាយ ដើម្បីស្វាគមន៍ភ្ញៀវទេសចរកម្ពុជាគ្រប់រូប មកកាន់ទីក្រុងណាននីង។

នៅក្នុងសន្និសីទលើកកម្ពស់ទេសចរណ៍ នៅណាននីងនាថ្ងៃនេះ នាយកដ្ឋានទេសចរណ៍ទីក្រុងណាននីង ក៏បានចុះហត្ថលេខាលើលិខិតស្នើសុំ កិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តទេសចរណ៍ ជាមួយ CATA ដោយសង្ឃឹមថា នឹងនាំមកនូវឱកាសបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការតាមរយៈកិច្ចប្រជុំនេះ៕