(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ មានសទ្ធាជ្រះថ្លា បានមូលមតិគ្នាជាឯកច្ឆ័ន្ធ ផ្តួចផ្តើមប្រារព្ធអង្គកឋិនទានសាមគ្គី តាមពុទ្ធានុញ្ញាត ដើម្បីប្រមូលបច្ច័យសម្រាប់កសាងសមិទ្ធផលផ្នែកពុទ្ធចក្រ និងជួយទ្រទ្រង់វិស័យព្រះពុទ្ធសាសនា។

ពិធីសែនក្រុងពិលី បានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។ នៅក្នុងឱកាសជួបជុំគ្នាដ៏ប្រពៃនេះ ក៏មានរៀបចំពិធីនមស្សការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា
ដើម្បីផ្តល់នូវពរសព្វសាធុការជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្មទាំងអស់។

លុះនៅវេលាព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ អង្គកឋិនទានសាមគ្គីនេះ នឹងត្រូវដង្ហែរទៅវេរប្រគេនព្រះសង្ឃ ដែលបានគង់ចាំព្រះវស្សាអស់ត្រីមាស នៅក្នុងវត្ត អង្គអណ្តូងព្រេង ស្ថិតក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ នៅក្នុងឱកាសដ៏នក្ខត្តឫក្សនោះ ក៏មានពិធីប្រគេនយាគូព្រះសង្ឃ ពិធីវេរភត្តាហារប្រគេនដល់ព្រះសង្ឃ និងពិធីដង្ហែរអង្គកឋិនទានសាមគ្គី ព័ទ្ធជុំវិញព្រះវិហារចំនួនបីជុំ ព្រមទាំងពិធីនមស្សការ ថ្វាយបង្គំព្រះ និងវេរអង្គកឋិនប្រគេនដល់ព្រះសង្ឃ ជាកិច្ចឆ្លងបង្ហើយនៃកម្មវិធីបុណ្យ។

សូមបញ្ជាក់ថា កឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើឡើង បន្ទាប់ពីចេញវស្សា។ បុណ្យកឋិនទាន តែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។ បើទីអារាមណា មិនមានអង្គកឋិន ហែចូលទេ ទីអារាមនោះ ក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។ ចំណែកអ្នកផ្ដើមបុណ្យ ត្រូវរៀបចំបរិក្ខាកឋិនមានត្រៃចីវរ សង្ឃាដិ ស្បង់ និងទេយ្យទានផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម និងឆ័ត្រ ដើម្បីហែរទៅទីអារាមដែលបានកំនត់។

ចំពោះអត្ថន័យ និងប្រវត្តិនៃបុណ្យកឋិនទាន សូមចូលទៅកាន់ http://bit.ly/2eAksmL