(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសម្រេចដក លោកស្រីវរសេនីយ៍ទោ គ្រី ណារី ចេញពីស្នាក់ការលិខិតឆ្លងដែនប្រចាំផ្សារ Aeon Mall ខណ្ឌសែនសុខ មកនាយកដ្ឋានលិខិតឆ្លងដែនវិញ ដើម្បីត្រូតពិនិត្យ និងពិចារណាពីគោលការណ៍វិន័យរបស់អង្គភាព បន្ទាប់ពីមានករណីលោកស្រី បដិសេធមិនទទួលយករូបិយបណ្ណប្រាក់រៀល ក្នុងការស្នើសុំបំពេញបែបបទផ្តល់លិខិតឆ្លងដែនជូនប្រជាពលរដ្ឋ។

មន្រ្តីអ្នកនាំពាក្យរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅរសៀលនេះថា «ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានប្រជុំពិភាក្សា និងសម្រេចដកលោកស្រីវរសេនីយ៍ទោ គ្រី ណារី ចេញពីស្នាក់ការលិខិតឆ្លងដែនប្រចាំផ្សារ Aeon Mall ខណ្ឌសែនសុខ មកនាយកដ្ឋានលិខិតឆ្លងដែនវិញ ដើម្បីត្រូតពិនិត្យ និងពិចារណាពីគោលការណ៍វិន័យរបស់អង្គភាព ករណីលោកស្រីបដិសេធមិនទទួលយករូបិយប័ណ្ណប្រាក់រៀល ក្នុងការស្នើសុំបំពេញបែបបទផ្តល់លិខិតឆ្លងដែន»

សូមបញ្ជាក់ថា ការសម្រេចដកមន្រ្តីរូបនេះ បានធ្វើវឡើងបន្ទាប់ពីមហាជនបានរិះ​គន់​មន្ត្រី​ធ្វើ​លិខិត​ឆ្លង​ដែនខាងលើថា​មិន​ទទួល​យក​លុយ​ខ្មែរ។ ការ​មិន​ទទួល​លុយ​ខ្មែរ​នេះ គឺ​បន្ទាប់​ពីប្រជាពលរដ្ឋ ដែលទៅធ្វើលិខិតឆ្លងដែន បាន​ប្រគល់​លុយ ៤០០,០០០​រៀល តែ​មន្ត្រី​ធ្វើ​លិខិត​ឆ្លង​ដែន​ទារលុយ ៤២០ ០០០​រៀល បណ្តាលឱ្យាមានការទាស់សម្តីគ្នា។

ក្រោយមក អ្នក​ធ្វើ​លិខិតឆ្លងក៏​សួរ​ថា ហេតុអ្វី​តម្លៃ​ហាងឆេង​ថ្លៃ​ខ្លាំង? មន្ត្រី​លិខិត​ឆ្លង​ដែន ក៏​ចាប់​ផ្ដើម​ខឹងលែងទទួលយកលុយខ្មែរ ដោយឱ្យពលរដ្ឋម្នាក់នោះ ទៅរកលុយដុល្លារមកប្រគល់ជូនតែម្តង៕